លោក ផៃ ស៊ីផាន៖ កុំបារម្ភមិនយូរទេ! កម្ពុជានឹងក្លាយសិង្ហបុរីទី២ ហើយ

0
47

លោក ផៃ ស៊ីផាន៖ កុំបារម្ភមិនយូរទេ! កម្ពុជានឹងក្លាយសិង្ហបុរីទី២ ហើយ

ភ្នំពេញ: អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ថា ខេត្ត​ព្រះសីហនុ​នឹង​ក្លាយ​ជា​សាំងហ្គាពួ [សិង្ហបុរី] ​ទី​២ បើ​ទោះ​ណា ​ជា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​រង​ការ​រិះគន់​ពី​ការ​អភិវឌ្ឍ​ដោយ​ជនជាតិ​ចិន​ដែល​អ្នក​ខ្លះ​ថា​​ កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រឈម​ នឹង​ការ​ប្រកួត​ប្រជែង​លើ​មុខ​របរ និង​ការ​បាត់បង់​ការងារ​ក៏​ដោយ។

ការ​ថ្លែង​របស់​លោក ផៃ ស៊ីផាន បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ស្ដី​អំពី​លទ្ធផល​សម្រេច​បាន​នៃ​អង្គ​សិក្ខា​សាលា​ស្ដីពី «អ្នក​នាំពាក្យ​សកម្ម​ឆ្ពោះ​ទៅ​កាន់​ប្រសិទ្ធភាព ​មុខ​មាត់ កិត្តិយស ខេត្ត-ក្រុង រួម​ជា​មួយ​នឹង​កិច្ច​ថែរក្សា លើក​តម្កើង​អធិបតេយ្យ ​ឯកភាព និង​មោទកភាព​នៃ​ជាតិ​រស់​ឡើង​វិញ» ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​ព្រះសីហនុ និង​គំហើញ​ថ្មីៗ​នៃ​ការ​អភិវឌ្ឍ​នៅ​ខេត្ត​មួយ​នេះ​។

លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា ខេត្ត​ព្រះសីហនុ​ជា​ទិសដៅ​នៃ​ការ​អភិវឌ្ឍ​ និង​ជា​គោល​ដៅ​ ទីក្រុង​ទំនើប​នៅ​ពេល​ខាង​មុខ​នេះ​ដែល​ហៅ​ថា ជាទី​ក្រុង​អច្ឆរិយ ព្រោះ​នៅ​ទីក្រុង​ធំ​របស់​កម្ពុជា​ មួយ​នេះ​នឹង​ក្លាយ​ជា​សាំងហ្គាពួ​​ទី​២​។ វឌ្ឍនភាព​ក្រុង​ព្រះសីហនុ​ មិន​ត្រឹមតែ​ជា​វឌ្ឍនភាព​ដែល​ជា​ ដៃគូ​ជា​មួយ​ចិន​នោះ​ទេ​ប៉ុន្តែ​ថែម​ ទាំង​ជា​ថាមពល​ដ៏​លេចធ្លោ ​និង​រស់រវើក​របស់​​អាស៊ាន​ផង​ដែរ​។

លោក​បញ្ជាក់​ថា៖ «ក្រុង និង​ខេត្ត​ព្រះសីហនុ រួមជា​មួយ​នឹង​បណ្តា​ខេត្ត​នានា​នៅ​តាម​ឆ្នេរ​សមុទ្រ គឺ​ជា​ទិសដៅ​ពិត​ប្រាកដ មិត្តភាព ​សន្ដិភាព​ សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍ ដូច្នេះ​អ្នក​ដែល​វាយ​តម្លៃ និង​លាប​ពណ៌​ខេត្ត​ទាំង​មូល​ហ្នឹង ​ខេត្ត​​កោះកុង កំពង់សោម ដូចជា​ ថ្មីៗ​ហ្នឹង​ជា​ទិសដៅ​នៃ​ភូមិសាស្ត្រ​នយោបាយ ​បំភ្លៃ ដោយ​ការ​យល់​ច្រឡំ និង​ច្រណែន​និន្ទា​ជា​មួយ​​កម្ពុជា​ដែល​ឃើញ​កម្ពុជា​មាន​ការ​វិវឌ្ឍ​ខ្លួន​ឲ្យ​ស្មើភាព​ជា​មួយ​ប្រទេស​ជិត​ខាង​ក៏​ដូចជា​ការ​ប្រកួត​ប្រជែង​លើ​ឆាក​ពាណិជ្ជកម្ម​សេរី​ពិភព​លោក»​។

លោក​បន្ថែម​ថា សព្វ​ថ្ងៃ​នេះ​ អ្នក​នយោបាយ​មួយ​ចំនួន​បាន​យក​ក្រុង​ព្រះសីហនុ​ជា​ទិសដៅ​វាយ​ប្រហារ​ផ្នែក​នយោបាយ ប៉ុន្ដែ​អ្វី​ដែល​ជា​ការ​ពិត​នោះ គឺ​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​ទាំង​ផ្លូវ​ថ្នល់​ អគារ​ពាណិជ្ជកម្ម​តូច​ធំ កា​ស៊ីណូ និង​វិស័យ​សេវាកម្ម​ផ្សេងៗ​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ជនជាតិ​ចិន​មក​រក​ការងារ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ។​

លោក គី សេរីវឌ្ឍន៍ ប្រធាន​មណ្ឌល​សិក្សា​ចិន​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា លំហូរ​ជនជាតិ​ចិន​ទាំង​នេះ មិនមែន​ជា​រឿង​អាក្រក់​ទេ ព្រោះ​កម្ពុជា​បាន​ចំណេញ​ពី​ចិន​ទ្វេដង​ «ខ្ញុំ​បាន​ធ្វើការ​គណនា​ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ចិន​ក្នុង​ឆ្នាំ ​២០១២ ​ដល់​ឆ្នាំ ​២០១៨​ គណនា​ជា​មធ្យម​ប្រចាំ​ឆ្នាំ គឺ​មាន​កំណើន​ជាង ២៧​ ភាគរយ ​ហើយ​ចិន​នាំចូល​មក​កម្ពុជា​​វិញ​ក្នុង​ឆ្នាំ​ដូច​គ្នា​នេះ គឺ​មាន​តែ ​១៦ ​ភាគរយ​ទេ»​។

លោក​បន្ថែម​ថា ដូច្នេះ​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិន​អាច​ជំរុញ​ឲ្យ​កម្ពុជា​មាន​ការ​ចំណេញ​ច្រើន ព្រោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ការ​កើន​ឡើង​ជាង ​២៧ ​ភាគរយ ហើយ​កម្ពុជា​ក៏​អាច​នាំ​ចេញ​ទៅ​ប្រទេស​ផ្សេងៗ​ទៀត​ដូច​នៅ​តំបន់​អឺរ៉ុប និង​ក្នុង​តំបន់​អាស៊ាន​បាន​ដែរ​។

អ្នកស្រី ជាប សុធារី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដ​ហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ​បាន​​ថ្លែង​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គេ​ឃើញ​មាន​នៅ​សល់​ដី​មាត់​ឆ្នេរ និង​ដី​សំខាន់ៗ​ជា​ច្រើន​ទៀត ប៉ុន្ដែ​ខណៈ​នេះ​មិន​មាន​សល់​​ដី​សម្រាប់​ដើរ​មើល​ទេសភាព​ដូច​មុន​ទៀត​ទេ​។

អ្នក​ស្រី​បន្ត​ថា ការ​រីកចម្រើន​នៅ​ខេត្ត​ព្រះសីហនុ​ អ្នក​ស្រី​ពិត​ជា​សប្បាយ​រីករាយ​ ប៉ុន្ដែ​ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​លំបាក​ច្រើន​គឺ​បញ្ហា​សន្ដិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាត់បង់​ការងារ​ ទំនិញ​ភាគ​ច្រើន​ឡើង​ថ្លៃ តម្លៃ​ផ្ទះ​ជួល និង​ផ្ទះ​សំណាក់​ឡើង​ថ្លៃ និង​ចរាចរណ៍​ចាប់​ផ្ដើម​ស្ទះ​បណ្ដើរ។

អ្នកស្រី​បញ្ជាក់​ថា៖ «ការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​ពិត​ជា​មាន​ការ​ប្លែក​ខ្លាំង ប៉ុន្ដែ​ខ្ញុំ​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​សំរាម សណ្ដាប់​ធ្នាប់ សន្ដិសុខ គ្មាន​ទឹក​ស្អាត​ប្រើ និង​ បញ្ហា​ដាច់​ភ្លើង។ យើង​ទទួល​ស្គាល់​ថា​ប្រទេស​យើង​ទីផ្សារ​សេរី ប៉ុន្ដែ​សូម​ជួយ​សម្រួល​ការងារ​ជួយ​ជនជាតិ​ខ្មែរ​ផង ព្រោះ​ពេល​នេះ​ចិន ​បាន​មក​បើក មុខ​របរ​តូចៗ​ដូច​ខ្មែរ ខ្លះ​លក់​ចេក​ចៀន ខ្លះ​លក់​ពោត​អាំង និង​ខ្លះ​លក់​បបរ​ជា​ដើម»៕

LEAVE A REPLY

Please enter your comment!
Please enter your name here