បញ្ចប់ពិធីបុណ្យអុំទូកដោយជោគជ័យដោយមានពលរដ្ឋរាប់មុឺននាក់ចូលរួមយ៉ាងសប្បាយរីករាយ
ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩នៅរាជធានីភ្នំពេញរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែវិច្ឆិកានេះ បានប្រព្រឹត្តិទៅ និងបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ និងប្រកបដោយសុខដុមរមនាក្រៃលែង ។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអះអាងថា ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃកន្លងមកនេះ ប្រកបដោយភាពជោគជ័យ និងសុវត្ថិភាព ក្នុងពេលមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមទស្សនា និងអបអរសាទរព្រះរាជពិធីបុណ្យយ៉ាងឧឡារិក ក្រោមការយកចិត្តទុកដាក់ និងបង្កភាពសប្បាយរីករាយ ភាពកក់ក្តៅ និងសុខសុវត្ថិភាព ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
មន្ត្រីដដែលបានបញ្ជាក់ថា អាជ្ញាធរពិតជាមានមោទនភាព និងសូមកោតសរសើរដោយស្មោះចំពោះទឹកចិត្តរបស់កងកម្លាំងគ្រប់ប្រភេទ ដែលបានប្រឹងប្រែងការពារសុវត្ថិភាព និងជួយសម្រួលជូនបងប្អូនប្រជាពលរដ្ឋយើងមកចូលរួមបុណ្យអុំទូក កាន់តែមានភាពល្អប្រសើរឡើង។ នេះជាជោគជ័យមួយដែលអាជ្ញាធរ និងសមត្ថកិច្ចខិតខំប្រឹងប្រែងថែរក្សាសន្តិសុខ និងសន្តិភាពក្នុងពិធីបុណ្យជាតិនេះប្រកបដោយភាពរលូន និងត្រេកអរសប្បាយក្រៃលែង៕
Facebook Comments
