ថ្មីៗ! ទៀតហើយ ឡានក្រឡុកស៊ីម៉ង់ដាច់ហ្វ្រាំងបុករះសិស្ស និងស្លាប់គ្រូម្នាក់នៅមុខសាលាបឹងត្របែក

0
139

ថ្មីៗ! ទៀតហើយ ឡានក្រឡុកស៊ីម៉ង់ដាច់ហ្វ្រាំងបុករះសិស្ស និងស្លាប់គ្រូម្នាក់នៅមុខសាលាបឹងត្របែក

រាជធានីភ្នំពេញ ៖ បទបញ្ជាចៅហ្វាយក្រុង និងលោកស្នងការ ដែលហាមមិនអោយរថយន្តធន់ធំចូលក្រុង ពេលព្រឹក និងពេលថ្ងៃ គ្មានប្រសិទ្ធភាពអ្វីបន្តិចសោះ ខណៈរថយន្តធន់ធំដឹកទំនិញ នៅតែបន្តបើកចូលក្រុងដដែល ករណីនេះមិនមែនជាលើកទីមួយទេ។

ជាក់ស្ដែង​មាន រថយន្ដក្រឡុកស៊ីម៉ងតិ៍ សង្ស័យដាច់ហ្វាំង បានបេីកទៅបុករះម៉ូតូ៦គ្រឿង​ រ៉ឺម៉កកង់បី PassApp ២គ្រឿង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៤នាក់ និងបណ្ដាលឲ្យគ្រូបង្រៀនម្នាក់ស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ បង្កការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃពុធ ទី២០ ខែកុម្ភះ ឆ្នាំ២០១៩ នៅចំណុចមុខសាលាវិទ្យាល័យបឹងត្របែក ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

សូមចូលរួមរំលែកទុក្ខផង ជនរងគ្រោះរបួសធ្ងន់ឈ្មោះ សុខ តែល អាយុ៤០ឆ្នាំ ដែលជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី១០ នៃវិទ្យាល័យបឹងត្របែក បានទទួលមរណភាព​ហេីយ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ចំណែកអ្នករងរបួស៤នាក់ ទៀត​ មិនបានស្គាល់អត្ដសញ្ញាណនោះ​ទេ។

ជាមួយគ្នានេះតៃកុងរថយន្ដបង្កហេតុក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានដែរ​ មានឈ្មោះ ព្រុំ ប៊ុនណាត អាយុ៤៨ឆ្នាំ មុខរបរបើកបររថយន្ដ មានទីលំនៅក្នុងក្រុមហ៊ុន CPAC ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ​។ មានស្រុកកំណើត ភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ដក្រឡុកស៊ីម៉ងតិ៍មួយគ្រឿង ប្រភេទដឹកបេតុង ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 5A-0143 បើកបរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចមុខក្លោងទ្វារវិទ្យាល័យបឹងត្របែក ខណៈដែលជនរងគ្រោះទាំងអស់​ កំពុងឈប់រងចាំស្ដុប ស្រាប់តែរថយន្ដក្រឡុកស៊ីម៉ងត៍ខាងលេី​ បេីកមកបុករះពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យម៉ូតូចំនួន៦គ្រឿង និងរ៉ឺម៉កកង់បី PassApp ២គ្រឿង បណ្ដាលឲ្យរងការខូចខាត និងបណ្ដាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល ក្នុងនោះជនរងគ្រោះដែលជាគ្រូបង្រៀនម្នាក់​ បានរបួសធ្ងន់ជាងគេ បានទទួលមរណភាព​ហេីយ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ចំណែកអ្នករងរបួស៤នាក់ទៀត​ មិនបានស្គាល់អត្ដសញ្ញាណនោះ​ទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានឃាត់ខ្លួនតៃកុងរថយន្ដយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន រួចទាក់ទងទៅរថយន្ដសាម៉ុយឲ្យមកទទួលយកអ្នករងរបួស ទៅសង្គ្រោះភ្លាមៗ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងអូសរថយន្ដនិងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នាពេលក្រោយ ។

ករណីរថយន្តធន់ធំបើកចូលក្រុងភ្នំពេញនេះដែរកន្លងមក អ្នកលេងហ្វេកប៊ុកបាន នាំធ្វើការរិះគន់ទៅលើសេចក្តីណែនាំក៏ដូចជាបទបញ្ជាបំរាម របស់ឯកឧត្តម​ ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម​ ស ថេត ស្នងការនគរបាល ក្រុង «សាបដូចទឹកទន្លេ » ហាក់មិនត្រូវបានសមត្ថកិច្ច និងមន្ត្រី អាជ្ញាធរ ថ្នាក់ក្រោម នៅតាមបណ្តាសង្កាត់ ខណ្ឌ ទូទាំងរាជធានីភ្នំពេញ អនុវត្តតាមឡើយ ជាក់ស្តែងដូចករណីខាងលើអញ្ចឹង គឺរថយន្ត បើកចូល ក្រុងទាំងព្រឹក មិនតែប៉ុណ្ណោះ ថែមទាំងបង្កឲ្យមានគ្រោះថ្នាក់បុករះរថយន្ត និងបង្កឲ្យមានអ្នករងរបួសនិងស្លាប់គ្រូបង្រៀនម្នាក់ទៀតផង។

ករណីរថយន្តធន់ធំខាងលើ បើកចូលក្រុងទាំងព្រឹកនេះ មហាជនដាក់ការសង្ស័យថា ថៅកែរថយន្តទាំងនោះ សាកសមត្ថភាពឯកឧត្តម​ ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការនគរបាលក្រុងខ្លាំងប៉ុណ្ណា ហ៊ានចាប់រថយន្តគេអត់ ? រឺមួយ ព្រមានឲ្យតែល្អមើលរឺ? ។

ខណៈមហាជនបន្តថា ការព្រមានកន្លងមករបស់លោកទាំង២​ សង្ស័យជាសិល្ប៏វិធី យុទ្ធសាស្ត្រវៃទឹក បង្អើលត្រី ចូលសងប៉ុណ្ណោះ។ ព្រោះកន្លងមកឲ្យតែចៅហ្វាយក្រុង ស្នងការឡើងថ្មី តែងតែដាក់បទបញ្ចាហាមមិនឲ្យរថយន្តធំចូលក្រុង ប៉ុន្តែរថយន្តធន់ធំនៅតែបន្តបើកចូលបានដដែលជាដដែល និងបុកកិនមនុស្សស្លាប់​ដដែល​ ។

មហាជនរួមទាំងខ្ញុំលេីកដៃសំពះសង្ឈឹមយ៉ាងមុតមាំថា អាណត្តិឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម​ ស ថេត ស្នងការនគរបាលក្រុងភ្នំពេញ និងធ្វើបានទៅចុះ ករណីហាមរថយន្តចូលក្រុងនេះ​ ព្រោះយេីងទាំងអស់គ្នាមិនចង់ឃេីញមានអ្នកស្លាប់ក្រោមកង់រថយន្តធុនធំ​ ក្នុងទីក្រុងភ្នំពេញយេីងនេះទៀតទេ៕

_

 

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here