រកឃើញហើយ! ប្រអប់ខ្មៅ យន្តហោះអេត្យូពីដែលធ្លាក់ស្លាប់មនុស្ស១៥៧នាក់ មន្រ្តីបច្ចេកទេសនឹងធ្វើការបកស្រាយជាសាធារណៈ

0
122

រកឃើញហើយ! ប្រអប់ខ្មៅ យន្តហោះអេត្យូពីដែលធ្លាក់ស្លាប់មនុស្ស១៥៧នាក់ មន្រ្តីបច្ចេកទេសនឹងធ្វើការបកស្រាយជាសាធារណៈ

(អេត្យូពី) ស្ថានីយទូរទស្សន៍រដ្ឋ​អេត្យូពី​នៅថ្ងៃចន្ទនេះបានរាយការណ៍ថា ប្រអប់ខ្មៅមួយ​របស់​យន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines ដែលបានធ្លាក់​ក្នុងដំណើរផ្លូវហោះហើរ​ទៅកាន់ប្រទេសកេនយ៉ា ត្រូវបានក្រុមជំនាញរក​ឃើញ​ហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅល្ងាច​ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។

យន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines បានធ្លាក់តែ​ប៉ុន្មាននាទី​ប៉ុណ្ណោះ ក្រោយ​ហោះឡើងបានបន្តិចចេញពី​អាកាសយានដ្ឋាន​នៃរដ្ឋធានី អេដឌីស អាបាបា (Addis Ababa) របស់​ប្រទេស​អាហ្វ្រិក​កណ្តាល​​អេត្យូពី សំដៅ​ទៅកាន់​រដ្ឋធានី​ណៃរ៉ូប៊ី (Nairobi) នៃប្រទេស​កេនយ៉ា ដោយបានផ្ដាច់ជីវិត​មនុស្សនៅលើនោះទាំងអស់ ១៥៧នាក់ ក្នុងនោះមាន​អ្នកដំណើរ ១៤៩នាក់ និងក្រុមបម្រើការងារលើយន្តហោះ ០៨នាក់ កាលពី​ថ្ងៃអាទិត្យ។

ដោយឡែក​បើតាមការសន្និដ្ឋានបឋម ​បញ្ហា​បច្ចេកទេស​​មួយចំនួន​នៃគ្រឿងម៉ាស៊ីន ឬប្រព័ន្ធ​បញ្ជាទិស​អាចជាមូលហេតុ​នៅពីក្រោយ​សោកនាដកម្មខាងលើនេះ ហើយវាក៏ជា​លើកទី ២ ផងដែរដែលយន្ដហោះ​ត្រកូល Boeing 737 Max បានធ្លាក់​ក្រោយយន្ដហោះ​ប្រភេទនេះលើកដំបូង បានធ្លាក់ចូលសមុទ្រ​នៅប្រទេសឥណ្ឌូណេស៊ី​កាលពីខែតុលា ឆ្នាំ២០១៨ ដោយបានផ្ដាច់ជីវិត​មនុស្សទាំងអស់ ១៨៩នាក់។

ជុំវិញសោកនាដកម្មនេះលោក ហ្គេប្រេម៉ារីយ៉ាម (Gebremariam) ជានាយកប្រតិបត្តិ (CEO) របស់អាកាសចរណ៍ Ethiopian Airlinesបានបញ្ជាក់ថា «តាមពិត​ទៅ​យន្តហោះ Boeing ខាងលើនេះ ទើប​តែបាន​សម្រាក​បីម៉ោង​ប៉ុណ្ណោះ ក្រោយពីវាបាន​​ហោះមកពី​ទីក្រុង​ចូហាន់ណែសប៊ឺក នៃប្រទេសអាហ្វ្រិក​ខាងត្បូង នៅព្រឹកព្រលឹមថ្ងៃ​កើតហេតុ ប៉ុន្តែ​ក្រុមត្រួត​ពិនិត្យមុន​ការហោះហើរ ពុំបាន​រកឃើញ​ភាពមិនប្រក្រតី​អ្វីឡើយ មុនការគ្រោង​ហោះហើរបន្តទៅកេនយ៉ា…»។

បន្ថែមពីនេះទៀត មុនពេល​​ធ្លាក់ប៉ុន្មាននាទី ពីឡុត​​ដែល​បញ្ជាការ​នៅលើនោះបាន​ព្យាយាមទាក់ទងទៅ​អាកាស​យានដ្ឋាន Addis Ababa ដើម្បី​ស្នើសុំបកត្រឡប់​ក្រោយវិញ ក្រោយពីទើបបាន​ហោះចេញមកបន្តិច ព្រោះពួកគេ​បានជួបប្រទះ​បញ្ហា​បច្ចេកទេស​​មួយចំនួននៃម៉ាស៊ីនយន្តហោះ​ ដែលពិបាកនឹងដោះស្រាយ។

គួរបញ្ជាក់ថា ក្រោយសោកនាដកម្ម​នេះ ចិន អេត្យូពី និងម៉ុងហ្គោលីបានប្រកាសផ្អាក​ប្រតិបត្តិការហោះហើរនៃយន្ដហោះ​ត្រកូល Boeing 737 Max ខណៈក្រុមហ៊ុន​អាកាសចរណ៍នៃប្រទេសដទៃទៀត​កំពុងតាមដានយ៉ាងយក​ចិត្តទុកដាក់​ លើប្រតិបត្តិការនៃ យន្ដហោះ​ប្រភេទនេះ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here