ទៅដើរលេងប្រទេសថៃ អ្នកត្រូវដឹង១៥ចំនុចនេះ

0
263

ទៅដើរលេងប្រទេសថៃ អ្នកត្រូវដឹង១៥ចំនុចនេះ

ប្រទេសនីមួយៗ សុទ្ធតែខុសៗគ្នា តាំងពីទំនៀមទម្លាប់ របៀបរបបនៃការរស់នៅ ច្បាប់ទម្លាប់ផ្សេងៗដែលខុសគ្នាទាំងនៅទីក្រុង និងជនបទ។ នៅពេលដែលអ្នកត្រូវធ្វើដំណើរ ឬត្រូវទៅរស់នៅបរទេស អ្នកត្រូវតែស្វែងយល់ពីបញ្ហាទាំងនេះឱ្យបានច្បាស់។ ថ្ងៃនេះ យើងនឹងលើកយកពីទិដ្ឋភាពទូទៅមួយចំនួនក្នុងប្រទេសថៃ ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនលាននាក់ជារៀងរាល់ឆ្នាំ ដែលក្នុងនោះក៏មាន​ប្រជាជនខ្មែរយើងជាច្រើនបានធ្វើដំណើរចេញ ចូលទស្សនាជាញឹកញាប់ផងដែរ។

១. ដើរឆ្លងផ្លូវ កុំភ្លេចមើលឆ្វេងស្តាំ

ពេលដែលឃើញភ្លើងចរាចរណ៍ប្តូរទៅពណ៌ក្រហម ធម្មតាអ្នកថ្មើរជើងក៏ដើរឆ្លងផ្លូវបាន។ ប៉ុន្តែបើសិនអ្នកកំពុងឆ្លងផ្លូវនៅប្រទេសថៃ កុំភ្លេចមើលឆ្វេង ស្តាំឱ្យអស់ ព្រោះយ៉ាងណាក៏ដោយ អាចនឹងមានឡាន ឬម៉ូតូជិះមកប៉ះអ្នកទៀត។

២. ពេលដើរឆ្លងផ្លូវខាងលើ ត្រូវប្រយ័ត្ន

ពេលដែលដើរផ្លូវខាងលើ កុំភ្លេចងាកមើលជុំវិញខ្លួនឱ្យមែនទែន ព្រោះអាចនឹងមានមនុស្សមិនល្អ ឬចោរដើរតាមអ្នក រង់ចាំឱកាសដើម្បីធ្វើសកម្មភាពផ្សេងៗ។ យកល្អ គួរមានដាក់វត្ថុអ្វីសម្រាប់ការពារខ្លួនតាមខ្លួនជានិច្ចពេលទៅណាមកណា។

៣. ពេលដើរលើផ្លូវថ្មើរជើង

កុំគិតថា ផ្លូវថ្មើរជើងគឺសម្រាប់តែអ្នកថ្មើរជើងនោះ។ នៅក្នុងពេលដែលមានការស្ទះចរាចរណ៍ខ្លាំង ពេលដែលដើរត្រូវមើលក្រោយផង ព្រោះអាច នឹងមានម៉ូតូ ឬឡានជិះឡើងលើផ្លូវថ្មើរជើងនោះសឹងជារៀងរាល់ពេល។

៤.កុំប៉ះបង្គោលភ្លើង ឬខ្សែភ្លើងដោយមិនចាំបាច់

មិនថាបង្គោលភ្លើង ទូរទូរស័ព្ទ ទូរចំណតឡានក្រុង ផ្លាកផ្សាយពាណិជ្ជកម្ម ឬក៏អ្វីដែលមានជាតិដែក ជាមួយនឹងខ្សែភ្លើង ដោយសារវាអាចមាន ចរន្តភ្លើងលៀនចេញ ឬដាច់នៅចំណុចណាមួយ។

៥. ពេលដែលញ៉ាំអីតាមផ្លូវ ត្រូវប្រយ័ត្នចរាចរណ៍នៅតាមផ្លូវជានិច្ច

ពេលដែលអ្នកកំពុងញ៉ាំអីតាមផ្លូវ អ្នកគួរប្រយ័ត្នក្រែងលោមានឡាន ឬម៉ូតូអាចនឹងជិះហួសល្បឿន ឡើងលើផ្លូវមកប៉ះជាចៃដន្យណាមួយ។ បើអាចគួររកកន្លែងណា ដែលមានដើមឈើធំៗ ឬបង្គោលភ្លើង ឬផ្ទាំងពាណិជ្ជកម្មផ្សេងៗដើម្បីទប់ស្កាត់បន្ថយគ្រោះថ្នាក់។

៦. ពេលឈរលើផ្លូវ ប្រយ័ត្នមានគេរុញចូលឡាន

ពេលខ្លះ ចរាចរណ៍លើផ្លូវក៏ចង្អៀត មនុស្សឈរនៅលើចិញ្ចើមផ្លូវក៏ច្រើន។ ដូចនេះ អ្នកគួរប្រុងប្រយ័ត្នព្រោះអាចនឹងមានមនុស្សមួយចំនួន រើចុះរើឡើង បែរជាប៉ះអ្នកខ្ទាតចូលផ្លូវឡានភ្លាមៗ។

៧. ពួកក្មេងទំនើង

នៅពេលដែលជួបពួកក្មេងទំនើបវ៉ៃគ្នា គួររកន្លែងណាពួនឱ្យឆ្ងាយ ហើយប្រសិនបើនៅក្នុងឡានទៅណាមិនរួច គួរអោនចុះពីកៅអី ព្រោះពួកនោះ អាចនឹងមានកាំភ្លើង ឬកាំបិត ហើយអាចនឹងបាញ់គ្នារាលកៃ មើលមិនឃើញ។ គួរចងចាំទុក ការពារ ប្រសើរជាងព្យាបាល។

៨.​ គួរមានកាមេរ៉ា បំពាក់តាមយានយន្ត

ពេលទៅណាមកណា ជាមួយនឹងយានយន្តផ្ទាល់ខ្លួន គួរមានកាមេរ៉ាបំពាក់សម្រាប់ចាប់យកសកម្មភាពផ្សេងៗ។

៩. ពេលជិះ ត្រូវគោរពតាមល្បឿនកំណត់

បើទោះជាយឺតបន្តិច ប៉ុន្តែវាមានសុវត្ថិភាពសម្រាប់ទាំងអ្នកបើកបរ និងអ្នកដែលប្រើប្រាស់ដងផ្លូវទាំងអស់គ្នា។ នៅលើដងផ្លូវ អាចនឹងមានហេតុការណ៏ផ្សេងៗដែលកើតឡើងដោយអ្នកមិនបានដឹងមុន ដូចនេះជម្រើសល្អបំផុតនៅពេលដែលបើកបរក្នុងទីប្រជុំជន គឺត្រូវបើកបរតាមល្បឿនដែលបានកំណត់។

១០. បើជិះលើផ្លូវធំ កុំបង្អង់ល្បឿន

នៅពេលដែលជិះនៅលើផ្លូវធំ កុំបង្អង់ល្បឿនដោយមិនចាំបាច់ឱ្យសោះ ដោយសារវាអាចធ្វើឱ្យយានយន្តដែលនៅខាងក្រោយចាប់ហ្រ្វាំងមិនទាន់ដែលនាំអាចឱ្យស៊ីគូថគ្នាបាន។

១១. ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច

មិនថាជិះឡានជាមួយមិត្តភក្តិ ឬជិះជាមួយតាក់ស៊ីនោះទេ អ្នកមិនដឹងច្បាស់ថាអ្នកដែលកាន់ចង្កូតមានផឹកស្រា ឬស្រវឹងនោះទេ។ ដូចនេះ អ្នកគួរប្រាកដថាអ្នកបានពាក់ខ្សែក្រវ៉ាត់ដើម្បីការពារក្នុងហេតុការណ៏អាក្រក់ផ្សេងៗផងដែរ។ បើតាមទិន្នន័យ ប្រទេសថៃជាប្រទេសមួយដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៏ដោយសារជាតិស្រវឹងក្នុងកម្រិតគួរឱ្យបារម្ភ។

១២. ពេលដែលកំពុងជិះ ត្រូវត្រៀមខ្លួនជានិច្ច

បើទោះជា ពេលបើកបរតម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរពាក់ខ្សែក្រវ៉ាត់ដើម្បីសុវត្ថិភាពក៏ដោយ ប៉ុន្តែក្នុងករណីបន្ទាន់ណាមួយ អ្នកគួរតែត្រៀមខ្លួនឱ្យបានជានិច្ច ដើម្បីគេចខ្លួន។ ជាក់ស្តែងដូចក្នុងរូបភាពនេះ អ្នកដែលជិះទាំងអស់ត្រូវតែចេះត្រៀមខ្លួនឱ្យបានល្អ។

១៣. កុំក្រឡេកមើលមុខគេ ប្រយ័ត្ន !

ពេលដែលនៅស្រុកនេះ អ្នកមិនគួរក្រឡេកមើលគេចំមុខពេកនោះទេ។ អ្នកខ្លះអាចប្រកាន់ ហើយអាចនឹងបង្កជារឿងហេតុផ្សេងៗផងដែរ។

១៤. កុំចង់ពាក់មាសស្រោបខ្លួន

បើអ្នកចង់ពាក់គ្រឿងអលង្ការពេញខ្លួន ហើយចេញមកក្រៅនោះ អ្នកកំពុងតែទាក់ភ្នែកអ្នកដទៃហើយ ហើយអាចមានក្នុងចំណោមអ្នកដែលចាប់អារម្មណ៏ទាំងនោះ ដែលជាចោរ។ ដូចនេះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន អ្នកមិនគួរសំញ៉ែងគ្រឿងអលង្ការពេកនោះទេ។

១៥. ពេលចូលក្នុងឡាន ត្រូវចាក់គន្លឺះភ្លាម

អ្នកត្រូវចាក់គន្លឹះភ្លាម ដើម្បីការពារមិនឱ្យមនុស្សមិនល្អអាចប្រព្រឹត្តអំពើអ្វីមកលើអ្នកបាន ជាពិសេសបើអ្នកជាស្រ្តី៕

 

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here