ខ្មែរតិចណាស់ដែលដឹងពីប្រវត្តិវីរបុរសខ្មែរ អាចារ្យ ហែម ចៀវ តោះអានទាំងអស់គ្នា!

0
278

ខ្មែរតិចណាស់ដែលដឹងពីប្រវត្តិវីរបុរសខ្មែរ អាចារ្យ ហែម ចៀវ តោះអានទាំងអស់គ្នា!

វគ្គ​ទី​១-​ដើម​កំណើត
លោក​អាចារ្យ​ហែម ចៀវ កើត​នៅ​ថ្ងៃ​អង្គារ ខែមាឃ ឆ្នាំច ពុទ្ធ​ស័ក​រាជ ២៤៤១ គ្រឹ​ស្ត​សករាជ ១៨៩៨ នៅ​ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល ។ ឪពុក​ឈ្មោះ ហែម ធ្វើ​ជា​មេស្រុក ម្តាយ​ឈ្មោះ ទីវ ។ មាន​បងប្អូន​៤​នាក់ គឺ​ឈ្មោះ ហែម លី​, ហែម ហួត​, នាង​ហែម សុច និង​នាង​ហែម សាយ ឯ​លោក​ហែម ចៀវ ជា​កូន​ទី​២ បន្ទាប់​ពី​ហែម លី ។

វគ្គ​ទី​២-​ជីវភាព​កុមារ
កាល​នៅ​ពី​ក្មេង កុមារ​ហែម ចៀវ មាន​ជីវភាព​ដូច​ក្មេង​អ្នកស្រុក អ្នកស្រែ​ធម្មតា​ដែរ​។ ធ្លាប់​ដើរ​តាម​ម្តាយ​ទៅ​ស្រែ ធ្លាប់​ឃ្វាលគោ​ជាមួយ​ក្មេង​គង្វាល ធ្លាប់​អាស្រ័យ​ទឹក​តាមដាន​ជើងគោ ធ្លាប់​ចំ​ចាយ ធ្លាប់​អាស្រ័យ​បាយ​ហាលថ្ងៃ​ក្តៅ​នៅ​កណ្តាល​ស្រែ ធ្លាប់​ត្រូវ​ភ្លៀង ត្រូវ​ខ្យល់ គឺថា​មាន​សម្បុរស្បែក​ជា​កូន​កសិករ​សុទ្ធ​សាធ ។ ដោយ​ឪពុក​ម្តាយ​ជា​អ្នក​កាន់​គោរព​ព្រះពុទ្ធ​សាសនា​មុតមាំ​នោះ កុមារ​ហែម ចៀវ ក៏​តែង​បាន​ចូល​វត្ត​វា​៉​ស្តា​ប់លោក​សូត្រធម៌ លោក​ទេសន៍ រាល់​ឱកាស​បុណ្យ​ជាមួយ​ឪពុក​ម្តាយ​ពុំដែល​ខាន ។

លុះ​វ័យ​ល្មម​ឱ្យ​នៅ​វត្ត​ហើយ មេស្រុក​ហែម​ជា​ឪពុក​ក៏​នាំ​ប្រគេន​ឱ្យ​នៅ​នឹង​ព្រះសង្ឃ​ស​ត្ថា ជួន ណាត វត្ត​ឧ​ណា្ណ​លោម ក្រុងភ្នំពេញ ដោយ​ព្រះ​គ្រូ​អង្គ​នេះ​ក៏​ជា​អ្នក​ធ្លាប់​ប្រាស្រ័យ​រក​ជិតដិត​របស់​មេស្រុក​ហែម ស្រាប់ ។

វគ្គ​ទី​៣-​ជីវភាព​សិក្សា
មក​នៅ​នឹង​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា ជួន ណាត កុមារ​ហែម ចៀវ ជា​ក្មេង​យកចិត្តទុកដាក់​រៀនសូត្រ​អក្សរ​លំនាំ​ឥត​មាន​ធ្វេស​ដរាប​ដល់​ចេះ​អាន​ចេះ​សរសេរ ។ ជា​កុមារ​មាន​បញ្ញា​ឆ្លៀវឆ្លាត មាន​ឫកពា​សមរម្យ ព្រះ​គ្រូ​សង្ឃ​ស​ត្ថា​សព្វព្រះទ័យ​ណាស់ និមន្ត​ទៅ​ណា ទៅ​សូត្រ​មន្ត ទៅ​ទេសន៍ តែង​យក​កុមារ​ហែម ចៀវ ស្ពាយ​ថង់យាម​ទៅ​តាម​ពុំដែល​ខាន ។

ធ្វើ​តាម​ទម្លាប់​ពុទ្ធសាសនិក​ខ្មែរ ម្តាយ​ឪពុក​ក៏​បាន​បំបួស ហែម ចៀវ ជា​សាមណេរ ហើយ​ឱ្យ​នៅ​នឹង​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា​តទៅ​ទៀត ។ សាមណេរ ហែម ចៀវ ក៏​ផ្តើម​សិក្សា​ព្រះ​បរិយត្តិ​ធម៌​ឡើង ហើយ​ការ​សិក្សា​ក៏​បាន​ចម្រើន​លូតលាស់​ជា​លំដាប់ ។

ដល់​អាយុ​២០​ឆ្នាំ (​គ​.​ស ១៩១៧) ក៏​បាន​បំពេញ​សម្បទា​ជា​ភិក្ខុ​នៅ​នឹង​វត្ត​លង្កា ដោយ​មាន​ព្រះ​មហាវិមលធម្ម ថោ​ង ជា​ព្រះ​ឧបជ្ឈាយ៍ មាន​ព្រះ​គ្រូ​វរ​វិជ្ជា ល្វី ឯម និង​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា ជួន ណាត ជា​គ្រូសូត្រ ។ មាន​នាម​ឆាយា​ជា​បវរ​ជោ​ត​ញា​ណោ ។

ដោយ​ការ​ខិតខំ​ឥត​ធ្វេស នៅ​ឆ្នាំ​១៩២១ ព្រះ​ភិក្ខុ ហែម ចៀវ ក៏​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​សាលា​បាលី​ជាន់ខ្ពស់​បាន​លេខ​៦ ។

វគ្គ​ទី​៤-​ជីវភាព​ក្នុង​មុខងារ
សម័យ​នោះ រាជការ​អាណានិគម​បារាំង បាន​បង្កើត​ឱ្យ​មាន​សាលា​បឋម​សិក្សា​នៅ​តាម​វត្ត​នានា​ក្នុង​ប្រទេស ហើយ​បង្កើត​មុនគេ​គឺ​នៅ​នឹង​ខេត្តកំពត ។ កាល​ណោះ​ចៅហ្វាយ​ខេត្តកំពត​គឺ​បារាំង​ឈ្មោះ រេ​ស្យួ​ម ក៏​បាន​ពឹងពាក់​លោកគ្រូ​មេគណ​វត្ត​អង្គ​សូរ​ភី ហៅ​វត្ត​កន្ថោរ ស្រុក​កំពង់ត្រាច ខេត្តកំពត ឱ្យ​ជួយ​រក​ព្រះសង្ឃ​ដែល​មាន​សញ្ញាបត្រ​ចេញពី​សាលា​បាលី​ជាន់ខ្ពស់ ឱ្យ​ជួយ​បង្រៀន​ព្រះសង្ឃ​ឯទៀត​ដែល​នឹង​ត្រូវ​ប្រមូល​ជ្រើសរើស​ពី​វត្ត ឯទៀត​ៗ​ក្នុង​ខេត្តកំពត ដើម្បី​ឱ្យ​ព្រះសង្ឃ​ទាំងនោះ​មានចំណេះ​វិជ្ជាគរុ​កោសល្យ​ដើម្បី​នឹង​បង្ហាត់​សាលា​បឋម​សិក្សា​នៅ​ក្នុង​វត្ត​របស់​ខ្លួន ហើយ​ត្រូវការ​ព្រះសង្ឃ​ដែល​មាន​សមត្ថភាព​ពី​ភ្នំពេញ ជួយ​ត្រួត​សាលា​បឋម​សិក្សា​ក្នុង​ខេត្តកំពត​ផង ។

សូម​បញ្ជាក់​ថា ពេល​នោះ​ក្នុង​ខេត្តកំពត គេ​និមន្ត​ព្រះសង្ឃ​ពី​វត្ត​ខ្លះ​ក្នុង​ខេត្ត​ឱ្យ​គង់នៅ​នឹង​វត្ត​មួយ​សម្រាប់​ឱ្យ​នៅ​រៀន ដើម្បី​យកចំណេះ​វិជ្ជា​ទៅ​បង្ហាត់បង្ហាញ​នៅ​សាលា​បឋម​សិក្សា​ដែល​នឹង​បង្កើត​ឱ្យ​មាននៅ​នឹង​វត្ត​របស់​ព្រះសង្ឃ​ទាំងនោះ ។ ឯ​ទី​វត្ត​ប្រជុំ​សមណ​និស្សិត​ដើម្បី​សិក្សា​គរុកោសល្យ​នោះ គឺ​វត្ត​ក្រាំង​ដូង​ស្រុក​បន្ទាយមាស ខេត្តកំពត ។ គឺថា​គេ​និមន្ត​លោក​ទៅ​ទីនោះ​ពុំ​មែន​ទៅ​បង្រៀន​ធម៌អាថ៌​អ្វី​ទេ គឺ​អប់រំ​សមណ​និស្សិត​ដើម្បី​ឱ្យ​ចេះ​ដឹង​ទៅ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​តទៅ​ទៀត​ប៉ុណ្ណោះ ។ គិត​ទៅ​ផ្នែក​អប់រំ​ជាតិ​យើង ត្រូវ​មាន​ព្រះសង្ឃ​ជា​អ្នក​ដឹកមុខ​មុនគេ​ជា​ដរាប ។

ចំណែក​ព្រះ​មេគណ​វត្ត​អង្គ​សូរ​ភី កាលបើ រ៉េ​ស៊ី​ដង់ ខេត្តកំពត ពឹងពាក់​ដូច្នោះ​ក៏​និមន្ត​ទៅ​ភ្នំពេញ​ជួបនឹង​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា ជួន ណាត ដែល​ធ្លាប់​ស្គាល់គ្នា​ឱ្យ​ជួយ​រក​ព្រះសង្ឃ​មាន​សមត្ថភាព​តាម​រាជការ​កំណត់​នោះ ។ ព្រះ​គ្រូ​សង្ឃ​ស​ត្ថា ក៏​ហៅ​ព្រះ​ភិក្ខុ ហែម ចៀវ មក​ប្រាប់​ពិគ្រោះ​ការ​ដោយ​ចង់​តម្រូវ​ឱ្យ​ភិក្ខុ​នេះ​ចេញ​ទៅ​បម្រើ​ផ្នែក​នោះ​ផង ។ ព្រះ​ភិក្ខុ ហែម ចៀវ ក៏​បាន​ព្រមព្រៀង​និមន្ត​ទៅ ដោយ​សេចក្តី​ស្ម័គ្រ ។

តាំងពី​បាន​ចេញពី​ភ្នំពេញ​ទៅ​បំពេញ​កិច្ចការ​នៅ​ក្រាំង​ដូង ព្រះ​ភិក្ខុ ហែម ចៀវ បាន​ខិតខំ​យកចិត្តទុកដាក់​បម្រើ​រដ្ឋ និង​សាសនា​ខ្លាំង​ណាស់ ឥត​គិត​ខ្លាច​នឿយហត់​សោះឡើយ ។ លោក​បាន​បង្ហាត់បង្រៀន​ព្រះសង្ឃ​ដែល​មក​រៀន​នោះ​ដោយ​ព្រះ​ទ័យ​ស្មោះ និង​ដោយ​ខិតខំ​បំផុត ។ លោក​តែង​មាន​ពុទ្ធដីកា​ថា លោក​ចង់ឱ្យ​ព្រះសង្ឃ​ទាំងនោះ​ចេះ​ដឹង ដើម្បី​យកចំណេះ​នោះ​ទៅ​បង្រៀន​កូនចៅ​ខ្មែរ​តទៅ​ទៀត​ឱ្យ​ចេះ​ដឹង​ព្រម​គ្នា​ផង​។ ក្រៅ​អំពី​ការ​បង្ហាត់​គរុវិជ្ជា ភិក្ខុ​ហែម ចៀវ ត្រូវ​បាន​ឧបាសក ឧបាសិកា​ច្រើន​វត្ត​និមន្ត​ទៅសម្តែងធម៌​ទេសនា​ពន្យល់​ពី​បុណ្យ​បាប ពី​ផ្លូវលោក និង​ផ្លូវធម៌ ដែល​មាន​គេ​ចុះចូល​ពេញចិត្ត​នឹង​លោក​ជា​ច្រើន ។ ដោយ​ចិត្តមេត្តា​និង​សន្តោស​នេះ មាន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចូល​ចិត្ត​លោក​ណាស់ ។

នៅ​ខែមីនា ឆ្នាំ​១៩៣១ សាលា​បាលី​ជាន់ខ្ពស់​ត្រូវការ​ជ្រើសរើស​សាស្ត្រាចារ្យ​សាលា​បាលី​ពីរ​រូប ។ បេក្ខជន​ដែល​អាច​ប្រឡង​បាន​ត្រូវ​មាន​ជា​ចាំបាច់​មធ្យមសិក្សាប័ត្រ​សាលា​បាលី​ជាន់ខ្ពស់ ព្រះ​ភិក្ខុ​ហែម ចៀវ ក៏​ឆ្លៀត​មក​ប្រឡង​នឹង​គេ ដែរ ។ គួរ​ឱ្យ​ស្តាយ​បន្តិច ក្នុង​ការ​ប្រឡង​ជ្រើសរើស​នោះ​លោក​ប្រឡង​ជាប់​លេខ​៣ ដូច្នេះ​លោក​ពុំ​បាន​ជាប់​ជា​សាស្ត្រាចារ្យ​ដូច​បំណង​ឡើយ ឯ​អ្នក​ជាប់​លេខ​១ និង​លេខ​២ ដែល​ត្រូវ​តែងតាំង​ជា​សាស្ត្រាចារ្យ​នោះ ក៏​ជា​មិត្ត​របស់​លោក​ដែរ គឺ​ព្រះ​ភិក្ខុ អ៊ុ​ច រស់ និង​ប៉ែន សុខ ។ ឯ​ព្រះ​ភិក្ខុ ហែម ចៀវ ក៏​ទៅ​ក្រាំង​ដូង​វិញ ។

ប៉ុន្តែ​កន្លង​មក​ប្រមាណ​ជា​៦​ខែ សាស្ត្រាចារ្យ​ម្នាក់​នៅ​សាលា​បាលី​ជាន់ខ្ពស់ គឺ​លោក​ឧក​ញា​៉​ព្រះ​ធម្ម​ប្រីជា «​កង​» បាន​ទទួលអនិច្ចកម្ម​ទៅ​លោក​​ក្រមការ ជុំ ម៉ៅ ធ្វើការ​នៅ​ព្រះរាជ​បណ្ណាល័យ ដែល​ជា​អ្នកចាត់ការ​ក្នុង​សាសន​សិក្សាធិការ ក៏​បាន​ពិគ្រោះ​នឹង​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា ចង់​សុំ​តាំង​ព្រះ​ភិក្ខុ ហែម ចៀវ ជា​សាស្ត្រាចារ្យ​ជួស​ឡើង​ដោយ​ពុំ​ចាំបាច់​ប្រឡង​ទៀត ព្រោះ​លោក​កាល​ប្រឡង​នោះ​ក៏​ជាប់​លេខ​៣​ស្រាប់ ។ ព្រះ​គ្រូ​សង្ឃ​ស​ត្ថា សុំ​ឱ្យ​លោក​ជុំ ម៉ៅ ពិគ្រោះ​នឹង​អស់លោក​ឯទៀត​ចុះ កុំឱ្យ​មាន​ពាក្យ​គេ​ថា លោក​ជួយ​តែ​សិស្ស​របស់​ឯង ។ លោក​ជុំ ម៉ៅ ក៏​បាន​ពិគ្រោះ​នឹង​អ្នកធំ​ខាងលើ​ទៀត ជាដើម​គឺ​នាង​កញ្ញា​កា​បឺ​ឡែ​ស អ្នកគ្រប់គ្រង​ព្រះរាជ​បណ្ណាល័យ ។ ព្រះ​មហាវិមលធម្ម ថោ​ង ចាងហ្វាង​សាលា​បាលី​ជាន់ខ្ពស់ ។ រ៉េ​ស៊ី​ដង់ ស៊ូ​ប៉េ​រី​យើរ ព្រមទាំង​សម្តេច​ចក្រី​ប៉ុណ្ណ រដ្ឋមន្ត្រីក្រសួង​សិក្សាធិការ ។ អស់លោក​ទាំងនោះ​បាន​យល់ព្រម​តាម​សំណើ​នេះ ។

ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​១៩៣២ ព្រះ​ភិក្ខុ ហែម ចៀវ ត្រូវ​បាន​តែងតាំង​ជា​សាស្ត្រាចារ្យ​ភាសាបាលី​នៅ​សាលា​បាលី​ជាន់ខ្ពស់ ។ បន្ថែម​លើ​នាទី​សាស្ត្រាចារ្យ​នេះ លោក​ត្រូវ​តែងតាំង​ជា​សមាជិក​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ផង​ទៀត (​រាជប្បញ្ញត្តិ​លេខ​៣៦ ចុះ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​១៩៣២ ក្នុង​ជំនាន់​ហ្លួង​ស៊ី​សុវត្ថិ មុនី​វង្ស និង​រ៉េ​ស៊ី​ដង់ ស៊ូ​ប៉េ​រី​យើរ ស៊ី​ល​វ៉េ​ស្ត្រ ។

កាលបើ​បាន​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់ខ្ពស់​ហើយ លោក​ក៏​បាន​មាន​មិត្តភក្តិ​អ្នកចេះ​ដឹង​កាន់តែ​ច្រើន ជា​ពិសេស​បាន​នៅ​ជិត​ព្រះសង្ឃ កំពូល​ៗ​ជំនាន់​នោះ​ផង ដែល​រឹតតែ​ធ្វើ​ឱ្យ​លោក​មានចំណេះ​ទូទៅ​ប្រសើរ​ឡើង ។ ម្យ៉ា​ង​ទៀត​ការ​បង្ហាត់បង្រៀន​សិស្ស​ក៏​អាច​ឱ្យ​លោក​មានការ​ពិសោធ​ជ្រាលជ្រៅ​ថែម​ទៀត ។ សាស្ត្រាចារ្យ​សម័យ​នោះ​គេ​ហៅ​ខ្លី​ថា «​អាចារ្យ​»​។ លោក​អាចារ្យ ហែម ចៀវ មាន​គេ​ស្គាល់​ច្រើន​ដោយសារ​លោក​ពូកែ​បង្រៀន ពូកែ​ទេសន៍ ប៉ុន្តែ​សំខាន់​បំផុត​ដែល​ធ្វើ​ឱ្យ​លោក​មានឈ្មោះ​ល្បី​នេះ​គឺ​ត្រង់​លោក​ជា​ព្រះសង្ឃ​ស៊ី​វិ​ល័យ ភ្លឺស្វាង លោក​មានគំនិត ថ្មី​ៗ​ជា​ច្រើន ពោល​ឱ្យ​ចំ​ទៅ គឺថា​លោក​ជឿនលឿន​ស្រឡាញ់​ឯករាជ្យ​ស្រុក​ទេស ហ៊ាន​និយាយ ហ៊ា​ន​ថា ដែល​សម័យ​នោះ​គេ​ពុំ​សូវ​ហ៊ាន ។

លោក​អាចារ្យ ហែម ចៀវ មាន​រូប​លក្ខណៈ ស្មា​ធំ ចង្កេះ​រៀវ ថ្ងាសទូលាយ ថ្គាម​ថ្លែន សំឡេង​ក្រាងក្រឪ មូល​គ្រលួច ។ ជា​អ្នកមាន​វោហារ បាន​មាត់​បានក គេ​ចូល​ចិត្ត​សម្តី​លោក​ណាស់ ។ លោក​មាន​កិរិយា​ស្រគត់ស្រគំ ហើយ​មាន​បរិមណ្ឌល​សម​រ្យ​មិន​រយីក​រយាក ឫកពា​ថ្លៃថ្នូរ និង​សង្ហា ។ លោក​ជា​អ្នកមាន​អនាម័យ ។

វគ្គ​ទី​៥-​និស្ស័យ​គំនិត
ក​-​លោក​អាចារ្យ​ហែម ចៀវ មានគំនិត​ជឿនលឿន​និយម ចូល​ចិត្ត​ដឹង​ស្ថានការណ៍ពិភព​លោក ។ លោក​ចូល​ចិត្ត​អាន​សារព័ត៌មាន ទស្សនាវដ្តី​ជា​ភាសា​ថៃ និង​កាសែត​បារាំង មាន​កាសែត​ឡា​វេរី​តេ អូ​ពី​នី​ញ៉ុ​ង អាំ​បា​៉​ស្យា​៉​ល់ និង​ប្រេស​ដឺ​សេ​ហ្ក​ង ។ ឯ​សារព័ត៌មាន និង​ទស្សនាវដ្តី​ជាតិ​យើង ពុំ​ទាន់​មាន​ទេ មាន​តែ​សារព័ត៌មាន​នគរវត្ត ដែល​ចាប់​ចេញផ្សាយ​ពី​ឆ្នាំ​១៩៣៦ ដឹកនាំ​ដោយ​លោក​សឹង ង៉ុ​កថា​ញ់​, ប៉ាច ឈឺ​ន​, សឹម វ៉ា​…​ឯ​ទស្សនាវដ្តី​គ្មាន​សោះ ។

សម័យ​នោះ​ប្រជាជន​ពិភព​អា​រ៉ា​ប់ និង​អាហ្វ្រិក ដែល​នៅ​ក្រោម​អាណានិគម​បារាំង ចេះ​មានគំនិត​បេះ​បោរ​ទាមទារ​យក​ឯករាជ្យ ហើយ​មេ​អាណា​និគម​និយម​​នេះ​តែងតែ​ប្រើ​កម្លាំង​អាវុធ​បង្ក្រាប​ប្រទេស​ទាំងនោះ ។ ដំណឹង​ទាំងនេះ នាំ​ឱ្យ​លោក​អាចារ្យ ហែម ចៀវ មានគំនិត​កាន់ជើង​ជួយ​គិត​វាសនា​ប្រទេស​តូចតាច​ទាំងនោះ រួច​ផ្គូផ្គង​មក​នឹង​ប្រទេស​ខ្មែរ​ដែល​នៅ​ក្រោម​អំណាច​បារាំង​ផង​ដែរ ។ លោក​តែង​និយាយ​ស្ងាត់កំបាំង​ថា «​បារាំង​ជា​អ្នក​ជិះជាន់​គេ​ណាស់» ។

លោក​អាចារ្យ​ហែម ចៀវ មាន​មិត្ត​បារាំង​ម្នាក់​ឈ្មោះ​ម៉ា​នី​ពូ ដែល​ចេះ​តែ​និយាយ​ពី​រឿង​នយោបាយ​សាកលលោក​ប្រាប់​លោក ហាក់ដូចជា​រឹតតែ​បំភ្លឺលោក​ឱ្យ​កាន់តែ​ភ្លឺ​ឡើង​ទៀត ។

សម័យ​នោះ​ផង​ដែរ បារាំង និង​អា​ល្លឺ​ម៉​ង់ ផ្តើម​ច្បាំង​គ្នា លោក​អាចារ្យ​ហែម ចៀវ បាន​តាមដាន​ព្រឹត្តិការណ៍​នោះ រាល់​ៗ​ថ្ងៃ ហើយ​បើ​ឃើញ​ព័ត៌មាន​ថា ទ័ព​បារាំង​ចាញ់​អា​ល្លឺ​ម៉​ង់ លោក​រមែង​មាន​ពុទ្ធដីកា​ប្រាប់​សិស្សគណ និង​មិត្តភក្តិ​ថា «​បារាំង​អន់​ណាស់ អា​ល្លឺ​ម៉​ង់​ទើប​ខ្លាំងពូកែ !» ។

សម័យ​នោះ ប្រទេស​យើង​នៅ​ក្រោម​អំណាច​បារាំង មន្ត្រី​ខ្មែរ​ភាគច្រើន​សឹងតែ​ចូល​ចិត្ត​បារាំង ផ្គាប់ផ្គុន​បារាំង​ដើម្បី​បុណ្យស័ក្តិ គេ​មិន​ត្រូវការ​នឹង​រឿង​រំដោះ​ស្រុក​ទេស​អ្វី​ទេ ។ ពំនោល​របស់​ព្រះ​អាចារ្យ​ហែម ចៀវ រមែង​ជ្រួតជ្រាប​ដល់​ត្រចៀក​អស់លោក​ទាំងនោះ ដែល​ធ្វើ​ឱ្យ​អស់លោក​ទាំងនោះ​មិន​សប្បាយចិត្ត ។ គេ​កួច​ក្នុង​ចិត្ត​ថា លោក​អាចារ្យ​ហែម ចៀវ នេះ​ប្រឆាំង​នឹង​បារាំង​ហើយ ។

លោកគ្រូ​អាចារ្យ​ប៉ែន សុខ ដែល​ជា​មិត្តភក្តិ​ដឹង​ថា​មាន​គេ​មិន​សប្បាយ​ចិត្តនឹង​ព្រះ​អាចារ្យ ហែម ចៀវ ក៏​ប្រាប់​រំលឹក​ព្រះ​អាចារ្យ​នេះ​ថា ៖ «​សូម​ឱ្យ​លោក​ប្អូន​ចៀវ ឯង​ប្រយ័ត្ន​មាត់​បន្តិច​ទៅ ពីព្រោះ​មាន​គេ​សម្គាល់ថា យើង​ប្រឆាំង​នឹង​បារាំង ប្រយ័ត្ន​គិញ​បារាំង​គេ​យកការណ៍​បាន​គេ​នឹង​ចាប់​ទៅ​ធ្វើ​ទោស​!» ។

តែ​លោក​អាចារ្យ ហែម ចៀវ ឆ្លើយ​តប​វិញ​ថា ៖ «​លោក​បង​សុខ ឯង​បើ​មិន​ហា​៊​ន​និយាយ​នៅ​ឱ្យ​ស្ងៀម​ទៅ បើ​មិន​ជួយ​ចូក​ជួយ​ចែវ​កុំ​យកជើងរាទឹក​! នៅ​ឱ្យ​ស្ងៀម​! ចាំ​ឆ្អិន​សឹម​ស៊ី​ទៅ ! សម័យនេះ​ត្រូវ​តែ​ហ៊ា​ន​និយាយ​ខ្លះ ដាស់​គ្នា​ឱ្យ​យល់​រឿង​ពិភពលោក ។ ពិភពលោក​គេ​ភ្ញាក់ផ្អើល​ខ្លះ​ហើយ យើង​ត្រូវ​បើក​ភ្នែក​មើល​គេ​ខ្លះ​ផង !» ។

លោក​អាចារ្យ​សុខ ក៏​នៅ​ស្ងៀម​ខ្លាច​ព្រះ​អាចារ្យ ហែម ចៀវ បន្ទោស ។
លោក​អាចារ្យ ហែម ចៀវ មាន​សិស្ស​ជំនិត​មួយ​រូប គឺ​លោក​នួន ឌួ​ង ។ លោក​នួន ឌួ​ង មាន​និស្ស័យ​ដូច​លោក​ដែរ ។

ខ​-​ដោយ​និស្ស័យ​គំនិត​ជា​អ្នក​បដិវត្តន៍ ដែល​សម័យ​នោះ​គេ​មិនដឹង​នឹង​ឱ្យឈ្មោះ​ហៅ​ថា​ដូច​ម្តេច​ផង លោក​អាចារ្យ ហែម ចៀវ តែងតែ​ចង់​ឃើញ​ស្រុក​ទេស​ចេញ​ផុត​ពី​ចំណុះ​គេ ចង់​ឃើញ​ការ​តស៊ូ​របស់​ប្រជាជន​ខ្មែរ​ដើម្បី​ឯករាជ្យ ។

ដូច្នេះ​ទេសនា​ក្នុង​ទីណា​ក៏​ដោយ ពោល​អ្វី​ក៏​ដោយ​ច្រើន​តែ​ផ្អៀង​ទៅ​លើ​ការ​រំលឹក​ដាស់តឿន​ពុទ្ធបរិស័ទ​ឱ្យ​យល់​រឿង​ជាតិ​នោះ​ជា​ដរាប ។ ធម្មទេសនា​របស់​លោក​មាន​ច្រើន​តែ​រឿង​វីរិយៈ ព្យាយាម កុំឱ្យ​ខ្ជិលច្រអូស ។ លោក​ថា ការ​ខ្ជិលច្រអូស បណ្តែតបណ្តោយ ប្រចាំ​គេ​ប្រចាំ​ឯងនោះ គឺជា​ទោស​នាំ​ឱ្យ​ខ្លួន​ធ្លាក់​ទៅ​ក្នុង​ទាសភាព​ដោយ​ត្រង់​តែ​ម្តង ។ លោក​ចូល​ចិត្ត​យកពាក្យ «​ទាសភាព​» នេះ​មក​វែកញែក​ណាស់ ហើយ​ផ្គូផ្គង​ប្រៀបធៀប​ជា​របៀប​ដាស់តឿន​សម្រាប់​ស្រុក​ទេស​ផង លោក​មាន​ពុទ្ធដីកា រឿយ​ៗ​ថា «​យើង​រាល់គ្នា​នៅ​ក្នុង​វដ្តសង្សារ​នេះ សឹង​ស្ថិត​នៅ​ក្នុង​អានុភាព​របស់​កិលេស​គ្រប់​គ្នា យើង​ជា «​ទាសករ​» របស់​កិលេស​គ្រប់​គ្នា ។ ទាសភាព​នេះ​ជា​ទម្ងន់ សង្កត់​ជីវិត​យើង​មួយ​ជាន់​ទៅ​ហើយ ប៉ុន្តែ​ធ្វើ​ម្តេច បើ​យើង​នៅ​ត្រាំ​ក្នុង​អន្លង់​វដ្តសង្សារ​ដូច្នេះ​ទៅ​ហើយ នឹង​គេច​ទៅ​ឯណា​រួច ? យើង​ទ្រាំ​ទៅ​ចុះ ! ប៉ុន្តែ​បើ​យើង​នេះឯង នៅ​សុខចិត្ត​ប្រគល់​ខ្លួន​ជា «​ទាសករ​» របស់​មនុស្ស​ដូច​គ្នា​ទៀត​នោះ ការ​នេះ​គួរ​ឱ្យ​ស្តាយ​ពេក​ណាស់ យើង​ដូច​ជា​សត្វ​ធាតុ​តែ​ម្តង ! យើង​មិន​គួរ​ទទួល​ទម្ងន់ «​ទាសភាព​» នេះ​មក​ទូល​រែក​ទៀត​សោះ !» ។
លោក​អាចារ្យ ហែម ចៀវ បាន​រំលឹក​សិស្សគណ​ថា កើតមក​ជា​មនុស្ស​ត្រូវ​មានការ​ព្យាយាម តស៊ូ កុំ​អស់សង្ឃឹម​ឱ្យ​សោះ ។

អំពី​រឿង​ព្យាយាម «​វីរិយៈ​» លោក​ឧស្សាហ៍​នាំ​ព្រះ​ជនក​ជាតក​មក​តំណាល​ណាស់ ស្ទើរ​គ្រប់​រឿង​ដែល​ត្រូវ​ទេសនា ។ ដើម្បី​ពន្យល់​អ្នក​ស្តាប់​ឱ្យ​កើត​គំនិត​ព្យាយាម​ឡើង លោក​ថា ព្រះ​ជនក​ពោធិសត្វ លោក​ពុំ​លះបង់​វីរិយភាព​ឡើយ សូ​ម្បី​លិច​សំពៅ​វង្វេង​កោះ​ត្រើយ ឃើញ​មុខជា​ស្លាប់​កណ្តាល​សមុទ្រ​នោះ​ដូច​ម្តេច ក៏​លោក​នៅ​តាំងស្មារតី​ត្រដរ​ហែ​លត​ទៀត ថែម​ទាំង​ឆ្លៀត​ខ្ពុរមាត់​សម្អាត​ធ្មេញ ទន្ទេញធម៌ អធិដ្ឋាន ពេល​ព្រះ​ចន្ទ​ពេញ​បូរ​មី​ដែល​លោក​មើល​ពី​ក្នុង​សមុទ្រ​ទៅ​… គឺ​លោក​មាន​វីរិយភាព​មាំ​ណាស់ ពុំ​បណ្តោយ​ឱ្យ​ការ​អស់សង្ឃឹម​មក​ទាញ​យកអាយុ​សង្ខារលោក​ឡើយ ។

នោះ​ជា​រឿង​មហា​ជនក នៅ​ក្នុង​លំហ​សមុទ្រ ម្តេច​ក៏​គង់​លោក​ខំ​ទាល់តែ​បាន​សម្រេច ចុះ​យើង​រាល់គ្នា​នៅ​លើគោក​ត្រលាំង ម្តេច​ក៏​ខ្ជិល ម្តេច​ក៏​ដាក់ធុរៈ​ចំពោះ​កិច្ចការ ? ម្តេច​ក៏​ចាំ​វាសនា​មក​ដឹកមុខ ? រួច​ពី​ពោល​ដូច្នេះ ព្រះ​អាចារ្យ​ហែម ចៀវ ក៏​ពោល​បញ្ឆៀង​ៗ មក​រឿង​ស្រុក​ទេស ដែល​រាល់គ្នា​ត្រូវ​តែ​ព្យាយាម​រចនា​ឱ្យ​ប្រសើរ​ថ្លៃថ្លា​ឡើង ។

គ​-​ប្រការ​មួយទៀត លោក​ចូល​ចិត្ត​ទេសនា​រំលឹក​ដាស់តឿន​ប្រជាជន​ខ្មែរ​ឱ្យ​មានគំនិត​លះបង់​ទម្លាប់​អាក្រក់​នៅ​ក្នុង​សង្គម​ផង ។
សម័យ​នោះ ខ្មែរ​យើង​នៅ​មាន​ទម្លាប់​ម្យា​៉​ង​ក្នុង​រឿង​រៀបចំ​កូន​ឱ្យ​មានគូស្រករ គឺ​ម្តាយ​ឪពុក​ខាង​ស្រី​ចូល​ចិត្ត​ឱ្យ​កូនប្រសា​បម្រុង​ការ​មក​នៅ​បម្រើ​ខ្លួន ។ ជួនកាល​បង្គាប់​ឱ្យ​ខាង​ប្រុស​ធ្វើ​ផ្ទះក្បឿង គ្រឿង​ស្រឡៅ​បី​បួន​ខ្នង​ឱ្យ​ខ្លួន ។ ការ​បង្គាប់​ដូច្នោះ លោក​យល់​ថា ជា​អយុត្តិធម៌​ពេក​ណាស់ ហើយ​ខុស​នឹង​សង្គហធម៌​ផង ។ ព្រោះ​ម្តាយ​ឪពុក​ត្រូវ​មាន​សង្គហធម៌​ចំពោះ​កូន មិន​ថា​ប្រុស ថា​ស្រី​ទេ គឺ​សង្គ្រោះ​ស្រឡាញ់​ស្មើ បើ​យើង​គាបសង្កត់​តែ​ទៅ​លើ​កូនប្រុស​ដូច្នេះ ហាក់​យើង​មិន​ពេញចិត្ត​កូនប្រុស​សោះ ។ កូនប្រុស​នោះ​ពុំ​មែនមាន​តែ​ខាងគេ​ទេ យើង​ក៏​មាន​ដែរ ហើយ​បើ​យើង​មិន​ព្រម​នាំ​គ្នា​ជម្រុះ​ទម្លាប់​នេះ​ចេញ​ទេ កូនប្រុស​យើង​ក៏​ត្រូវ​ធ្ងន់​ក​ដែរ ពេល​ដែល​ត្រូវ​ទៅ​ស្តីដណ្តឹង​កូនស្រី​គេ​នោះ ។ ម្យ៉ាង​ទៀត ការ​គាបសង្កត់​ខ្លាំង​ពេក គឺ​បង្គាប់​ខ្លាំង​ពេក​រហូត​ដល់​ខាង​ប្រុស​គ្នា​ធ្លាក់​ក្រ​ដុនដាប​នោះ វា​មិនមែន​វេទនា​តែ​ប្រុស​នោះ​ទេ ខាង​កូនស្រី​យើង​ឯង​នេះ ក៏​ត្រូវ​វេទនា​ទៅ​ផង​ដែរ ។ ហេតុនេះ​បើ​យើង​បន្ធូរបន្ថយ​ខ្លះ ជួយ​សម្រាល​ខ្លះទៅ​នោះ ក៏​ដូច​ជា​ជួយ​ខ្លួន​យើង​ទៅ​វិញ​ទេ ។ កូនប្រសា​យើង​បាន​ធូរ កូនស្រី​យើង​ក៏​បាន​ស្រួល យើង​ជា​ម៉ែឪ​ក៏​ស្រណុកចិត្ត គ្រួសារ​ទាំងមូល​ក៏​មាន​សុភមង្គល ។

ឃ​-​លោក​អាចារ្យ ហែម ចៀវ ចូល​ចិត្ត​អប់រំ​ឱ្យ​ម្តាយ​ឪពុក​បញ្ជូន​កូន​ទៅ​សាលារៀន ។
ឆ្លៀតឱកាស រឿយ​ៗ លោក​បាន​រំលឹក​ដាស់តឿន​ឱ្យ​ពុទ្ធបរិស័ទ​បញ្ជូន​កូនចៅ​ទៅ​រៀន​នៅ​សាលា ដែល​រាជការ​បាន​បង្កើត​តាម​វត្ត​ខ្លះ ហើយ​ថាឱ្យ​នាំ​កូនចៅ ឱ្យទៅ​រៀន​នៅ​ក្រុង​ផង​ទៅ ដោយ​សុំ​ផ្តាំផ្ញើ​ទុក​នឹង​លោកសង្ឃ ។ លោក​តែង​ថា ការ​ចេះ​ដឹង​ជា​ពន្លឺ​ធំ​ណាស់ កាលណា​យើង​ល្ងង់​បីដូច​ជា​ភ្នែក​ងងឹត ចេះ​តែ​ដើរទៅ​ពានត្រោកពានត្រាំង ។ សម័យ​នោះ ប្រជាជន​ខ្មែរ​យើង​ពុំ​សូវ​ឱ្យ​កូនចៅ​ទៅ​រៀន​នៅ​សាលា​ទេ យល់​ថា សាលា​នោះ​ជា​សាលា​បារាំង រៀន​ទៅ ពួក
បារាំង នឹង​កេណ្ឌ​យក ទៅ​ធ្វើ​ទាហាន ។ លោកគ្រូ​អាចារ្យ ហែម ចៀវ តែងតែ​ជួយ​ពន្យល់​បំបាត់​កម្លាច​ចង្រៃ​នោះ​ចេញ​ជា រឿយ​ៗ ។

ង​-​ក្រៅពី​នេះ​លោក​អាចារ្យ ហែម ចៀវ តែង​គិតដល់​សុខភាព​នៃ​អ្នក​ភូមិ​ផង
នៅ​តាម​ស្រុក​ភូមិ​ដែល​លោក​បាន​និមន្ត​ទៅ​ដល់ បើ​ឃើញ​ក្មេងក្មាង​ឯណា​មិន​ស្អាត​ប្រឡាក់ប្រឡូស លោក​តែង​នាំ​យក​ទៅ​និទាន​ជា​ឧទាហរណ៍​ឱ្យ​អ្នក​ឯទៀត​សម្អាត​កូនចៅ ដោយ​រំលឹក​ថា មាន​តែ​ការ​កខ្វក់ ការ​ប្រឡាក់ប្រឡូស នឹង​នាំ​ឱ្យ​មាន​រោគ មាន​ជំងឺ ហើយ​បើ​មាន​ជំងឺឆ្លង​ផង​ទៀត នឹង​ឆ្លង​ស្លាប់​អស់ទាំង​ភូមិ​មិន​ខាន ។

លោក​ថា ខ្មែរ​យើង​ស្លាប់​ដោយ​ជំងឺឆ្លង​នេះ​ច្រើន​លើក​មក​ហើយ តាំងពី​សម័យ​ឧដុង្គ​មក ស្លាប់​ដោយ​រោគ​អុត អាសន្នរោគ អហិវាតរោគ ស្ទើរ​អស់រលីង​ពី​ស្រុក ។ លោក​ថា ខ្មែរ​យើង​មាន​គ្នា​តិច​ផង បើ​ស្លាប់​ដោយ​រោគរាតត្បាត​ស្ទើរ​ពាយ​ដូច្នេះ​ទៀត មុខគួរ​ឱ្យ​ស្តាយ​ពន់ពេក​ណាស់ ។ លោក​សុំ​ឱ្យ​ពុទ្ធបរិស័ទ​សម្អាត​កូនចៅ និង​រូប​កាយ ចៀសវាង​ជំងឺ​ផង ។

ច​-​ទស្សនៈ​ចំពោះ​សង្គម
ជាមួយនឹង​ជីវភាព​សង្គម​សម័យ​នោះ លោក​អាចារ្យ ហែម ចៀវ តែងតែ​ទាស់​ព្រះ​ទ័យ​យា​៉​ង​ខ្លាំង ព្រោះ​មិនឃើញ​មាន​ជនជាតិ​ខ្មែរ​ស្រវាស្រទេញ​រៀន​វិជ្ជា​បច្ចេកទេស​អ្វី​សោះ ។ សម័យ​នោះ​ពួក​យន្តការី ធ្វើ​រថយន្ត ធ្វើ​ម៉ា​ស៊ី​ន អ្វី​ៗ​សុទ្ធតែ​ជនជាតិ​យួន សូ​ម្បី​អ្នក​ត​ខ្សែភ្លើង​ក៏​ជា​ជាតិ​យួន​ដែរ ខ្មែរ​គ្មាន​ម្នាក់​សោះ ។ លោក​ចង់ឱ្យ​ខ្មែរ​យើង​ចេះ​ដឹង​វិជ្ជា​ផ្នែក​នេះ​ណាស់ ព្រោះ​ដូច​ជា​យ៉ាប់​ពេក ខ្មែរ​ម្ចាស់​ស្រុក​ហើយ​ទៅ​ពឹង​គេ​ឱ្យធ្វើ​ការ​ជួស​សព្វបើ​រឿង​ជួសជុល​រថយន្ត ត​ភ្លើង អ្វី​ៗ​ដូច្នេះ ។

ដោយ​គំនិត​នេះ​លោក​អាចារ្យ​ហែម ចៀវ ក៏​ចាត់​ឱ្យ​កូនសិស្សលោក​ជា​ច្រើន​នាក់​ទៅ​រៀន​នៅ​សាលា​ដែក និង​រៀន​រឿង​ខ្ចៅ​ខ្ច​ង​ម៉ាស៊ី​ន​ភ្លើង គ្រឿង​ភ្លើង​នេះ មានឈ្មោះ​ប៉ោ ជាដើម ដែល​ក្រោយមក​ចេះ​ដឹង​គ្រាន់បើ​គ្រឿង​ម៉ា​ស៊ី​ន​រថយន្ត ផ្សេង​ៗ ។

ឈ្មោះ​ប៉ោ នេះ​តែង​ខ្ចី​រថយន្ត​គេ​បើក​ជូន​លោក​អាចារ្យ​ពេល​ដែល​លោក​ត្រូវ​គេ​និមន្ត​ទៅ​ទេសន៍​ខេត្តឆ្ងាយ​ៗ ។

សូម​បញ្ជាក់​ថា សម័យ​នោះ​រថយន្តឈ្នួល​តិច​ណាស់ ពិបាក​រង់ចាំ​ជិះ​ណាស់ ហើយ​ទៅ​មក​យូរ​ពេក​ផង ។ បើ​គេ​និមន្ត​ទាល់តែ​ទៅ​មុន​ពេល​កំណត់​បុណ្យ​ទើបបាន មក​វិញ​ក៏​ដូច​គ្នា​ដែរ គឺ​រអាក់រអួល​ណាស់​មិន​ដូច​ចិត្ត​ទេ ។ ដំណើរ​នោះ​នាំ​ឱ្យ​ខក​ច្រើន ហើយ​ខូច​ពេល​ដែល​ត្រូវ​បង្ហាត់បង្រៀន​សិស្សសាលា​បាលី​ផង ។ លោក​មាន​សិស្ស​ចាំ​ជួយ​រក​រថយន្ត​ដូច្នេះ ជា​ការ​ស្រួល ចង់​និមន្ត​ចេញ​ទៅ​ថ្មើរ​ម៉ាន​ក៏​បាន មក​វិញ​ថ្មើរ​ម៉ា​ន​ក៏​បាន មិន​ខាត​ពេល​នឹង​ធ្វើការ​នៅ​ភ្នំពេញ​ឯណេះ ។

ព្រះ​អាចារ្យ​ហែម ចៀវ ត្រូវ​គេ​និមន្ត​ខ្វាត់ខ្វែង​សម្បើម​ណាស់ និមន្ត​ទេសន៍ និមន្ត​ឱ្យទៅ​ជួយ​រៀបចំ​បុណ្យ សឹងតែ​គ្មាន​លស់​អាទិត្យ ។ លោក​ជា​អ្នក​ពូកែ​ចាត់ចែង​រៀបចំ​បុណ្យ បុណ្យ​អ្វី​ក៏​ដោយ បុ​ណ​ខ្មោច បុណ្យផ្កា បុណ្យកឋិន បុណ្យ​ជា​ទម្លាប់​របស់​ខ្មែរ ។ កាល​បុណ្យសព​ញោម​ព្រះ​អាចារ្យ ប៉ែន សុខ ជា​មិត្ត​នោះ ក៏​មាន​លោក​អាចារ្យ ហែម ចៀវ ជា​អ្នក​ជួ​​យ​ដែរ ។

សម័យ​នោះ​គេ​ត្រូវការ​លោក​សម្បើម​ណាស់​។ ឈ្មោះ​លោក​ក៏​កាន់តែ​លេចឮ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស ។ សម័យ​នោះ​គេ​ល្បី​ថា សិស្ស​របស់​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា ជួន ណាត ពូកែ​ទេសន៍ និង​ចេះ​ដឹង​សម្បើម​ណាស់ ។

លុះ​ព្រះ​គ្រូ​សង្ឃ ស​ត្ថា ឡើង​ងារ​ជា​ព្រះ​ពុទ្ធឃោសាចារ្យ ព្រះ​អាចារ្យ ហែម ចៀវ ក៏​បាន​ងារ​ជា​ព្រះ​បាឡាត់​ឃោស​នាគ​របស់​ព្រះ​ពុទ្ធឃោសាចារ្យ​តម​ក ។ កាល​ណោះ​លោក​គង់នៅ​ជាមួយនឹង​ព្រះ​ពុទ្ធឃោសាចារ្យ​កុដិ​ជាមួយ​គ្នា គឺ​កុដិ​មួយ​ស្ថិត​នៅ​ខាងក្រោយ​មហា​កុដិ​សម្តេចព្រះសង្ឃរាជ នា​វត្ត​ឧណ្ណាលោម​សព្វ​ថ្ងៃនេះ ។

ឆ​-​លោកគ្រូ​អាចារ្យ ហែម ចៀវ ជា​អ្នកដឹង​គុណមាតា បិតា​ខ្លាំង​ណាស់ លោក​ឧបត្ថម្ភ​មាតា
បិតា​ដោយ​សេចក្តី​គោរព ។ ម្យា​៉​ង​វិញទៀត ចំពោះ​ព្រះ​ពុទ្ធឃោសាចារ្យ ជួន ណាត ជា​គ្រូ​នោះ ក៏​លោកគ្រូ​អាចារ្យ​ហែម ចៀវ គោរព​ប្រណិប័តន៍​ណាស់ ។ លោក​បម្រើ​គ្រូ​តាមតែ​គ្រូ​ត្រូវការ ។

ក្នុង​សម័យមួយ​នោះ ឆ្នាំ​១៩៣៩ មាន​លោកគ្រូ​ចៅអធិការ​មួយ​អង្គ​នាម ឱ​ក ឱម ចង់បាន​សៀវភៅ​ធម៌​មួយ​មុខ ក្នុង​ការ​ដែល​លោក​រៀបចំ​ធ្វើបុណ្យ​មួយ លោក​ក៏​បាន​អារាធនា​ព្រះ​ពុទ្ធឃោសាចារ្យ​រៀបរៀង​ធម៌​នោះ​ដើម្បី​លោក​នឹង​យក​ទៅ​បោះពុម្ព​ចែក​ជា​ធម្មទាន​ក្នុង​ពេល​បុណ្យ ។ ដោយ​មានការ​ជា​មមាញឹក​ពេក ក្នុង​ឋានៈ​លោក​ជា​ចាងហ្វាង​រង​សាលា​បាលី​ជាន់ខ្ពស់ ពុំ​មាន​ពេល​នឹង​រៀបរៀង​បាន ព្រះ​ពុទ្ធឃោសាចារ្យ ជួន ណាត ក៏​ប្រគល់​ភារៈ​ឱ្យ​ព្រះ​បាឡាត់​ឃោស​នាគ ហែម ចៀវ រៀបរៀង​ធម៌​នោះ ។ ព្រះ​អាចារ្យ ហែម ចៀវ ក៏​ទទួលភារៈ​ធ្វើ​ដោយ​សេចក្តី​គោរព ។ ពេល​នោះ​លោក​ឆ្លៀត​សម្បើម​ណាស់ ព្រោះ​លោក​ក៏​រវល់​ណាស់​ដែរ ។ អត្ថបទ​ធម៌​ដែល​លោក​រៀបរៀង​នោះ​មាន​ចំណងជើង​ថា «​ទាន​កថា​» ដែល​និយាយ​ដោយ​ពិស្តារ អំពី​រការ​ឱ្យទាន ឈ្មោះ​ទាន របៀប​ឱ្យទាន និង​អានិសង្ស​របស់​ទាន ។ អត្ថបទ​ធម៌​នោះ​ត្រូវ​បាន​ពុទ្ធ​សាសន​បណ្ឌិត្យ​បោះពុម្ពផ្សាយ​តាំងពី​ឆ្នាំ​១៩៣៩ នោះ​ដល់​គ្រានេះ ។

ជ​-​ព្រះ​អាចារ្យ ហែម ចៀវ ចូល​ចិត្ត​ធ្វើ​ទាន
ព្រះ​អាចារ្យ ហែម ចៀវ ពុំ​មែន​ជា​អ្នក​សន្សំ​មានបាន​អ្វី​ឡើយ ប្រាក់​កាស​ដែល​លោក​បាន​មក​ពី​ទេសនា ឬ​បាន​មក​ពី​គេ​ប្រគេន ផ្សេង​ៗ លោក​រមែង​ចែករំលែក​ឱ្យ​សិស្សគណ និង​អ្នកក្រ​លំបាក​ដែល​លោក​បាន​ប្រទះ ។

ក្នុង​ធម្មទេសនា​របស់​លោក លោក​រមែង​រំលឹក​ដាស់តឿន​ថៅកែ គហបតី អ្នកមាន ឱ្យ​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ការ​ឱ្យទាន ។ ឱ្យ​អ្នកមាន មានចិត្ត​សន្តោស​មេត្តា​ចំពោះ​អ្នកក្រ រួច​លោក​ឆ្លៀត​ពន្យល់​មនុស្ស​ឱ្យ​មាន​សមភាព ភាតរភាព​ឱ្យ​មានការ​រាប់រក​គ្នា​ទៅ​វិញ​ទៅ​មក កុំ​ប្រកាន់​ពូជពង្ស​ខ្ពស់​ទាប មាន​ក្រ លោក​យល់​ថា​មនុស្ស​កើតមក​មាន​វេទនារម្មណ៍ ដូច​ៗ​គ្នា មាន​សម្រេក​គម្លាន​ដូច​គ្នា មាន​ចំណង់​ចង់បាន​សុខ​សប្បាយ​ដូច​គ្នា ដូច្នេះ​ត្រូវ​តែ​មនុស្ស​ផ្តល់​សង្គ្រោះ​ចំពោះ​គ្នា​នឹង​គ្នា​ផង ។

ជា​ការណ៍​ពិត​ដែល​បង្ហាញ​នូវ​គំនិត​របស់​លោក​នេះ នៅ​ក្នុង​សៀវភៅ «​ទាន​កថា​» របស់​លោក​ៗ បាន​សរសេរ​មួយអន្លើ​ថា ពួក​សត្វ​ទាំងអស់​សុទ្ធតែ​មាន​សេចក្តីសុខ ទុក្ខ​ជាប់​ទាក់ទង​ដោយ​រាង​កាយ ឬថា​មាន​រាង​កាយ​ជាទី​អាស្រ័យ​នៅ​នៃ​សេចក្តីសុខ ទុក្ខ​ដូច​គេហដ្ឋាន​ជាទី​អាស្រ័យ​នៃ​មនុស្ស ។

ជីវិត​ដែល​តាំងនៅ​បាន ក៏​ព្រោះ​អាស្រ័យ​រាង​កាយ ការ​គ្រប់គ្រង​ចិញ្ចឹម​រាង​កាយ​ដោយ​អាហារ ផ្សេង​ៗ ក៏​ឈ្មោះ​ថា​គ្រប់គ្រង​ជីវិត​។ ការ​រក្សា​ជីវិត​របស់​មនុស្ស​ទាំងអស់ ជា​ភារៈ​យា​៉​ង​ធ្ងន់​បំផុត សាច់ឈាម ស្បែក សរសៃ ពណ៌​សម្បុរ ដែល​ចម្រើន​ស្រស់បស់​ឡើង​បាន ក៏​ព្រោះ​អាស្រ័យ​អាហារ កាលបើ​ប្រាសចាក​អាហារ​ហើយ សន្តតិ​រូប គឺ​រូប​ដែល​ចម្រើន​ជាប់​តទៅ ក៏​ឈប់​ចម្រើន រាង​កាយ​ទាំងមូល​ក៏​ស្វិត​ស្រពោន​ថយ​ចុះ​ទៅ ទាំង​ជីវិត​សោត​ក៏​តាំងនៅ​បាន​ដោយ​ក្រ ។ អាហារ​ជា​របស់​សំខាន់​សម្រាប់​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​សម​ដូច​បាលី​ថា «​ស​ព្វេ សត្តា អាហារ​ដ្ឋិ​តិ​កា​» ពួក​សត្វ​រាល់​រូប​មានជីវិត​តាំងនៅ​បាន​ព្រោះ​អាហារ ។ វត្ថុ​ដទៃ​ក្រៅ​អំពី​អាហារ​នោះ​ទៀត ជនជាតិ​មនុស្ស​ត្រូវ​មាន​លំនៅ​សម្រាប់​ជាទី​ជ្រកកោន សំពត់​សម្រាប់​ស្លៀកដណ្តប់ ថ្នាំ​សម្រាប់​កែរោគ​ក្នុង​គ្រា​ដែល​ត្រូវការ ។ វត្ថុ​អម្បាល​នេះ​សុទ្ធតែ​ជា​របស់​សម្រាប់​ឧបត្ថម្ភ​ទប់ទល់​ជីវិត​ដោយ​ពិត បើ​ប្រាសចាក​របស់​ណាមួយ ជីវិត​រមែង​តាំងនៅ​បាន​ដោយ​លំបាក ។ ជនជាតិ​មនុស្ស​លុះតែ​មានចំណេះ​វិ​ជា្ជ ឬ​កម្លាំងកាយ កម្លាំង​បញ្ញា​បរិបូណ៌ ទើប​អាច​ស្វែងរក​អាហារ​បាន​បរិភោគ រក​ទី​អាស្រ័យ​នៅ​និង​គ្រឿង​ប្រើប្រាស់​សម្រាប់​ជួ​ួ​យ​ជីវិត​បាន​គ្រប់គ្រាន់​ល្អ ។

ចំណែក​មនុស្ស​ដែល​គ្មាន​ចំណេះវិជ្ជា ខ្សោយកម្លាំង ឬ​ឥត​គុណសម្បត្តិ​ណាមួយ​ក៏​មិន​អាច​រក្សា​ជីវិត​រាង​កាយ​ឱ្យ​រស់នៅ តាម​ទំនើង​ខ្លួនឯង​បាន​ឡើយ មនុស្ស​បែប​នេះ​ត្រូវ​អាស្រ័យ​ពឹងផ្អែក​នឹង​អ្នក​ដទៃ​ឱ្យ​គេ​ជួយ​ចិញ្ចឹមជីវិត​របស់​ខ្លួន​ជា​ដរាប គឺ​ឱ្យ​ជួយ​ប្រាប់​ឧបាយ​ក្នុង​ការ​ចិញ្ចឹមជីវិត ការ​រក្សា​រាង​កាយ និង​ការ​រក្សា​ចិត្ត​ឱ្យ​តាំងនៅ​ដោយ​ល្អ ព្រោះថា​មនុស្ស​ក្នុង​លោក​ទាំងអស់​រមែង​មាន​វាសនា ឬ​គុណសម្បត្តិ និង​កម្លាំង ផ្សេង​ៗ​គ្នា ចំណែក​ខាង​មនុស្ស​ដែល​ខ្សត់ខ្សោយ​វាសនា និង​គុណសម្បត្តិ ឬ​ខ្សោយ​កម្លាំងកាយ នឹង​សម្ងំ​នៅ​តាម​ទំនើង​ខ្លួនឯង​មិន​បាន ត្រូវធ្វើ​សមាគម​គប់​រក​មនុស្ស​ដែល​សម្បូរ​វាសនា និង​គុណសម្បត្តិ ឬ​កម្លាំងកាយ​ឱ្យ​ជួយ​ណែនាំ​បង្ហាត់បង្រៀន ជួយ​ជ្រោមជ្រែង​ដោយ​ទ្រព្យ​របស់ ឬ​ភោជនាហារ​សម្រាប់​ចិញ្ចឹមជីវិត ។ មនុស្ស​ដែល​មាន​វាសនា​និង​គុណសម្បត្តិ​ខ្ពង់ខ្ពស់ ក៏​ត្រូវ​តែ​ទទួល​អភិបាល​រក្សា​មនុស្ស​ដែល​នៅ​តូច​ទាន់​ខ្ចី ឬ​ថោកទាប​ជាង​ខ្លួន ដោយ​កិច្ច​ប្រៀនប្រដៅ និង​ទ្រព្យសម្បត្តិ​ជាដើម​ទុន ឬ​អាហារ​សម្រាប់​បរិភោគ​រាល់​ថ្ងៃជា​ដរាប ដូច​មាតាបិតា​ជា​ប្រធាន​នៃ​បុត​ធីតា ។ ការ​ឱ្យ​អាហារ ឬ​គ្រឿង​ប្រើប្រាស់​គ្រប់​យ៉ា​ង​នេះ​ជា​កល្យាណ​ប្បវេណី ជា​ទំនៀម​មួយ​ដ៏​វិសេស​ជាប់​មក​តាំងពី​មុន​ពុទ្ធកាល តាម​បាលី​លោក​ហៅ​ថា «​ទានៈ​» ប្រែ​ថា «​ការ​ឱ្យ​» ។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ជា​អ្នកមាន​ចិត្ត​អាណិត​ទោរទន់​ទៅ​រក​មនុស្ស​សត្វ​ដទៃ ហើយ​បានឱ្យ​គ្រឿង​បរិភោគ ដោយ​សេចក្តី​អាណិត​តែ​ម្យា​៉​ង​មិន​អាស្រ័យ​យក​កម្លាំង​ប្រើប្រាស់ ការ​ឱ្យទាន​ដូច្នេះ​ហៅ​ថា «​ករុណា​ទាន​» ។

បុគ្គល​ខ្លះ​យល់​ច្បាស់​ក្នុង​គុណូបការៈ ឬ​គុណសម្បត្តិ​ណាមួយ​របស់​លោក​អ្នកមាន​គុណមាតា បិតា គ្រូអាចារ្យ ឬ​លោក​អ្នក​ទ្រទ្រង់​នូវ​គុណ​មាន​សីលគុណ​ជាដើម ក៏​ធ្វើ​ទាន​ចំពោះ​លោក​អ្នក​មានគុណ​នោះ ការ​ឱ្យទាន​ដូច្នេះ​ហៅ​ថា «​បូជា​ទាន ឬ​បដិការ​ទាន​»​។

មនុស្ស​ពួក​ខ្លះ​ជា​អ្នកមាន​ចិត្ត​ធូរ​ទូលាយ​ចង់ឱ្យ​ប្រយោជន៍​ឱ្យ​សេចក្តីសុខ សេចក្តីចម្រើន​ដល់​អ្នក​ដទៃ ដែល​ជា​ញាតិសាលោហិត ឬ​មិត្តសម្លាញ់ ឬ​ក៏​ជា​មនុស្ស​រួម​ជាតិ​ជាមួយ​គ្នា ដែល​ល្មម​ទទួល​អំណោយ​ការ​សង្គ្រោះ​បាន ហើយ​ចែកទ្រព្យ​សម្បត្តិ​ជាដើម​ទុន​ក្តី គ្រឿង​បរិភោគ គ្រឿង​ប្រើប្រាស់​ក្តី ដើម្បី​ទំនុកបម្រុង​ជួយ​ជា​កម្លាំង​សង្គ្រោះ​ឱ្យ​កើត​ប្រយោជន៍​ស្មើមុខ​គ្នា​ឡើង ការ​ឱ្យទាន​ដូច្នេះ​ហៅ​ថា «​អនុ​គ្គ​ហ​ទាន ឬ​សង្គហ​ទាន​» ។

នេះ​គ្រាន់តែ​សម្រង់​ខ្លី​មួយ​ដែល​យក​ចេញពី «​ទាន​កថា​» របស់​លោក​អាចារ្យ​ហែម ចៀវ ដែល​ស​ឱ្យ​ឃើញ​ថា​លោក​ជា​អ្នក​ឱ្យទាន និង​ជា​អ្នក​ចូល​ចិត្ត​សង្គ្រោះ​ចំពោះ​គ្នា​នឹង​គ្នា ជា​ពិសេស​ចំពោះ​ជនរួមជាតិ​ខ្មែរ​នេះឯង​តែ​ម្តង ។ នេះ​ក៏​គឺជា​តម្លៃ​នៃ​គុណធម៌​របស់​លោក​មួយ​ផ្នែក​យ៉ាង​សំខាន់ ។

វគ្គ​ទី​៦ ព្រះ​អាចារ្យ​ហែម ចៀវ និង​ការ​បដិវត្ត
ក្នុង​ពេល​នោះ​ដែល​ប្រទេស​យើង​នៅ​ក្រោម​អំណាច​បារាំង មាន​អ្នក​ស្នេហា​ជាតិ​មួយ​ចំនួន មានចិត្ត​មោះមុត ឥត​ខ្លាច​គុក​ច្រវាក់ ឥត​ខ្លាច​ស្លាប់ ឥត​ខ្លាច​ចោលស្រុក បាន​លបលាក់​បបួល​គ្នា ធ្វើការ​តស៊ូ​ប្រឆាំង​នឹង​បារាំង ។ ក្នុង​បណ្តា​វីរជន​ទាំងនោះ មាន​លោក​សឹង ង៉ុ​កថា​ញ់ ជា​មេដឹកនាំ បាន​នាំ​គ្នា​ធ្វើ​បដិវត្តន៍​ឡើង ។ ការ​បដិវត្ត​នេះ ត្រួសត្រាយ​ឡើង​ក្នុង​ឆ្នាំ​១៩៣៦​តាម​ផ្លូវ​សារព័ត៌មាន «​នគរវត្ត​» សារព័ត៌មាន​នេះ មាន​គោលបំណង​សរសេរ​ដាស់តឿន ក្រើនរំលឹក​ប្រជាជន​ខ្មែរ​ពេល​នោះ​ឱ្យ​មាន​សង្ឃឹម ឱ្យ​មាន​សេចក្តី​ក្លាហាន រៀបរាប់​ពន្យល់​អំពី​តម្លៃ​នៃ​ឯករាជ្យ​ប្រទេស ឱ្យ​ចេះ​តស៊ូ​… ។

ប្រជាជន​ខ្មែរ​គ្រានោះ​កាលបើ​បានឃើញ​កាសែត​នេះ ក៏​ដូច​ជា​មាន​ស្មារតី​ភ្លឺ​ថ្លា​គ្រប់​គ្នា ចេះ​ស្រឡាញ់​សិទ្ធិ​សេរីភាព ឯករាជ្យ​ស្រុក​ទេស​ឡើង ។ ពួក​បដិវត្តន៍ គឺ​ពួក​អ្នក​សារព័ត៌មាន «​នគរវត្ត​» ជំនាន់​នោះ មាន​ប្រជាប្រិយភាព​ណាស់ មាន​ព្រះសង្ឃ អ្នកស្រែ​ចម្ការ មន្ត្រីរាជការ​ស្រឡាញ់រាប់អាន​កាន់តែ​ច្រើន ។

ហេតុការណ៍​ទាំងនោះ នាំ​ឱ្យ​រាជការ​អាណានិគម​បារាំង​មានការ​ចាប់អារម្មណ៍ ហើយ​ក៏​ចាប់ផ្តើម​តាមដាន​សកម្មភាព​របស់​ពួក​នេះ​ជា​លំដាប់ ។

ចំណែក​អត្ថបទ​ដែល​សរសេរ​ប៉ះពាល់ ខ្លាំង​ៗ​លើ​រាជការ ឬ​វិចារណកថា ល្អ​ៗ​រំលឹក​ខ្មែរ​ឱ្យ​ចេះ​ស្រឡាញ់​ជាតិ ក៏​ត្រូវ​គេ​ដក​ចេញ​មិន​ឱ្យ​ផ្សាយ ។ ដូច្នេះ​ជួនកាល​កាសែត​ចេញ​ក្រដាស​ស​ទទេ​ត្រង់​កន្លែង​គេ​ដក​នោះ ។ ការ​នេះ​មាន​ជា​ញឹកញយ​ណាស់ ។

ដោយ​យល់​ឃើញ​ថា គ្រាន់តែ​ផ្សាយដំណឹង​បណ្តុះ​ស្មារតី​ខ្មែរ​ឱ្យ​ចេះ​យល់​រឿង​ជាតិ​តែ​តាម​ផ្លូវ​សារព័ត៌មាន​ប៉ុណ្ណោះ​ពុំ​គ្រប់គ្រាន់​ទេ ដោយ​បារាំង​ចេះ​តែ​ដក​អត្ថបទ ល្អ​ៗ​ចេញ​មិន​ឱ្យ​ផ្សាយ​នោះ ទើប​លោក​សឹង ង៉ុ​កថា​ញ់ ជំនុំ​គិត​ជា​ថ្មី​រក​មធ្យោបាយ​មួយ​ផ្សេង​ទៀត​បន្ថែម​លើ​ផ្លូវ​សារព័ត៌មាន​នេះ គឺ​បំបែក​ឱ្យ​មាន​ក្រុម​ដើរ​ទាក់ទង​ផ្ទាល់​នឹង​ប្រជារាស្ត្រ និង​ក្រុម​ទាហាន​ជើង​ក្រហម ទាហាន​ជើង​ខ្មៅ ព្រមទាំង​ឃោសនា​ប្រាក់​កាស​មក​បន្តសកម្មភាព​បដិវត្តន៍​ផង ។ ក្រុម​នេះ​មានលោក​សឹង ង៉ុ​កថា​ញ់ ជា​មេ និង​មាន​លោក​បុ​៊​ណ្ណ​ចន្ទ ម៉ុ​ល លោក​នួន ឌួ​ង និង​លោក​ជុំ មួ​ង ។​ល​។ ជា​សមាជិក ។

គឺ​ជំនាន់​នោះ​ឯង​ហើយ​ដែល​ព្រះ​អាចារ្យ ហែម ចៀវ ត្រូវ​បាន​មានឈ្មោះ​រាប់​បញ្ចូល​ទៅ​ក្នុង​ក្រុម​នេះ​ដែរ ដ្បិត​ការ​ល្បីល្បាញ​របស់​លោក​ខាង​ផ្នែក​ទេសនា និង​ខាង​បណ្តុះ​គំនិត​ថ្មី​នោះ នាំ​ឱ្យ​ពួក​បដិវត្តន៍​នឹកឃើញ​លោក​ភ្លាម ហើយ​ចូល​ទៅ​ប្រាស្រ័យ​ទាក់ទង​ភ្លាម សុំ​ឱ្យ​លោក​ជួយ​ក្នុង​ផ្នែក​ឃោសនាអប់រំ​ពន្យល់​ប្រជាពលរដ្ឋ​នេះឯង ។

សម័យ​នោះ​ទាហាន​ជើង​ក្រហម និង​ទាហាន​ជើង​ខ្មៅ ចេះ​តែ​ទាស់ទែង​គ្នា​ដោយ​ប្រកាន់​បក្សពួក ។ បារាំង​ជា​មេទាហាន​ក៏​សូម​ឱ្យ​ព្រះសង្ឃ​ខ្មែរ​ទៅ​ទេសនា​ទូន្មាន​នាយទាហាន​ទាំងនោះ គ្រប់​បន្ទាយ​ក្នុង​មួយ​ខែ​ម្តង ដើម្បី​អប់រំ​ឱ្យ​មាន​សីលធម៌ និង​កិរិយាមារយាទ​ល្អ​ឡើង ។

ការ​ចាត់​ព្រះសង្ឃ​ឱ្យទៅ​ទេសនា ឬ​ធ្វើ​សន្និសីទ​ដើម្បី​អប់រំ​ទាហាន​តាម​លទ្ធិ​ព្រះពុទ្ធ​សាសនាជា​ភារៈ​លើ​ពុទ្ធ​សាសន​បណ្ឌិត្យ ។ ជួនកាល​មាន​ចាត់​ព្រះសង្ឃ​ឱ្យទៅ​ទេសនា​រហូត​ដល់​មាត់ជ្រូក (Chaudoc) ជាដើម ។

កាល​ណោះ​លោក​សឹង ង៉ុ​កថា​ញ់ ធ្វើការ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ និង​ព្រះរាជ​បណ្ណាល័យ​ដែល​រួម​អគារ​ជាមួយ​គ្នា ជា​ជំនួស​ក្រមការ ជុំ ម៉ៅ ដែល​ផ្លាស់​ចេញ​ក្រោម​បង្គាប់​នាង​កញ្ញា​ជាតិ​បារាំង​ម្នាក់​ឈ្មោះ ការ​បឺ​ឡេ​ស (Melle Karpeles) ដែល​មាន​ឋានៈ​ជា​អគ្គលេខាធិការ​នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ និង​ជា​អ្នក​គ្រប់​គ្រង​​ព្រះរាជ​បណ្ណាល័យ ។

លោក​សឹង ង៉ុ​កថា​ញ់ ទទួលភារៈ​ជា​អ្នក​ចាត់​ព្រះសង្ឃ​ឱ្យទៅ​ទេសនា​ប្រដៅ​ទាហាន​ជួស​នាង​កញ្ញា​ការ​បឺ​ឡែ​ស ។ ម្ល៉ោះហើយ​ជា​ឱកាសល្អ​របស់ លោក ៗ​ជ្រើសរើស​តែ​ព្រះសង្ឃ​ណា​ដែល​ស្នេហា​ជាតិ​មុតមាំ និង​បាន​វោហារ​ក្បោះក្បាយ​ក្នុង​ការ​ពន្យល់​បញ្ចុះបញ្ចូល​ទាហាន ដោយ​អាស្រ័យ​ធម៌​ទេសនា ។ ពេល​នោះ​ព្រះ​អាចារ្យ ហែម ចៀវ ក៏​ត្រូវ​បាន​លោក​សឹង ង៉ុ​កថា​ញ់ ជ្រើសរើស​ឱ្យទៅ​បំពេញ​បេស​កម្មនេះ ។

លោក​អាចារ្យ ហែម ចៀ បាន​ទេសនា​ពន្យល់​ទាហាន​ជើង​ក្រហម ទាហាន​ជើង​ខ្មៅ​ឱ្យ​ឈប់​ឈ្លោះ​គ្នា ។ រាល់ដង​លោក​បាន​បង្ហាញ​ឱ្យ​ដឹង​ថា «​យើង​ទាំងអស់​គ្នា​សុទ្ធតែ​ជា​ខ្មែរ មាន​សាច់ឈាម​ដូច​គ្នា បីដូច​កូន​ដែល​កើតមក​ពី​ផ្ទៃ​ម្តាយ​តែ​មួយ យើង​មិន​គួរ​ទាស់ទែង​ខ្វែងគំនិត​គ្នា​ទេ​»​។

រួច​លោក​តែងតែ​ឆ្លៀត​ទេសនា​បញ្ឆៀង​រំលឹក​ឱ្យ​ដឹង​ថា «​ការ​ទាស់ទែង​ខ្វែងគំនិត​គ្នា​នេះ មុខគួរ​ឱ្យ​ស្តាយ​ណាស់ ព្រោះ​គ្មាន​ប្រយោជន៍​អ្វី​សោះ​ដល់​រូបយើង ដ្បិត​យើង​នៅ​ក្រោម​អំណាច​គេ​គ្រប់​គ្នា ទាស់ទែង​គ្នា​ទៅ ក៏​មិនឃើញ​នរណា​គ្រាន់បើ​ជាង​នរណា​ដែរ បីដូច​ជា​មាន់​បញ្ជល់​តើ​បាន​ប្រយោជន៍​អ្វី​ក្រៅពី​បាន​ទទួល​ការ​ឈឺចាប់​ធ្លុះធ្លាយ​រោម​សាច់ ឈាម​ដាប​ខ្លួន​នោះ ? ឯការ​ចំណេញ​គឺ​បាន​ទៅ​លើ​មនុស្ស​ដែល​ជា​ម្ចាស់​នោះ​ទៅ​វិញ​ទេ​» ។

ហើយ​អំពើ​នេះ លោក​អាចារ្យ​ហែម ចៀវ ប្រព្រឹត្ត​មករ​ហូត​ដល់​ឆ្នាំ​១៩៤២ ។

ដោយ​ការ​ទេសនា​បញ្ឆិតបញ្ឆៀង​នេះ ទាហាន​ខ្មែរ​ទាំងឡាយ ក៏​សឹង​បាន​យល់​ដឹង​ច្រើន ហើយ​កាន់តែ​ស្គាល់​ព្រះ​អាចារ្យ ហែម ចៀវ កាន់តែ​ច្រើន​ឡើង គេ​ក៏​បាន​ភ្លឺ​ថ្លា​ស្មារតី​ឡើង ។ ជំនាន់​នោះ​ទាហាន​ខ្មែរ​យើង​សក្តិ​ធំ​បំផុត​ត្រឹម​ព្រិ​ន្ទ​បាល ។

ឯ​ចំណែក​គិញ​បារាំង តែង​ឃ្លាំ​សកម្មភាព​របស់​ក្រុម​បដិវត្តន៍​នោះ ក៏​តែង​កត់សម្គាល់​នូវ​ការ​ដែល​លោក​អាចារ្យ ហែម ចៀវ ទេសនា​ជា​ប្រក្រតី​ដែរ វា​ដឹង​ថា លោកគ្រូ​នេះ​មានគំនិត​បដិវត្តន៍​ហើយ តែ​វា​ពុំ​ទាន់​ចាប់​ថ្នាក់​បាន​នៅឡើយ​ចាំ​សង្កេត​ទៅ​ទៀត ។

សូម​ជម្រាប​ថា នៅ​ឆ្នាំ​១៩៤០ អ្នកដឹកនាំ​បដិវត្តន៍​បាន​ទាក់ទង​នឹង​កងទ័ព​ជប៉ុន ដែល​ទើបនឹង​ចូល​មក​ដល់ ។ លោក​សឹង ង៉ុ​កថា​ញ់ បាន​ទៅ​ទាក់ទង​យា​៉​ង​សម្ងាត់​ជាមួយនឹង​មេទ័ព​ជប៉ុន តាម​រយៈ​មេ​ហាង​ឈ្មោះ ដាយ ណ​ង់​គូ​ស៊ី ដែល​តាំងនៅ​មុខ​ផ្សារ​ចាស់ នៅ​ជ្រុង​ផ្លូវ​ពី​គេ (​ឥឡូវ​ឧក​ញ៉ា ផ្លុ​ង​) និង​ជ្រុង​ផ្លូវ អូ​ហី​យេ (​ឥឡូវ​ផ្លូវ ពោ​កំបោរ​) ដើម្បី​សុំ​ជា​ជំនួយ​កងទ័ព​របស់​ជប៉ុន ឱ្យ​គេ​ជួយ​ធ្វើ​អន្តរាគមន៍​ផង ប្រសិនបើ​មានការ​ថ្លោះធ្លោយ​បែក​ការណ៍​ដឹង​ដល់​បារាំង ហើយ​បារាំង​នឹង​ធ្វើបាប​នោះ ។ មេ​ហាង​ដាយ​ណ​ង់​គូ​ស៊ី នោះ​ក៏​គឺជា​មេ​ហាង​របស់​ជប៉ុន តាំង​សម្រាប់​ធ្វើ​ចារកម្ម​សើ​ុ​ប​ការណ៍​ចំនួន​កងទ័ព​បារាំង​នៅ​ស្រុក​ខ្មែរ​ដែរ ។ មេ​ហាង ដាយ​ណ​ង់​គូ​សី ព្រមព្រៀង​ជួយ​ដោយ​បញ្ជាក់​ប្រាប់​លោក​សឹង ង៉ុ​កថា​ញ់ ថា បើ​ថ្លោះធ្លោយ​ដោយហេតុ​ណាមួយ ត្រូវ​តែ​ប្រញាប់​ប្រញាល់​​រត់​ចូល​ទៅ​កង​តម្រួតយោធា​ជប៉ុន (​គឺ​កន្លែង​សង់​ជា​ធនាគារជាតិ​កម្ពុជា​សព្វថ្ងៃ​នេះ​) គេ​ការពារ​យើង​មិន​ឱ្យ​បារាំង​ចាប់​បាន ។ លោក​សឹង ង៉ុ​កថា​ញ់ ក៏​ប្រាប់​លោក​អាចារ្យ ហែម ចៀវ និង​អស់លោក​ឯទៀត​ឱ្យ​ដឹង​គ្រប់​គ្នា ។

លោកគ្រូ​អាចារ្យ​ហែម ចៀវ តែ​កាលណា​មានឱកាស​និមន្ត​ចេញ​ទៅ​ខេត្ត​ក្រៅ តាម​ការ​និមន្ត​របស់​គេ ឬ​ដោយ​មានការ​អ្វី លោក​តែងតែ​ឆ្លៀត​និយាយ​ពន្យល់​បំភ្លឺ​អ្នកស្រុក អ្នកស្រែ​ឱ្យ​ស្រឡាញ់​ជាតិ ឱ្យ​អង់អាច ឱ្យ​ស្រឡាញ់​សេរីភាព ។​ល​។ ការ​ពន្យល់​បំភ្លឺ​របស់​លោក ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់រលឹក​កាន់តែ​ខ្លាំង​ឡើង ហើយ​គេ​តែង​នាំ​គ្នា​រៃ​អង្គាសប្រាក់​កាស​ដោយ​ជ្រះថ្លា​ចូល​ជា​កុសល​ចំពោះ​រូប​លោក ដើម្បី​នឹង​យក​ទៅ​ចាត់ចែង​ជា​ប្រយោជន៍​ក្នុង​ការ​បដិវត្ត​ថែម
ទៀត​ផង ។

វគ្គ​៧ ការ​ចាប់​ផ្សឹក​លោកគ្រូ​អាចារ្យ ហែម ចៀវ
តាំងពី​បាន​ចូលខ្លួន​ជា​អ្នក​ឃោសនា ដើម្បី​រំដោះ​ស្រុក​ទេស​នេះ​មក លោកគ្រូ​អាចារ្យ ហែម ចៀវ ត្រូវ​បាន​គិញ​បារាំង​តាមដាន​យ៉ា​ង​ស្វិតស្វាញ ដូច​ជា​គេ​ធ្វើ​ឡើង​ជាមួយនឹង​ពួក​អ្នកនយោបាយ​ឯទៀត មាន​លោក​សឹង ង៉ុ​កថា​ញ់ ជាដើម​នោះ​ដែរ ។ គិញ​បារាំង​តែង​រាយការណ៍​ប្រាប់​ចៅហ្វាយនាយ​គេ​រាល់ពេល​ដែល​មានរឿង​ប្លែក​ៗ ។ ភ្ញៀវ​ដែល​ចេញចូល​ទាក់ទង​នឹង​លោកគ្រូ​អាចារ្យ ហែម ចៀវ ជា​ញឹកញយ​នោះ​គឺ​មាន​លោក​សឹង ង៉ុ​កថា​ញ់​, ចៅ សែន​កុសល ឈុំ ,​សឹម វា​, ប៉ាច ឈឺ​ន​, លោក​តេជៈ​, តាន់ ម៉ៅ និង​ទាហាន​ជើង​ខ្មៅ ជើង​ក្រហម​ខ្លះ​ទៀត ។ ព្រះ​អាចារ្យ ហែម ចៀវ លោក​ជា​អ្នក​មានះ និង​ក្លាហាន​ណាស់ សូ​ម្បី​មិត្តភក្តិ​លោក​ប្រាប់​លោក​ឱ្យ​ប្រយ័ត្ន​គេ​ធ្វើបាប​យា​៉​ង​ណា​ក៏​ដោយ ។ ការ​មួយទៀត​ដែល​នាំ​ឱ្យ​លោក​មានរឿង​កាន់តែ​ច្រើន គឺ​លោក​មិន​ខ្លាច​នឹង​និមន្ត​ទៅ​ទេសនា​នៅ​កន្លែង​ពុទ្ធបរិស័ទ​ណា​ដែល​ស្អប់​លោក​ទេ ឱ្យ​តែ​គេ​និមន្ត​ទៅ ។ លោក​ជា​បព្វជិត​ផ្នែក​គណៈមហានិកាយ ទេសន៍​ល្បីល្បាញ តើ​គេ​អ្នក​ប្រកាន់​បុរាណ​នោះធ្វើ​ម្តេច​នឹង​សប្បាយចិត្ត ?

ដោយសារ​មានឈ្មោះ​ល្បីល្បាញ​គ្រប់​មជ្ឈដ្ឋាន​ដូច្នេះ​ហើយ បានជា​លោកគ្រូ​អាចារ្យ ហែម ចៀវ ត្រូវ​បាន​ក្លាយ​ខ្លួន​ជាទី​ដៅ​នៃ​ចុង​ព្រួញ​របស់​គិញ​បារាំង និង​ពួក​ស្អប់​លោក ។ គិញ​បារាំង​ជា​ពិសេស​ដែល​គេ​ត្រូវការ​យកឈ្មោះ​យស​សក្តិ​របស់​គេ​ផង គេ​ក៏​ខំធ្វើការ​ទាល់តែ​បាន​សម្រេច​។ គេ​យក​រឿង​ព្រះ​អាចារ្យ ហែម ចៀវ ដែល​គេ​ស្តាប់​បាន​ទាំង​ប៉ុន្មាន​ទៅ​ជម្រាប​ចៅហ្វាយ​របស់​គេ ។ ចាងហ្វាង​គិញ​បារាំង​កាល​ណោះ​ឈ្មោះ​ប្រូ​ហ្សឺ​តុង (Brocheton) មួយ ឈ្មោះ​សម​ប្រេ (Sambrey) មួយ ។ នៅ​ក្នុង​សេចក្តីរាយការណ៍​របស់​គេ​នោះ គឺថា​លោកគ្រូ​អាចារ្យ ហែម ចៀវ​ជា​មេដឹកនាំ​ទាហាន និង​រាស្ត្រ​ខ្មែរ​ឱ្យ​បះបោរ​ប្រឆាំង​បារាំង ។

គ្រានោះ គេ​ក៏​ចាត់​ទាហាន​ខ្មែរ​ចំនួន​១៥​នាក់​ឱ្យ​ចាំ​ចាប់​ដោយ​ស្ងាត់ កុំឱ្យ​បែក​ការណ៍ ។

នៅ​ថ្ងៃ​ទី​១៧ កក្កដា ១៩៤២ ពេល​ព្រឹក នៅ​នាយកដ្ឋាន​រដ្ឋមន្ត្រី គេ​ឃើញ​ចាងហ្វាង​គិញ​ម្នាក់ និង​លេខាធិការ​ខ្មែរ​ពីរ​នាក់​ទៀត កាន់​សំណុំរឿង​មួយ​ដុំ​ផង បាន​រាយការណ៍​ជម្រាប​លោក​អឹុ​ង អីុ នាយក​រដ្ឋមន្ត្រី ព្រមទាំង​លោក​ទា សាន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ធម្មការ និង​មន្ត្រី​ឯទៀត ។

ក្រោយ​ដែល​បាន​ជំនុំ​គ្នា​មក លោក​ទា សាន បាន​បញ្ជា​ទៅ​លោក​ជុំ មួ​ង ដែល​ពេល​នោះ​ធ្វើ​ជា​លេខាធិការ​ក្រោម​បង្គាប់​លោក​ឱ្យទៅ​និមន្ត​លោកគ្រូ​អាចារ្យ ហែម ចៀវ មក ។ លោក​ជុំ មួ​ង ក៏​ទៅ​វត្ត​ឧណ្ណាលោម ជួបនឹង​លោកគ្រូ​អាចារ្យ​ហែម ចៀវ ហើយ​ទូល​និមន្ត​តាម​លោក​រដ្ឋមន្ត្រី​ប្រើ ។ ព្រះ​អាចារ្យ​ហែម ចៀវ នឹក​ប្លែក​ដែរ សួរ​ទៅ​លោក​ជុំ មួ​ង ថា​តើ​លោក​រដ្ឋមន្ត្រី​ឱ្យ​និមន្ត​ទៅ​មានការ​អ្វី ? លោក​ជុំ មួ​ង ក៏​ទូល​តាម​ដំណើរ​ដែល​បានឃើញ​បារាំង​មក​ជំនុំ តែ​ពុំ​បានដឹង​ជា​រឿង​អ្វី ។

ក្រោយ​ដែល​បាន​ចូល​ទៅ​បំពេញ​កិច្ចការ​នៅ​រោង​ពុម្ព​សារព័ត៌មាន «​នគរវត្ត​» រួច លោកគ្រូ​អាចារ្យ​ហែម ចៀវ និង​លោក​ជុំ មួ​ង ក៏​ធ្វើ​ដំណើរ​ទៅ ។

នៅ​តាម​ផ្លូវ​ព្រះ​អាចារ្យ ហែម ចៀវ មាន​ពុទ្ធដីកា​នឹង​លោក​ជុំ មួ​ង ថា ប្រហែល​គេ​និមន្ត​ទៅ​នេះ​ដើម្បី​សួរ​ព័ត៌មាន​សកម្មភាព​របស់​យើង​ហើយ បើ​គេ​សួរ យើង​ឆ្លើយ​ប្រកែក​ថា តែ​មិនដឹង​ទៅ រួច​លោក​មាន​ពុទ្ធដីកា​ទៀត​ថា លោក​សឹង ង៉ុ​កថា​ញ់ មាន​ផ្តាំ​នឹង​អាត្មា​ថា បើ​បារាំង​វា​ដឹង​រឿង ត្រូវ​យើង​ប្រញាប់​រត់​ចូល​ទៅ​ឯ​មន្ទីរ​កង​អាវុធហត្ថ​ជប៉ុន​ទៅ ទើប​រួចខ្លួន ។

លោក​អាចារ្យ​ហែម ចៀវ និង​លោក ជុំ មួ​ង យល់​ថា ច្បាស់​ជា​បារាំង​វា​ដឹង​រឿង​សម្ងាត់​ខ្លះ​ហើយ ពេល​នេះ​ប្រហែលជា​វា​ពុំ​ទាន់​ធ្វើ​អ្វី​ទេ វា​គ្រាន់តែ​ហៅ​ទៅ​សួរ​ទេ មើលទៅ​…​។

លោក​អាចារ្យ ហែម ចៀវ និង​លោក​ជុំ មួ​ង ទៅ​ដល់​សាលសន្និសីទ​គណៈរដ្ឋមន្ត្រី ។ លោក​អាចារ្យ ហែម ចៀវ ចូល​តែ​មួយ​អង្គ​លោក​ទៅ​ក្នុង​កន្លែង​ប្រជុំ ក៏​ជួបនឹង​អស់លោក​បារាំង និង​ខ្មែរ​កំពង់​រង់ចាំ ។ លោក​ពុំ​ទាន់​បាន​សាកសួរ​ដូច​ម្តេច​ផង ស្រាប់តែ​លោក​ទា សាន និយាយ​មក​ថា «​ខ្ញុំ​ករុណា​ឱ្យ​គេ​និមន្ត​មកនេះ គឺ​ដើម្បី​សុំ​ផ្សឹក​ព្រះ​តេជគុណ​តែ​ម្តង ព្រោះ​ព្រះ​តេជគុណ​មានទោស​ដោយ​បាន​បំបះបំបោរ​ទាហាន និង​ប្រជារាស្ត្រ ឱ្យ​ប្រឆាំង​នឹង​រាជការ​អាណាព្យាបាល​» ។

ហើយ​លោក​រដ្ឋមន្ត្រី​នេះ​បង្គាប់​ទៅ​បម្រើ​ឱ្យ​ទិញ​ខោអាវ​មួយ​សម្រាប់​មក ។ លោក​អាចារ្យ ហែម ចៀវ ស្រឡាំងកាំង ធ្មឹង​បន្តិច ទើប​សួរ​ទៅ​ថា ៖ «​អាត្មា​មានបាន​បំបះបំបោរ​ពី​កាលណា ? មាន​ភស្តុ​តាង​ត្រង់​ណា​ដែល​ថា អាត្មា​បំបះបំបោរ​នោះ ?​» ។

លោក​ទា សាន តប​ថា ៖ «​រាជការ​អាណាព្យាបាល បាន​តាមដាន​សកម្មភាព​របស់​ព្រះ​តេជគុណ​យូរណាស់​ហើយ គេ​ឃើញ​ព្រះ​តេជគុណ​ប្រព្រឹត្ត​នោះ​ច្បាស់លាស់​ច្រើន​កន្លែង​ណាស់ ឥឡូវនេះ​ខ្ញុំព្រះករុណា​មិន​អាច​នឹង​ទូល​ព្រះ​តេជគុណ​អ្វី​ទៀត​ទេ គឺ​សុំ​តែ​ផ្សឹក​ព្រះ​តេជគុណ​ប៉ុណ្ណោះ​ឱ្យទៅ​ជា​គ្រហស្ថ​ដើម្បី​រាជការ នឹង​សើ​ុ​ប​សួរ​តាម​ច្បាប់​តទៅ​ទៀត​» ។

ព្រះ​អាចារ្យ​ហែម ចៀវ បាត់​ព្រះ​ឧ​ស្ឋ​ត្រឹមណោះ លោក​យល់​ថា អំពើ​របស់​លោក​ទាំង​ប៉ុន្មាន​នោះ​មាន​ប្រតិកម្ម​ហើយ​តើ ។ អំពើ​ណា​មាន​ប្រតិកម្ម អំពើ​នោះ​មាន​តម្លៃ​ខ្ពស់​បំផុត ត្រូវ​តែ​ពេញចិត្ត​នឹង​ទទួលផល​របស់​អំពើ​នោះ​ចុះ !

ពេល​នោះ​គេ​បង្ខំ​ដោះ​ស្បង់​ចីពរ​លោក​ចេញ ហើយ​ឱ្យ​លោក​ស្លៀកខោ ពាក់អាវដែល​ជា​ប្រដាប់​បិទ​បាំង​កាយ​របស់​គ្រ​ហស្ត​សុទ្ធសាធ ។ គ្រាន់តែ​ក្លាយ​ខ្លួន​ជាគ្រ​ហស្ត​សាមញ្ញ​ភ្លាម តម្រួត​ក៏​បាន​នាំ​លោក​ចេញពី​កន្លែង​នោះ ចុះ​ទៅ​រក​រថយន្ត​ដែល​ចត​ចាំ​ឯ​ក្រៅ រួច​បើកបរ​ចេញ​វឹង​ទៅ​មួយ​រំពេច ។ លោក​ជុំ មួ​ង ឃើញ​ដូច្នោះ​ធ្លាក់​ថ្លើម​ក្តុក នឹក​ថា​គេ​យក​លោក​អាចារ្យ ហែម ចៀវ ទៅ​ធ្វើ​ទោស​ប្រាកដ​ហើយ ។ ចេញ​ម៉ោង​ធ្វើការ​លោក​ជុំ មួ​ង ក៏​រត់​ទៅ​ជម្រាប​លោក​សឹង ង៉ុ​កថា​ញ់ ហើយ​លោក​សឹង ង៉ុ​កថា​ញ់ ក៏​ប្រាប់​ថា ឱ្យ​ប្រយ័ត្ន​ខ្លួន «​រឿង​យើង​បែកការ​ណ៍ហើយ បារាំង​ប្រាកដជា​តាម​ចាប់​យើង​ខ្លះ​ទៀត​ហើយ ឱ្យ​ឆាប់​រត់​ចូល​ទៅ​កន្លែង​កង​អាវុធហត្ថ​ជប៉ុន​ជា​ប្រញាប់​» ។

ព្រម​គ្នា​នឹង​ពេល​ចាប់​លោក​អាចារ្យ ហែម ចៀវ នោះ​បារាំង​បាន​ទៅ​ចាប់​លោក​នួន ឌួ​ង ទៀត​នាំ​យក​ទៅ ។

នៅ​ឯ​កុដិ​របស់​លោកគ្រូ​អាចារ្យ ហែម ចៀវ ឯណោះ​វិញ ក្រោយ​ដែល​គេ​ឱ្យ​និមន្ត​លោក​ទៅ​ផុត​ដើម្បី​ផ្សឹក​នោះ ពួក​គិញ​បារាំង យួន ខ្មែរ​ក៏​តាំង​ចូល​ឆែកឆេរ កកូរកកាយ​អស់​ពេល​ប្រហែល​ពីរ​ម៉ោង ដើម្បី​រក​ឯកសារ​ដែល​គេ​ត្រូវការ ។ ពេល​នោះ គេ​ឃើញ​ពួក​ទាំងនោះ​រើ​កកាយ​ទស្សនាវដ្តី កាសែត សៀវភៅ​ធម៌ និង​ក្រដាស​ស្នាម ផ្សេង​ៗ បាចសាច​ពាសពេញ​នៅ​មុខ​កុដិ ហើយ​គេ​យក​តែ​ឯកសារ សំខាន់​ៗ និង​រូបថត​របស់​លោកគ្រូ​អាចារ្យ ហែម ចៀវ ប៉ុណ្ណោះ ។ សកម្មភាព​ឆែកឆេរ​យ៉ា​ង​ពិនិត្យពិច័យ​នេះ នាំ​ឱ្យ​អ្នក​ឈរ​មើល​សម្គាល់​ដឹង​ថា គេ​នឹង​តាម​ចាប់​ដល់​អ្នក​ដទៃ​ទៀត ដែល​មានការ​ទាក់ទង​នឹង​ព្រះ​អាចារ្យ ហែម ចៀវ ដែល​គេ​បានឃើញ​ក្នុង​សំបុត្រស្នាម​ផ្សេង​ៗ​នោះ​តទៅ​ទៀត​ពុំខាន ។ ដូច្នេះ​អ្នក​ដែល​ខ្លាច​មានទោស​ឥត​ជម្រះ​សឹង​រួចខ្លួន​គ្រប់​គ្នា ខ្លះ​គេច​ភៀស​ទៅ​ភ្លាម ខ្លះ​ទៀត​ដែល​មាន​រូបថត​ព្រះ​អាចារ្យ ហែម ចៀវ នោះ ពុំ​ហ៊ាន​ទុក​រូប​នោះ​ទេ គេ​ប្រមូល​ដុត​ចោល​គ្មាន​សល់ សូ​ម្បី​ស្រឡាញ់​រាប់អាន​យ៉ា​ង​ណា​ក៏​ដោយ ដ្បិត​ខ្លាច​បារាំង​តាំង​ស៊ើប​សង្កេត​សម្បើម​ណាស់ ។

សូម​បន្ថែម​ថា មុន​នឹង​មានការ​ចាប់​លោក​អាចារ្យ ហែម ចៀវ នេះ សម្តេចព្រះសង្ឃរាជ​សព្វថ្ងៃ កាល​ណោះ​លោក​បាន​សុបិន​ឃើញ​ថា មាន​រន្ទះបាញ់​ត្រូវ​ចេតិយ​ធំ​នៅ​វត្ត​ឧណ្ណាលោម​ផង ហើយ​លោក​ជ្រាប​ថា ប្រាកដជា​មានរឿង​ធំ​ហើយ ។

វគ្គ​ទី​៨ បាតុកម្ម​សុំ​ដោះ​លែង​លោក​អាចារ្យ ហែម ចៀវ និង​លោក​នួន ឌួ​ង
រឿង​បារាំង​ចាប់​លោក​អាចារ្យ ហែម​ចៀវ នេះ មាន​ប្រតិកម្ម​ផ្អើល​រំជួល​ឡើង ក្នុង​បណ្តា​ព្រះសង្ឃ​ជា​និស្សិត​នៃ​សាលា​បាលី​ជាន់ខ្ពស់ និង​វត្ត​នានា ដែល​ជា​មិត្តភក្តិ និង​ជា​សិស្ស​របស់​លោក ។

ឯ​ក្រុម​អ្នក​បដិវត្ត​ក៏​ប្រញាប់​ចាត់ការ​ផ្សាយដំណឹង​នេះ​ថែម​ទៀត ទៅ​គ្រប់​វត្ត​ជិត​ឆ្ងាយ​តាម​មធ្យោបាយ​ដែល​អាច​ធ្វើ​បាន ។ អ្នក​រត់ការ​ស្វិតស្វាញ​កាលនោះ​មាន​លោក​ប៊ុ​ណ្ណ​ចន្ទ ម៉ុ​ល​។ លោក​សឹង ង៉ុ​កថា​ញ់ សម្រេច​ថា ត្រូវធ្វើ​បាតុកម្ម​ស្រុះគ្នា​ជា​សន្តិវិធី​មួយ​ដើម្បី​ទាមទារ​សុំ​ឱ្យ​បារាំង​ដោះ​លែង​លោក​អាចារ្យ ហែម ចៀវ និង​លោក​នួន ឌួ​ង មក​វិញ ។ បាតុកម្ម​នោះ​ត្រូវធ្វើ​នៅ​ថ្ងៃ​ទី​២០ កក្កដា ១៩៤២ វេលា​ព្រឹក​ដោយ​ចាត់​ឱ្យ​ព្រះសង្ឃ​ឆាន់​ពេល​ព្រឹក​ឱ្យ​ហើយ​។ ក្នុង​បាតុ​កម្ម​នោះ ឥត​ត្រូវ​ឱ្យ​មាន​អាវុធ​ដំបង ព្រនង់​អ្វី​ទាំងអស់ គឺ​ឱ្យ​ដង្ហែ​ចេញ​ទៅ​សុំ​ពី​បារាំង​ដោយ​សន្តិភាព បើ​បារាំង​ធ្វើបាប​ឱ្យ​ទាំងអស់​គ្នា​ខំអត់​សង្កត់ចិត្ត កុំ​ប្រឆាំង​វាយតប់​វិញ​ឱ្យ​សោះ​។ ការ​យ៉ាង​ណា​ទៀត​មាន​ជប៉ុន ជា​អ្នក​ចាំ​ជួយ​ធ្វើ​អន្តរាគមន៍​ហើយ ។ លោក​ប៊ុណ្ណ​ចន្ទ ម៉ុ​ល ក៏​នាំ​ចំណាត់​នេះ​មក​ប្រាប់​គ្នីគ្នា ជា​ពិសេស​ប្រាប់​លោក​ប៉ា​ច ឈឺ​ន ។

លុះដល់​ថ្ងៃ​កំណត់ពេល​ព្រឹក​នោះ ព្រះសង្ឃ​បាន​ចេញពី​គ្រប់​វត្ត​ជិត​ឆ្ងាយ​មក​ផ្តុំ​នៅ​វត្ត​លង្កា​មួយ​កន្លែង វត្ត​ឧណ្ណាលោម​មួយ​កន្លែង ទើប​ចេញដំណើរ​ជា​ក្បួន​ដើរ​តម្រង់​ទៅ​កាន់​ទី​រ៉េ​ស៊ី​ដង់​នៅ​ខាងលិច​វត្ត​ភ្នំ ដោយ​របៀបរៀបរយ ។ នៅ​ខាង​មុខ​ក្បួន​មាន​បដា​សរសេរ​ថា «​សុំ​ឱ្យ​ដោះ​លែង​លោក​អាចារ្យ ហែម ចៀវ និង​នួន ឌួ​ង មក​វិញ និង ជយោ​ព្រះពុទ្ធ​សាសនា​» ជាដើម ។ លោក​បា​៉​ច ឈឺ​ន ជា​អ្នក​នាំមុខ ។

ទៅ​ដល់ទី​រ៉េ​ស៊ី​ដង់ បារាំង​មិន​ព្រម​បើក​ឱ្យ​ចូល​ទៅ​ពិគ្រោះ​ការ​ឡើយ ក៏​កើត​ទៅ​ជា​រុញច្រាន​គ្នា​ទៅ​វិញ​ទៅ​មក បាតុករ​រុញ​ប៉ូលិស​បារាំង​ទៅ​មុខ ពួក​នោះ​រុញ​ឱ្យ​ថយ​មក​វិញ ។ ឯ​លោកប៉ា​ច ឈឺ​ន ដែល​ចូល​ខក​ទៅ​ក្នុង​ទីនោះ ក៏​ត្រូវ​ពួក​គិញ​បារាំង​ចាប់​អូស​ចូល​ទៅ​បាត់ ។ ការ​នោះ​នាំ​ឱ្យ​បាតុករ​ឯ​ក្រៅ កើត​ជ្រួល​ច្របល់​ស្រែ​កថា វា​ចាប់​គ្នា​យើង​ម្នាក់​ទៀត​ហើយ «​វា​មិន​ចរចា​នឹង​យើង​ទេ ត្រូវ​ចូល​ទៅ​ជួយ​រំដោះ​គ្នា​យើង​មក​វិញ​» ទើប​រុញ​ជម្រុល​ទៅ​យក​តែ​ខ្លាំង​មែន​ទែន ធ្លាយ​របាំង​មួយ​ផ្នែក ពួក​បារាំង​អត់​ពុំ​បាន​ក៏​តាំង​ច្រាន​មក​វិញ ដោយ​ប្រើ​ដំបង​មក​លើ​បាតុករ​តែ​ម្តង ។ ពួក​បាតុករ​មានការ​ឈឺចាប់ ក៏​សន្ធាប់​ទៅ​វិញ​ដោយ​វាយ​ពួក​នោះ​នឹង​កូនតឹង ព្រះសង្ឃ​ខ្លះ​ក៏​បុក​នឹង​ចុង​ឆត្រ​ត្រូវ​ក្បាល​បារាំង​បែក​ឈាម​រហាម​មួយ​រំពេច ។

បាតុកម្ម​នេះ ក្លាយ​ដោយ​ស្វ័យប្រវត្តិ​ជា​អធិករណ៍​ប្រកាប់ប្រចាក់​គ្នា​ដោយ​កម្លាំង​ពេញបន្ទុក ពួក​បារាំង​នៅ​ខាងក្នុង​ក៏​ប្រញាប់​និយាយ​ទូរស័ព្ទ​ហៅ​គ្នា​គេ​បន្ថែម​ជំនួយ ។ រំពេច​នោះ​តម្រួត​អាវុធ​គ្រប់​ដៃ​ចំនួន​ពីរ​រថយន្ត​មក​ដល់​ភ្លាម ។ ពួក​បាតុករ​ឃើញ​ថា តស៊ូ​មិន​ឈ្នះ​ក៏​តាំង​ដោះដៃ​រត់​ចេញ​ពួក​ប្រដាប់​អាវុធ​បំបែកហ្វូង​បាតុករ​បាន តាំង​ដេញចាប់​បាតុករ​ព្រោង​ព្រាង ព្រះសង្ឃ​ក៏​តាំង​បែកខ្ញែក​ខ្លះ​ចោល​ឆត្រ ខ្លះ​ចោល​ស្បង់ គេច​តែ​អាត្មា​ខ្លាច​បារាំង​ចាប់ ។

បាតុកម្ម​ថ្ងៃ​នោះ​ត្រូវ​កងកម្លាំង​រំលាយ​ទៅ ឯ​ពួក​តម្រួតយោធា​ជប៉ុន​ក៏​មិន​ហ៊ាន​ជួយ​អ្វី​ដែរ ព្រោះ​ខុស​គម្រោងការ​ដែល​ថា ឱ្យធ្វើ​បាតុកម្ម​ដោយ​សន្តិភាព​នោះ​អស់​ទៅ​ហើយ ។ អ្នក​រួច​បាតុកម្ម មេ​ៗ​គេ​ត្រូវ​បារាំង​តាម​ចាប់​តទៅ​ទៀត ខ្លះ​រត់​រួច​ទៅ​នៅ​ឯ​វត្ត​ស្រែ​ចម្ការ ខ្លះ​រត់​របូត​ទៅ​ស្រុក​សៀម ខ្លះ​ត្រូវ​បារាំង​ចាប់​បាន​ក្នុង​កាល​ក្រោយមក ដូច​ជា​លោក​ប៊ុ​ណ្ណ​ចន្ទ ម៉ុ​ល ព្រះ​ភិក្ខុ​ប៉ា​ង ខាត់ ជាដើម ។

ការ​រំជើបរំជួល​នេះ នាំ​ឱ្យ​រដ្ឋាភិបាល​អាណានិគម​បិទ​សាលា​បាលី​ជាន់ខ្ពស់ នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​១៩៤២ ទៅ ។ ហើយ​បើក​ឡើង​វិញ​នៅ​ថ្ងៃ​ទី​០១ ធ្នូ ១៩៤២ បន្ទាប់​ពី​បាន​ចាត់ការ​ឱ្យ​លោកសង្ឃ​មាន​របៀបរៀបរយ​ហើយ​នោះ ។

វគ្គ​ទី​៩ អ្នកទោស​នយោបាយ និង​គុក
ឯ​លោក​អាចារ្យ ហែម ចៀវ និង​នួន ឌួ​ង ត្រូវ​ពួក​គិញ​បារាំង​យក​ទៅ​សាកសួរ​នៅ​ការិយាល័យ​គិញ ឱ្យ​ថតរូប និង​ផ្តិត​មេដៃ​ទុក ។ ក្រោយមក​ទៀត​មាន​រូប​លោកប៉ា​ច ឈឺ​ន ម្នាក់​ទៀត ដែល​ទើបនឹង​ចាប់​បាន​ក្រោយ ។

ក្រោយ​ដែល​បាន​សាកសួរ​ហើយ គេ​បញ្ជូន​ទៅ​នៅ​គុក​ធំ​ទាំងអស់​គ្នា ។

នៅ​ក្នុង​គុក​ធំ​មានទុក្ខ​វេទនា​ធំ​ណាស់ រក​ពាក្យ​ថ្លែង​ពុំ​បាន គេ​ដាក់​ខ្នោះ​ឱ្យ​ដេក​ផ្ទាល់​នឹង​ឥដ្ឋ​ក្នុង​បន្ទប់​ងងឹតឈឹង ពេល​បាន​ទឹក អាហារ​ទាំងអស់​សុទ្ធ​សឹង​ផ្អូម​ជូរ ចាន​ដាក់​បាយ​នោះ គឺជា​ចំណូក​ដែល​គេ​ធ្លាប់​ចូក​ឈាម​មក​នៅ​តាម​ចង្អូរ​បង្គន់ គេ​យក​ចាន​របៀប​នេះ​មក​ដាក់​បាយ​ឱ្យ​បរិភោគ ។ លោក​អាចារ្យ ហែម ចៀវ លោក​ពុំ​ទទួលទាន​ល្ងាច​ទេ ដោយ​ប្រកាន់ខ្លួន​ថា ជា​សង្ឃ​ដដែល ។ នៅ​ក្នុង​គុក​ធំ​នោះ​មាន​សេចក្តី​វេទនា​ស្មើ​ឋាននរក ។ រង​ទារុណកម្ម​នៅ​ទីនោះ​ប្រមាណ​ជា​១០​ថ្ងៃ ទើប​គេ​បញ្ចេញ ហើយ​គេ​ដាក់​ខ្នោះដៃ​នាំ​ឡើង​រថយន្ត​មួយ​ចេញ​ទៅ ។

ទាំង​បី​នាក់​នេះ មិនដឹង​ជា​គេ​នាំ​ទៅ​ណា​ទៀត​ទេ ស្រាប់តែ​រថយន្ត​នេះ​ឆ្ពោះទៅ​ឈប់​នៅ​កំពង់​ផែ​ក​ប៉ាល់​ក្រុម​ទ័​រ​ពី​យ័រ នៅ​មុខ​ផ្ទះ​លោក​រ៉េ​ស៊ី​ដង់​ស៊ូ​ប៉េ​រី​យើរ (​ដែល​ឥឡូវនេះ​ជា​វិមាន​នៃ​រដ្ឋាភិបាល​)​។ ដល់​មក​ត្រង់នេះ​ទើប​រាល់គ្នា​ភ្ញាក់​ព្រើត ដឹង​ថា គេ​បញ្ជូន​ទៅ​ព្រៃនគរ​ហើយ ។ គេ​ឱ្យ​ចុះ​ពីលើ​រថយន្ត ហើយ​បណ្តើរ​ចុះ​ក​ប៉ា​ល់ គេ​ឱ្យ​ចុះ​ទៅ​នៅ​ក្នុង​ឃ្លុប​ក​បា​៉​ល់​ដែល​ងងឹតឈឹង លែង​ដឹង​ទិស​តំបន់​អ្វី​ទាំងអស់ ឯ​ដៃ និង​ជើង​គេ​ដាក់​ខ្នោះ​ដដែល ។ អ្នក​ដែល​បារាំង​ចាប់​ទាំង​ប៉ុន្មាន​ក្នុង​រឿង​ជាមួយ​គ្នា​នេះ ដែល​ជាប់​ឃុំ​នៅ​ទីទៃ​ពី​គ្នា ស្រាប់តែ​បាន​ជួប​គ្នា​នៅ​ក្នុង​ក​ប៉ា​ល់​តែ​ម្តង ។

មិនដឹង​ជា​ប៉ុន្មាន​ម៉ោង​ទេ ។ កប៉ាល់​បើក​ចេញ​ទៅ​នោះ​ទាំងអស់​គ្នា​ដូច​ជា នៅ​ក្នុង​អន្លង់​យប់​ជ្រៅ​ងងឹត​រក​ពន្លឺ​គ្មាន ។ លុះត្រាតែ​ក​ប៉ា​ល់​ឈប់​តែ​ម្តង​ទើប​គេ​ដឹង​ថា ដល់​ដំណាក់​ហើយ​។ បន្ទាប់​ពី​ក​ប៉ាល់​ឈប់​មក ពួក​ម៉ា​ត់​ឡូ​ក៏​មក​បើក​ឃ្លុប មាន​ពន្លឺ​ចូល គេ​នាំ​គ្នា​បញ្ចេញ​ទាំងអស់​គ្នា​ឱ្យ​ឡើង​មក​លើ រួច​បញ្ជូន​តាម​រថយន្ត​ទៅ​ទៀត ទៅ​ឈប់​នឹង​អគារ​ធំ​ជង្គ្រឹង​មួយ​មាន​ស្លាក​សរសេរ​ជា​អក្សរ​បារាំង ធំ​ៗ​ថា «Prison Centrale» ទើប​រាល់គ្នា​ដឹង​ថា នេះ​ជា​គុក​ធំ​នៅ​ព្រៃ​នគរ​ហើយ ។

រំពេច​នោះ គេ​បណ្តើរ​ចូល​ទៅ​ក្នុង​គុក​នោះ​ភ្លាម គេ​ឱ្យ​ផ្លាស់​សម្លៀក​បំពាក់​ចាស់​ចេញ ឱ្យ​ស្លៀកពាក់​ខោអាវ​ខាង​គុក​គេ​វិញ រួច​នាំ​ចូល​ទៅ​ក្នុង​សាល​ធំ​នៅ​ជាន់​ទី​៤ សាល​លេខ​៣ ។

គុក​ធំ​នេះ​មាន​អគារ​តូច​ធំ​ជា​ច្រើន ខ្លះ​មួយ​ជាន់ ខ្លះ​ពីរ​ជាន់ អគារ​ដែល​ធំ ហើយ​វែង​ជាងគេ​មាន​ពីរ សង់​ជា​បួន​ជាន់ ។ អគារ​ទាំងអស់​ផ្នែក​ទី​១ នៃ​សាល​ធំ គេ​ឱ្យ​មនុស្ស​ទោស​ខ្មែរ​នៅ​ឯ​ផ្នែក​ទី​២ សម្រាប់​អ្នកទោស​យួន ។ លោក​អាចារ្យ​ហែម ចៀវ លោក​នួន ឌួ​ង លោក​ប៉ា​ច ឈឺ​ន សឹងតែ​ហេវ​ហត់​ល្វើយ​ណាស់​ទៅ​ហើយ​នោះ​ត្រូវ​បញ្ចូល​ទៅ​ខាង​ខ្មែរ ។ ពេល​ដែល​ចូល​ទៅ​ទៅ​នោះ បារាំង​ជា​អ្នក​នាំ​បាន​ទៅ​និយាយ​នឹង​ខ្មែរ​ម្នាក់​ដែល​មាន​រាង​មាំ​ក្រអាញ រាល់គ្នា​យល់​ថា ប្រហែលជា​កាប៉ូរ៉ាល់ គុក​នៅ​ទី​នេះ នៅ​ក្បែរ​អ្នក​នោះ​ឯង មាន​អ្នកទោស​មាឌ​មាំ​៤​ទៅ​៥​នាក់​ទៀត​អម ។ ក្នុង​ពេល​អ្នក​ទាំង​បី​នាក់​កំពុង​ឈរ​ពិនិត្យ​ទៅ​គេ​នោះ ស្រាប់តែ​មាន​អ្នកទោស​ផ្សេង​ម្នាក់​ដើរ សសៀរ​ៗ​មក​ជិត​លោក​អាចារ្យ​ហែម ចៀវ ហើយ​ខ្សឹប តិច​ៗ​ថា «​នែ ខ្ញុំ​អាណិត​អ្នកឯង​ណាស់ ខ្ញុំ​សុំ​ប្រាប់​អ្នកឯង​ឱ្យ​ដឹងខ្លួន​មុន កុំឱ្យ​គេ​ធ្វើបាប​ទាន់ ។ ខ្ញុំ​សុំ​ប្រាប់​ថា អ្នក​ដែល​បារាំង​កំពុងនិយាយ​រក​នោះ គឺ​កា​ប៉ូ​រ៉ាល់​ត្រួតត្រា​អ្នកទោស​ខ្មែរ គាត់​កាច​សាហាវ​ណាស់ គេ​ហៅ​គាត់​ថា ដៃ​បិ​វ តាម​ពាក្យ​យួន ។ កា​ប៉ូ​រ៉ាល់​នោះ ជា​ខ្មែរ​កម្ពុជា​ក្រោម ជា​ទាហាន​ជាប់​ទោស​យូរហើយ ។ ពួក​អ្នកឯង​ចូល​ទៅ ត្រូវ​មានការ​គោរព​សំពះ​គាត់​នោះ​ដូច​ស្តេច ហើយ​ត្រូវ​ពោល​ពាក្យសុំ​ជ្រកកោន​គាត់​ផង ទើប​សុខ​ខ្លួន បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​គាត់ និង​ពួក​គាត់​វាយដំច្រំធាក់​ឥត​ប្រណី​ឥឡូវ​ហ្នឹង​» ។ និយាយ​ប្រាប់​ដូច្នោះ​ហើយ អ្នកទោស​នោះ​គេចខ្លួន​ទៅ ។ ឯ​ព្រះ​អាចារ្យ​ហែម ចៀវ ក៏​រហ័ស​កេះ​ប្រាប់​លោក​នួន ឌួ​ង ជា​សិស្ស​ឱ្យ​ចាំ​ធ្វើ​តាម​ពាក្យ​គេ​ប្រាប់ ។ ពេល​នោះ​បារាំង​ថយ​ទៅ​វិញ កាប៉ូរ៉ាល់​គុក​ក៏​ហៅ​អ្នកទោស​មក​ថ្មី​ទាំង​បី​នាក់ ។

លោក​នួន ឌួ​ង ចូល​មុនគេ​លុតជង្គង់​វារ​ទៅ​ជិត​លើកដៃ​សំពះ ។ កា​ប៉ូ​រ៉ា​ល់​នោះ​សួរ​ដោយ​ទឹកមុខ​កាច​ថា «​អាឯង​មានរឿង​អី បានជា​មក​ជាប់គុក ?​» លោក​នួន ឌួ​ង ឆ្លើយ​ថា «​សូមទោស​លោក គេ​ចោទ​ថា ខ្ញុំ​បាន​បំបះបំបោរ​ក្បត់​បារាំង​» ។ គ្រាន់តែ​ឮ​ថា ក្បត់​បារាំង​ដូច្នេះ កា​ប៉ូ​រា​៉​ល់​នោះ​ស្រាប់តែ​ស្រែ​កថា «​យើ​អាឯង​ក្បត់​បារាំង​ផង ចាត់ការ​ទៅ​កនយើង​»​។ គ្រាន់តែ​ឮ​បញ្ជា​ដូច្នេះ អ្នកទោស​អម​អង្គ​គេ​ទាំង​ប៉ុន្មាន​នោះ​ស្ទុះ​ទៅ​ទាំង​កម្រោល​វាយ​ទាត់​ធាក់​លោក​នួន ឌួ​ង ដួល​ត្រឡប់ត្រឡិន​រមៀល​ធ្លាក់​ពី​ថ្នាក់លើ​តាម​ជណ្តើរ​មក​ក្រោម​សន្លប់​ឈឹង ។ លោក​អាចារ្យ​ហែម ចៀវ នឹក​ខ្លោចចិត្ត​អាណិត​សិស្ស​។ លុះដល់​វេន​លោក​ចូល​ទៅ​សំពះ​និយាយ​ហូរហែ​ថា «​សូមទោស​លោក​ម្ចាស់ ខ្ញុំបាទ​នេះ​ជា​លោកសង្ឃ​ទេ គេ​ផ្សឹក​មក ព្រោះ​ខ្ញុំ​ទេសនា​ពន្យល់​ប្រជាជន​បងប្អូន​ខ្មែរ​ឱ្យ​ចេះ​ដឹង​ផ្លូវ​ល្អ គិញ​បារាំង​ស្អប់​ខ្ញុំ ចោទ​ខ្ញុំ​ថា​ក្បត់​បារាំង​ទៅ សូម​លោក​មេត្តា​ផង !» ។

កាប៉ូរ៉ាល់​នោះ​ដូច​ជា​ភ្ញាក់ ៖
-​ឱ​អ្នកឯង​ជា​លោកសង្ឃ​ទេ ?
-​ខ្ញុំបាទ​ជា​លោកសង្ឃ ឯ​ម្នាក់​ទៀត​នោះ​ជា​សិស្ស​របស់ខ្ញុំ ជា​អាចារ្យ បង្រៀន​មានរឿង​ដូច​ខ្ញុំ​ដែរ ! សូម​លោក​ម្ចាស់​មេត្តា​ផង ទាន​ប្រោស !
-​អូ ពួក​អ្នកឯង​ជា​មនុស្ស​ស្លូតត្រង់​ទេ មិនមែន​ជា​ចោរ​អី​ទេ អើ​អញ​អត់ឱន​ឱ្យ​ខ្លះ !

ទើប​កា​ប៉ូ​រ៉ាល់​នោះ​បង្គាប់​ទៅ​អង្គរក្ស​ទាំង​ប៉ុន្មាន​ឱ្យ​ជួយ​លើក​លោក​នួន ឌួ​ង មក​រឹត​ច្របាច់​ឱ្យ​ដឹងខ្លួន ។

លោក​អាចារ្យ​ហែម ចៀវ និង​លោក​នួន ឌួ​ង ត្រូវ​គេ​ដាក់​ឱ្យ​នៅ​ជាមួយ​គ្នា ឯ​លោកប៉ា​ច ឈឺ​ន គេ​ដាក់​នៅ​កន្លែង​ផ្សេង ។

កន្លង​មក​ប្រហែល​១០​ថ្ងៃ​ស្រាប់តែ​ឃើញ​គេ​បញ្ចូល​អ្នកទោស​ជា​គ្នា​លោក​មក​ពី​ភ្នំពេញ​ទៀត គឺ​មាន​លោក​ប៊ុ​ណ្ណ​ចន្ទ ម៉ុ​ល និង​ព្រះ​ភិក្ខុ​ប៉ា​ង ខាត់ ជាដើម ។ លោក​អាចារ្យ​ហែម ចៀវ ក៏​ប្រញាប់​និយាយ​ប្រាប់​កាប៉ូរ៉ាល់​នោះ​ជា​ស្រេច​ថា «​សុំ​លោក​អាណិត​កុំ​ធ្វើបាប​អ្នក​ទើប​មក​ដល់ ថ្មី​ៗ នេះ​ឡើយ គេ​ជា​គ្នា​ខ្ញុំ​មានរឿង​រ៉ា​វ​ដូច​ខ្ញុំ​ដែរ សុំ​អាណិត​ទៅ !» ។

កា​ប៉ូ​រ៉ា​ល់​នោះ ក៏​ងក់ក្បាល​ថា «​អើ​មិន​អី​ទេ មិន​វាយដំច្រំធាក់​ទេ តែ​ត្រូវ​ធ្វើការ​ជា​ទម្ងន់​ដូច​គេឯង​ធម្មតា !» ។

អ្នកទោស​ដែល​ទៅ​ក្រោយ​នេះ​ក៏​បាន​ធូរ​ខ្លួន​បន្តិច ដោយសារ​លោក​អាចារ្យ​ហែម ចៀវ ជួយ​និយាយ​សម្រួល​ចំពោះ​កា​ប៉ូ​រ៉ាល់​ដ៏​ឃោរឃៅ​នោះ ។

លោក​អាចារ្យ​ហែម ចៀវ ថ្វី​ដ្បិតតែ​ជាប់​ឃុំឃាំង លោក​ឆ្លៀត​ប្រាប់​អ្នកទោស​គ្នីគ្នា​ថា ឱ្យ​ខំអត់​ធ្មត់​ទៅ យើង​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ឱ្យ​គេ​ដើរ​វិញ​ហើយ រមែងតែ​ពើបប្រទះ​គ្រោះថ្នាក់​ដូច្នេះ​ឯង ។ លោក​អាចារ្យ​ហែម ចៀវ ពិសា​បាយ​តែ​ពេល​ព្រឹក​ប៉ុណ្ណោះ បាយ​ល្ងាច លោក​ទុក​ឱ្យ​លោក​អ្នកទោស​គ្រហស្ថ មាន​លោក​ប៊ុ​ណ្ណ​ចន្ទ ម៉ុ​ល ជាដើម ។

វគ្គ​ទី​១០ ថ្ងៃ​កាត់ទោស
អ្នកទោស សំខាន់​ៗ ដែល​ត្រូវ​គេ​ហៅ​ទៅ​កាត់ទោស​មុនគេ​នោះ​មាន​រូប​លោក​អាចារ្យ​ហែម ចៀវ​, ប៉ា​ច ឈឺ​ន​, នួន ឌួ​ង​, ប៊ុ​ណ្ណ​ចន្ទ ម៉ុ​ល​។ បន្ទាប់​ពី​បាន​សាកសួរ​តាម​ខ​ដែល​គេ​ចោទ​ថា យើង​ក្បត់​បារាំង​អាណាព្យាបាល​នោះ​ហើយ គេ​បាន​ទៅ​ជំនុំ​គ្នា​មួយសន្ទុះ ហើយ​ចេញ​មក​វិញ គេ​ស្រែក​ប្រកាស​ទោស​ឱ្យ​ទាំងអស់​គ្នា​ដឹង ៖

-​ឈ្មោះ​ប៉ា​ច ឈឺ​ន អ្នកឯង​ត្រូវ​ទោស​ប្រហារជីវិត​បង់ !
-​ឈ្មោះ​ហែម ចៀវ អ្នកឯង​ត្រូវ​ទោស​ប្រហារជីវិត !
-​ឈ្មោះ​នួន ឌួ​ង អ្នកឯង​ត្រូវ​ទោស​ប្រហារជីវិត ។
-​ឈ្មោះ​ប៊ុ​ណ្ណ​ចន្ទ ម៉ុ​ល អ្នកឯង​ត្រូវ​ទោស​គុក​៥​ឆ្នាំ និង​និរទេស​១៥​ឆ្នាំ មិន​ឱ្យ​ចូល​ស្រុក ហើយ​ត្រូវ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ទាំងអស់ !

ក្រោយ​នោះ​គេ​បញ្ជូន​ទៅ​គុក​ធំ​វិញ ។ នៅ​នឹង​គុក​ធំ​នោះ​អស់​ពេល​ជាង​ពីរ​ខែ ទើប​គេ​បញ្ជូន​អ្នកទោស​ខ្លះទៅ​កោះ​ត្រឡាច ។ ឯ​លោក​ទាំង​បី​នោះ​ត្រូវ​រង់ចាំ​សេចក្តីសម្រេច​សម្រាលទោស​របស់​លោក​សេនាប្រមុខ​ប៉េ​តាំង ប្រមុខរដ្ឋ​នៃ​ប្រទេស​បារាំង​ជា​ចុង​ក្រោយ ។ ការ​រង់ចាំ​នេះ​ត្រូវ​រងកម្ម​យ៉ា​ង​ទារុណ​នៅ​គុក​ព្រៃនគរ​អស់​ពេល​យ៉ា​ង​យូរ​ក្រៃ​លែង ។ ប្រហែល​៦​ទៅ​៧​ខែ​ក្រោយមក​ទើប​គេ​ប្រាប់​ថា លោក​សេនាប្រមុខ​ប៉េ​តាំង សម្រាលទោស​ពី​ប្រហារជីវិត​មក​នៅ​ត្រឹម​ទោស​អស់​មួយ​ជីវិត​វិញ ។

ក្នុង​ខែមិថុនា​១៩៤៣ គេ​ក៏​បញ្ជូន​អ្នក​ទាំង​បី​ទៅ​កាន់​កោះ​ត្រឡាច ។

វគ្គ​ទី​១១ ជីវិត​អវសាន​របស់​លោកគ្រូ​អាចារ្យ​ហែម ចៀវ
នៅ​គុក​កោះ​ត្រឡាច គេ​ដាក់​អ្នក​ទាំង​បី​ទៅ​ក្នុង​គុក​លេខ​៤ ជា​កន្លែង​ទោសឧក្រិដ្ឋ​អស់​អាយុ​ទាំងអស់​គ្នា ។ គុក​នោះ​គេ​ឱ្យ​អ្នកទោស​វេញខ្សែ​ពួរ និង​ធ្វើ​របស់ ផ្សេង​ៗ តាមតែ​បារាំង​បង្គាប់​។ នៅ​គុក​ទី​៤ គេ​ហាម​តឹង​រ៉ឹ​ង​ណាស់ មិន​ឱ្យ​មនុស្ស​ផ្សេង​ទៅ​សាកសួរ​សុខទុក្ខ​មនុស្ស​ទោស ដែល​នៅ​ក្នុង​នោះ​សោះឡើយ ប៉ុន្តែ​លោក​ប៊ុ​ណ្ណ​ចន្ទ ម៉ុ​ល ដែល​មក​ជាប់​ទោស​មុន ហើយ​ដែល​បាន​មាន​វាសនា​ធ្វើ​ជា​កា​ប៉ូ​រ៉ាល់​អ្នកទោស​ម្នាក់​ដែរ​នោះ បាន​លបលាក់​ផ្ញើ​របស់របរ​តិចតួច​ទៅ​ឱ្យ​អ្នក​ទាំង​បី​ដែរ ។ ប៉ុន្តែ​សេចក្តី​លំបាក​ទុក្ខវេទនា​ដោយ​ខ្លួន​ជា​អ្នកទោស​រង​ទារុណកម្ម បូក​នឹង​ធាតុ​ខុស​គ្នា​នៃ​ធម្មជាតិ បាន​ធ្វើ​ឱ្យ​លោក​អ្នកទោស​ទាំង​បី​នេះ​មាន​រោគាពាធ​បៀតបៀន​ជា​រឿយ​ៗ ។ ហើយ​នៅ​ទីបំផុត លោក​អាចារ្យ​ហែម ចៀវ មាន​រោគ​មួល​ជា​ខ្លាំង ឯ​លោក​នួន ឌួ​ង កើតរោគ​ស្ពឹក​ជើងដៃ ។ លោក​នួន ឌួ​ង ដោយ​ពេទ្យ​ចេះ​តែ​ចាក់​ថ្នាំ​គ្មាន​ប្រសិទ្ធភាព​ច្រើន​ម្ជុល​ពេក ក៏​ទៅ​កើត​បូស​ត្រង់​ត្រគាក ហើម​យា​៉​ង​ធំ ពេទ្យ​ក៏​វះ​យក​ខ្ទុះ​ចេញ​យ៉ាង​វេទនា​បំផុត​។ ឯ​លោក​អាចារ្យ​ហែម ចៀវ ឈឺ​ដាប​មែនទែន ងើប​លែង​រួច ចុក​រមួល​ស្លឺត​ស្លាំង​អស់​គ្មាន​សង្ឃឹម​ឡើយ !

គ្រូពេទ្យ​នៅ​កោះ​ត្រឡាច គ្មាន​ថ្នាំ​អ្វី​ព្យាបាល​អ្នកជំងឺ​ទេ ។ ហើយ​ចំពោះ​ជំងឺ​មួល​នេះ ក៏​មិនដឹង​ជា​រក​ថ្នាំ​អ្វី​ដាក់​ផង ពេទ្យ​នោះ​យក​តែ​ទឹកសមុទ្រ​ឬ​ទឹក​កំបោរ​មក​ឱ្យ​ផឹក​បញ្ចុះ​ប៉ុណ្ណោះ ។

ដោយ​ឃើញ​ថា អ្នក​ទាំង​ពីរ​ដាប​មែនទែន គេ​បញ្ចេញ​ទៅ​ដាក់​នៅ​សាល​ពេទ្យ ។

លោក​ប៊ុ​ណ្ណ​ចន្ទ ម៉ុ​ល បានដឹង​ក៏​ស្កាត់​មក​មើល​អ្នក​ទាំង​ពីរ ឃើញ​លោក​អាចារ្យ​ហែម ចៀវ ដាប​បំផុត មើលទៅ​មិន​ធារ​ទេ ក៏​និយាយ​ជួល​កម្មករ​ពេទ្យ​នៅ​ទីនោះ​ថា បើ​អ្នកជំងឺ​នោះ​ស្លាប់ សុំ​មេត្តា​កប់ខ្មោច​ដោយឡែក​ផង កុំ​កប់​លាយឡំ​ជាមួយ​ខ្មោច​ដទៃ ។ រួច​ក៏​ឱ្យប្រាក់​ខ្លះទៅ​កម្មករ​ពេទ្យ​នោះ ។

នៅ​កោះ​ត្រឡាច​នោះ​មាន​ពេល​ខ្លះ​មនុស្ស​ស្លាប់​ច្រើន គេ​យក​ទៅ​កប់​៥​ទៅ​៦​នាក់ តែ​ក្នុង​រណ្តៅ​មួយ​ក៏​មាន ។ លោក​ប៊ុ​ណ្ណ​ចន្ទ ម៉ុ​ល យល់​ថា លោក​អាចារ្យ​ហែម ចៀវ អស់​មាន​អ្វី​នឹង​ជួយ​កែ​កើត​ហើយ បើ​ស្លាប់​ទៅ​គាត់​នឹង​ត្រូវ​ចំណាំ​កន្លែង​ផ្នូរ​របស់​លោក​អាចារ្យ​តទៅ​ទៀត ហេតុ​នោះ​ទើប​គាត់​ជួល​គេ​ឱ្យ​ចាំ​កប់​ដោយឡែក​នោះ ។

ចំណែក​លោក​អាចារ្យ​ហែម ចៀវ ក្រោយ​នោះ រោគាពាធ​កម្រើក​ខ្លាំង​មែនទែន ចុក​ស្វាយ​មាត់​អស់ហើយ លោក​ននៀល​ទៅ​រក​លោក​នួន ឌួ​ង ជា​សិស្ស លោក​នួន ឌួ​ង ក៏​ខំ​កិល​មក​រក​ដែរ លើក​ក្បាល​លោក​អាចារ្យ​ជា​គ្រូ​ដាក់​លើ​ភ្លៅ ហើយ​ជួយ​រឹត​ច្របាច់​ពោះ​ឱ្យ​គ្រូ​ដោយ​គោរព ឯ​ទឹកភ្នែក​ក៏​រអិល​ចុះ​ទៅ​លើ​ទ្រូង​អាចារ្យ​ជា​គ្រូ ។ លោក​អាចារ្យ​ហែម ចៀវ ក៏​មាន​ទឹកភ្នែក​រលីងរលោង​មក​ដែរ​ដោយ​ឈឺចាប់​ពេក និង​ដោយ​អាណិត​គ្នា​ទៅ​វិញ​ទៅ​មក​ផុត​ថ្លែង ។

ដោយ​ដឹង​ខ្លួនឯង​ច្បាស់​ថា អស់​មានជីវិត​ទៅ​ទៀត​ហើយ លោក​អាចារ្យ​ហែម ចៀវ បាន​និយាយ ខ្សាវ​ៗ​ទៅ​កាន់​លោក​នួន ឌួ​ង ថា ៖

-​នួន ឌួ​ង យើង​វេទនាណាស់ ហើយ​អញ​មើលទៅ​មិន​រស់​ទេ មុខជា​ស្លាប់​ពេល​នេះ​ហើយ​! ឌួ​ង ឯង​នៅ​ក្រោយ​ខំ​ថែខ្លួន​បន្តិច​ទៅ ក្រែង​មាន​អាយុ​នឹង​ចាំ​មើល​ព្រឹត្តិការណ៍​ស្រុក​ទេស​ទៅ​ទៀត​ផង ។

លោក​នួន ឌួ​ង និយាយ​ទៅ​កាន់​លោក​អាចារ្យ​វិញ​ថា ៖

-​ព្រះ​តេជគុណ ខ្ញុំ​អាណិត​ព្រះ​តេជគុណ​ណាស់ ប៉ុន្តែ​មិនដឹង​នឹង​ធ្វើ​ម្តេច យើង​ទាំង​ពីរ​នាក់​កម្សត់​ពេក​ណាស់ !

សូម​ជម្រាប​ថា លោក​នួន ឌួ​ង ហៅ​លោក​អាចារ្យ​ហែម ចៀវ ថា «​ព្រះ​តេជគុណ​» តាម​ទម្លាប់ខ្លួន​ជា​សិស្ស​មក​ដរាប ។

លោក​អាចារ្យ​មាន​ស្មារតី​រឹង នៅ​តែ​និយាយ​ខ្សាវ​ៗ ទាំង​ចុក​រមួល​មក​ទៀត ៖

-​នួន ឌួ​ង ខ្លួន​អញ​មិន​ខ្លាច​សេចក្តីស្លាប់​ទេ តែ​អញ​នៅ​នឹក​ស្តាយ​ត្រង់​មិន​បានឃើញ​ស្រុក​យើង​បាន​ឯករាជ្យ​តែ​ម្យ៉ា​ង​ប៉ុណ្ណោះ !

លោក​នួន ឌួ​ង ឥត​តប​ទៅ​វិញ​ទេ ចេះ​តែ​ខំ​រឹត​ឱ្យ​ដោយ​ថ្នាក់ថ្នម ។ ទីបំផុត​លោកគ្រូ​អាចារ្យ​ក៏​សម្លឹងមុខ​សិស្ស​ដោយ​ក្រសែភ្នែក​ផ្ចិតផ្ចង់ រួច​លោក​ក៏​រលត់​ដង្ហើម​ទៅ ក្បាល​លោក​នៅ​កើយ​លើ​ភ្លៅ​សិស្ស​ដដែល ។ លោក​នួន ឌួ​ង ក៏​ឱនក្បាល​ទ្រោប​ទៅ​លើ​ទ្រូង​គ្រូ​ដោយ​គោរព ទឹកភ្នែក​ហូរ​ហែង​ជា​ថ្មី ស្រដី​តែ​ម្នាក់ឯង​ថា ៖ «​ឱ លោកគ្រូ​ខ្ញុំ លោក​ចាកចោល​ខ្ញុំ​ទៅ​ហើយ !»​។ ជាស​ម្តី​ពោរពេញ​ដោយ​សេចក្តី​ស្រណោះ​ស្រយុតចិត្ត​ឥត​ថ្លែង​បាន ។

ក្រោយមក​ពេទ្យ​ក៏​ចូល​មក​យក​សព​លោក​អាចារ្យ​ទៅ ។ ពេល​យក​សព​នេះ​លោក​នួន ឌួ​ង ហូរ​ទឹកភ្នែក​ម្តងទៀត លោក​តាម​មើលឃើញ​គេ​យក​សព​ព្រះ​អាចារ្យ​ទៅ​ដាក់​លើ​កន្ទេល​មួយ​ស្អាត ហើយ​រុំ​នឹង​ក្រមា​ថ្មី​មួយ រួច​ហើយ​មាន​ខ្សែ​ចង​ត្រឹមត្រូវ ។ លោក​នួន ឌួ​ង តាម​មើលទៅ​ទៀត ឃើញ​គេ​លើកសព​ដាក់​លើ​រទេះ​កង់​បី​រុញ​យក​ទៅ​… លោក​មើលឃើញ​តែ​ត្រឹមណេះ ក៏​ដាក់មុខចុះ​មក​វិញ បិទ​ភ្នែក​មួយសន្ទុះ​ផ្តាច់​ខ្សែទឹក​ភ្នែក​ដែល​ធ្លាក់​ចុះ​មក​…​។ លោក​ស្រមៃ​ឃើញ​លោក​អាចារ្យ​ហែម ចៀវ កាល​នៅ​ពី​ឆ្នាំ​មុន មិន​ទាន់​មានរឿង ជា​ព្រះសង្ឃ​អង់អាច​វាងវៃ ពូកែ​បង្រៀន ធ្វើ​ឱ្យ​សិស្ស​រីករាយ​សប្បាយ ពូកែ​ទេសនា គេ​ស្តាប់​ត្រៀបត្រា ។ លោក​នួន ឌួ​ង នឹកឃើញ​កាល​ត្រូវ​បារាំង​ចាប់ចង ស្រមៃ​ឃើញ​សេចក្តី​ទុក្ខវេទនា​យា​៉​ង​មហា​អស្ចារ្យ​នៅ​ក្នុង​គុក ឥឡូវនេះ រូប​ដែល​ធ្លាប់​មាន​សំឡេង មាន​ឧត្តមគតិ​នេះ ត្រូវ​បាន​មករ​លាយ​សូន្យ​ចាប់ពី​ពេល​នេះ​ហើយ !

លោក​នួន ឌួ​ង សង្រេង​អាណិត​លោកគ្រូ អស់​ពេល​យ៉ា​ង​យូរ ភ្លេច​ទាំង​ក្តី​ឈឺចាប់​របស់​ខ្លួន​ផង ។

លុះ​ក្រោយ​នោះ​លោក​ប៊ុ​ណ្ណ​ចន្ទ ម៉ុ​ល មក​សួរ លោក​ក៏​រៀបរាប់​តាម​ដំណើរ​ដែល​លោក​អាចារ្យ​ហែម ចៀវ បាន​ទទួលមរណភាព​នោះ​។ លោក​ប៊ុ​ណ្ណ​ចន្ទ ម៉ុ​ល មាន​ទឹកភ្នែក​ដែរ រួច​ថយ​ទៅ​វិញ ។ រំលង​មក​ជា​យូរថ្ងៃ លោក​ក៏​មក​ប្រាប់​វិញ​ថា លោក​បានឱ្យ​អ្នកទោស​យក​ដុំ​ថ្ម ធំ​ៗ​ទៅ​ដាក់​ចំណាំ​ផ្លូវ​អាចារ្យ ហើយ​ផ្នូរ​នោះ​មាន​លេខ​១.១១៣ ។ រួច​លោក​ប៊ុ​ណ្ណ​ចន្ទ ម៉ុ​ល ក៏​ខំ​និយាយ​លើកទឹកចិត្ត​រំលឹក​លោក​នួន ឌួ​ង ថា ឱ្យ​ខំ​កាត់ចិត្ត​ខ្លះទៅ កុំ​កើតទុក្ខ​ពេក​នាំ​ឱ្យ​រោគ​ចិត្ត​ត្រួត​ថែម​លើ​រោគ​កាយ​ទៀត ។ ជា​កុសល​ដែរ លោក​នួន ដួង បាន​គង់​ជីវិត​តម​ក ។

លោក​អាចារ្យ​ហែម ចៀវ បាន​ទទួលមរណភាព​ក្នុង​ជន្មាយុ​៤៥​ឆ្នាំ​នៅ​ចុងឆ្នាំ​១៩៤៣ នៅ​លើ​កោះ​ត្រឡាច​ដាច់​ស្រយាល មាន​តែ​ប្រវាលសាគរ​ព័ទ្ធ​ជុំវិញ តែ​ស្រមោល​ឧត្តមគតិ និង​គុណធម៌​របស់​លោក នៅ​តែ​រសាត់​កាត់​រលក​មក​ចាំង​ផ្តិត​លើ​ដួងចិត្ត​ខ្មែរ​គ្រប់​គ្នា​ជា​និច្ច ពុំ​បាន​រលុបរលាយ​តទៅ​តាម​ពេលវេលា​សោះឡើយ ។

ខ្មែរ​ស្រករ​នេះ និង​ស្រករ​ក្រោយ​នៅ​តែ​ចាំ​ព្រះ​នាម​លោក ចាំ​សកម្មភាព​របស់​លោក ហើយ​រំលឹក​គុណ​លោក​ជា​ប្រក្រតី ។

អ្នក​រៀបរៀង​បញ្ជាក់​ថា បានជា​ព្រះ​អាចារ្យ​ហែម ចៀវ ត្រូវ​តម្កល់​តម្កើង ព្រោះ​មក​ពី​លោក​ជា​អ្នក​នាំ​បំភ្លឺ​ផ្លូវ ក្នុង​ការ​សាង​ស្រុក​ខ្មែរ​ឆ្ពោះទៅ​រក​ឯករាជ្យ ក្នុង​សម័យ​ដែល​ស្រុក​នេះ​នៅ​ក្រោម​អំណាច​បារាំង​អាណានិគមនិយម​ជិះជាន់​ធ្វើបាប​ខ្មែរ ។

ដោយ​ហេតុតែ​បាន​សម្គាល់ថា លោក​អាចារ្យ​ហែម ចៀវ មាន​ឧត្តមគតិ​ស្នេហា​ជាតិ ហើយ​មានគុណ​ធម៌​ដ៏​ប្រសើរ​នោះ ទើប​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​លោក​សេនាប្រមុខ​លន់ ន​ល់ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ខ្មែរ ក្នុង​សម័យប្រជុំ​កាលពី​ថ្ងៃ​ទី​២២ មីនា ១៩៧២ បាន​សម្រេច​រឿង​កិច្ចការ​លោកគ្រូ​អាចារ្យ​ហែម ចៀវ ក្នុង​បណ្តា​បញ្ហា​ដែល​ដាក់​ប្រជុំ​ថា ៖

«​រដ្ឋាភិបាល បាន​ទទួលស្គាល់​នូវ​អំពើ​ល្អ​ទាំងឡាយ​ដែល​ព្រះ​អាចារ្យ​ហែម ចៀវ បាន​ធ្វើ​ជូន​ប្រជាជាតិ​ខ្មែរ ហើយ​សម្រេច​ថា នឹង​ចាត់ចែង​ឱ្យ​បាន​ផ្ទេរ​ធាតុ​របស់​លោក​ពី​កោះ​ត្រឡាច មក​រដ្ឋធានី​ភ្នំពេញ​យើង​វិញ​» ។

ក្នុង​រឿង​នេះ រដ្ឋាភិបាល​ចាត់​ឱ្យ​គណៈប្រតិភូ​ខ្មែរ​ដែល​មាន​រូប​លោក​ប៊ុ​ណ្ណ​ចន្ទ ម៉ុ​ល ជា​អ្នកដឹកនាំ​ឱ្យទៅ​កាន់​ប្រទេស​វៀតណាម​ខាងត្បូង ហួស​ទៅ​កោះ​ត្រឡាច ស្រាវជ្រាវ​រក​ព្រះ​អដ្ឋិធាតុ​ព្រះ​សព​អាចារ្យ​នេះ​យក​មក​ប្រទេស​ខ្មែរ​វិញ ហើយ​ធ្វើបុណ្យ​រំលឹក និង​តម្កើង​ព្រះ​នាម​ព្រះ​សព​ដែល​ជា អ្នក​មេគំនិត​ម្នាក់​ក្នុង​បដិវត្តន៍​ខ្មែរ ឆ្នាំ​១៩៤២ ដោយ​តម្កល់​តម្កើង​ឋានៈ​លោក​ជា «​រដ្ឋបុរស​ជាតិ​» ក្នុង​ប​ច្ឆា​រណៈ​ផង ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here