លោក ណុប បាយ៉ារិទ្ធ៖ ហាងរបស់ខ្ញុំស្ទើរតែគ្មានសំរាមទេ ស្រាប់តែក្រដាសភ្លើងចេញមក…ខ្ញុំជំពាក់ថ្លៃអីគេទៀត?

0
23865

លោក ណុប បាយ៉ារិទ្ធ៖ ហាងរបស់ខ្ញុំស្ទើរតែគ្មានសំរាមទេ ស្រាប់តែក្រដាសភ្លើងចេញមក…ខ្ញុំជំពាក់ថ្លៃអីគេទៀត?

តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស លោក ណុប បាយ៉ារិទ្ធ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងបញ្ហាថ្លៃសំរាមប្រចាំខែ និងទាមទារឲ្យមានការបកស្រាយពីក្រុមហ៊ុនស៊ិនទ្រី ក្នុងនោះលោកបានសរសេរថា៖

«ខ្ញុំមានចង្ងល់មួយទាក់ទងនឹងតម្លៃផ្នែកអនាម័យ៖ បងប្អូនដែលដឹងអាចប្រាប់ខ្ញុំផងបានទេ? ជារៀងរាល់ខែខ្ញុំទទួលក្រដាសភ្លើង ចាប់តាំងពីខែ១០ ២០១៨មក នៅហាងលក់ដូរអនឡាញរបស់ខ្ញុំ គឺតម្រូវអោយបង់អនាម័យ (សំរាមតែ ៤០០០រៀល) ប៉ុណ្ណោះក្នុង១ខែ។ សូមបញ្ជាក់៖ ហាងរបស់ខ្ញុំសឹងតែអត់មានសំរាមទេថ្ងៃខ្លះ។

លុះមកដល់ខែ៤នេះ ថ្លៃភ្លើងអស់តែ ៥៩២០០រៀល តែក្រដាសភ្លើងចេញមកអស់ដល់ទៅ ២៣១៦៤០រៀល ពេលសួរទៅគេបានប្រាប់ថា ជំពាក់ថ្លៃសំរាម។ ខ្ញុំឆ្ងល់? សំរាមបង់រាល់ខែ ៤០០០រៀល មិនដែលខ្វះមួយខែផង ជំពាក់អីគេ? គេថាហាងខ្ញុំបើកហាងរកសុីលក់ក្រណាត់ លក់ខោអាវ មានសំរាមច្រើនណាស់។ អុញ…! តាមពិតហាងរបស់ខ្ញុំលក់ផលិតផលអនឡាញតិចតួចត្រឹមតែ៤មុខប៉ុណ្ណោះ។ ពេលខាងបុគ្គលិកក្រុមហ៊ុនចុះមកមើលផ្ទាល់គេថា ខាងគេច្រលំ តាមពិតហាងបងលក់អនឡាញមែន តែក្រុមហ៊ុនខ្ញុំឡើងថ្លៃ អោយតែបើកជាហាងត្រូវបង់១ខែ ៦០០០០ ទាំងអស់ (តែខ្ញុំអត់មានបានទទួលដំណឹងតំឡើងថ្លៃពីមុនមកទេ) សុខៗដល់ខែគឺគេបូកបន្ថែមយកតែម្តង ហើយបូកតាំងពីខែចាស់ៗមករហូតដល់ខែ៤។

ភ្លើងប្រើមួយខែៗ ខែខ្លះអស់ជិត១០ម៉ឺន ខែខ្លះ៥ម៉ឺនជាងក្នុង១ខែព្រោះបើកតែកង្ហា១ បុគ្គលិកម្នាក់ តែដល់តែសំរាម១ខែលេងទារ៦ម៉ឺន? កូនហាងតូចមួយគេតម្រូវអោយបង់ថ្លៃសំរាម១ខែ៦០០០០រៀល ទាំងមួយថ្ងៃៗហាងខ្ញុំសឹងតែគ្មានសំរាមសោះ។ ប្រសិនបើហាងខ្ញុំមានសំរាមច្រើនដូចគេនោះខ្ញុំអត់និយាយទេ ខ្ញុំក៏មិនតវ៉ាដែរ ខ្ញុំគិតថាគួរតែបង់ តែថ្ងៃខ្លះសូម្បីសំរាម១ថង់អត់មានផងដោយសារភាគច្រើនចេញទៅហូបតែខាងក្រៅ។ ញ៉ុមអត់យល់ទេ ពិតជាអត់យល់មែន ចឹងបើបងប្អូនណាយល់ជួយពន្យល់ខ្ញុំផង ពី ៤០០០រៀល ក្នុង១ខែ ឡើងដល់ ៦០០០០រៀល ក្នុង១ខែ។ បញ្ជាក់៖ ខ្ញុំសូមនិយាយតែរឿងសេវ៉ាផ្នែកអនាម័យ មួយមុខប៉ុណ្ណោះ»៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here