ផលប៉ះពាល់​នៃ​ការ​រៀបការ​នៅ​វ័យក្មេង​

0
63

ផលប៉ះពាល់​នៃ​ការ​រៀបការ​នៅ​វ័យក្មេង​
យោងតាម​ការសិក្សា​របស់​អង្គការ​សហប្រជាជាតិ​បង្ហា្ថញថា ១៩​ភាគរយ នៃ​ក្មេង​ស្រី​បាន​រៀបការ​មុន​ពេល​អាយុ​១៨​ឆ្នាំ​។​ការស្រាវជ្រាវ​បាន​បង្ហាញថា ក្មេងស្រី​ដែល​រៀបការ​នៅ​វ័យក្មេង​ពេក ហាក់ដូចជា​ជឿថា ពេលខ្លះ​បុរស​មាន​ភាព​សម​ហេតុផល​ក្នុងការ​ប្រើ​ហិង្សា​លើ​ប្រពន្ធ​របស់​គេ​។ ការមិនទទួលបាន​កា​រ​សិក្សា​អប់រំ​និង​ការរស់នៅ​ក្នុង​ភាពក្រីក្រ​គឺជា​កត្តា​ហានិភ័យ​ដែ​ល​រួមចំណែក​ដល់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​សម្រាប់​អ្នក​ដែល​រៀបការ​នៅ​វ័យក្មេង​ពេក​។​ការ​រៀបការ​នៅ​វ័យក្មេង​ពេក​មាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​សុខភាព​បន្ត​ពូជ​, បង្ក​ឱ្យ​មាន​ការឈឺចាប់​ផ្លូវ​អារម្មណ៍​និង​បញ្ហា​ប្រឈម​នៃ​ការថែទាំ​កូន​។

​​លោក ​រដ្ឋា ពលរដ្ឋ​នៅ​ឃុំ​បាគង ស្រុក​ប្រាសាទបាគង​បាន​លើកឡើង​ថា ស្ត្រី​រៀបការ​នៅ​វ័យក្មេង​អាច​ប្រឈម​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយសារ​គាត់​នៅ​ខ្ចី​គំនិត ការអត់ធ្មត់​ក៏មាន​តិច ហើយ​គាត់​អាច​ប្រឈម​និង​ការបែកបាក់​គ្រួសារ​ជា​ដើម​។ ដូច្នេះ​ឪពុក​ម្តាយ​មិន​គួរ​ឲ្យ​កូនស្រី​រៀបការ​នៅ​វ័យក្មេង​នោះទេ ត្រូវ​ឲ្យ​ពួកគាត់​រៀន​ឲ្យបាន​ខ្ពស់​និង​មាន​មុខរប​រ​ចិញ្ចឹម​គ្រួសារ​សិន​។

​​ស្រី និត ពលរដ្ឋ​នៅ​ឃុំ​បាគង​ដូចគ្នា​ដែរ​នោះ​ក៏បាន​លើកឡើង​ថា ការ​រៀបការ​នៅ​វ័យក្មេង គឺ​មាន​ផលប៉ះពាល់​ច្រើន បញ្ហា​ដំបូង​ដែល​គាត់​នឹង​ជួបប្រទះ​គឺ​គ្មាន​លទ្ធភាព​ក្នុង​ការរកចំណូល​ដោយ​ខ្លួនឯង ពឹង​លើ​ការរក​ចំណូល​តែ​ពី​ស្វាមី​។ ដូច្នេះ​ប្តី​អាច​មាន​សិទ្ធិ​គ្រប់យ៉ាង​នៅក្នុង​គ្រួសារ ហើយ​ស្ត្រី​ក៏​នឹង អាច​រង​ហិង្សា​ពី​សំណាក់​ស្វាមី ទាំង​ផ្នែក​សេដ្ឋកិច្ច ផ្លូវកា​យ​និង​ចិត្ត​ជា​ដើម​។

​លើ​បញ្ហា​នេះ​ដែរ​លោកស្រី មាន ឡា​ន់ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទទួលបន្ទុក​កិច្ចការ​ស្ត្រី​និង​កុមារ​ឃុំ​បាគង​បាន​លើកឡើង​ថា ស្ត្រី​ពិតជា​រង​នៅ​អំពើហិង្សា​ក្នុង​គ្រួសារ​បើសិនជា​គាត់​រៀបការ​នៅ​វ័យក្មេង មិន​តែ​ប៉ុណ្ណោះ​ស្ត្រី​ប្រឈម​និង​បញ្ហា​សុខភាព​នៅ​ពេល​មានកូន​ដូចគ្នា​ដែរ​។ អាជ្ញាធរ​កន្លងមក​មិន​បាន​អនុញ្ញាត​ឲ្យ​ក្មេងស្រី​មិន​ទាន់​គ្រប់​អាយុ​អាច​រៀប​ការ​បាន​នោះ​ទេ គឺ​ពួកគាត់​ត្រូវ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង ទើប​អាច​រៀប​ការ​បាន​។

​​នៅក្នុង​ប្រទេស​កម្ពុជា​អាយុ​អប្បបរមា​ស្របច្បាប់​គឺ ១៨​ឆ្នាំ​, យ៉ាងណាក៏ដោយ កុមារី​ដែល​មាន​វ័យក្មេង​រហូតដល់​ត្រឹមតែ​១៥​ឆ្នាំ អាច​រៀប​ការ​បាន ដោយ​មាន​ការអនុញ្ញាត​ពី​ឪពុកម្តាយ​។ ការរៀប​ការដែល​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ​សម្រាប់​អ្នក​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ មានន័យ​ថា មាន​បញ្ហា​ផ្នែក​ច្បាប់​ដែល​ប៉ះពាល់​ដល់​ម្តាយ​និង​កូន ហើយ​ជា​លទ្ធផល​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​នៃ​ភាព​តានតឹង​ក្នុងសង្គម ហើយ​អំពើហិង្សា​ត្រូវ​បាន​កើនឡើង​៕

អត្ថ​បទ​បទ​យក​ការណ៍​៖​ អ្នក​នាង​ ហេង​ លាង​ស៊ីម

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here