សូមប្រយ័ត្ន!ជាពិសេសក្មេងៗ ផ្ទុះជំងឺគ្រុនឈាមស្ទើគ្រប់ខេត្តក្រុងឡើងវិញ

0
190

សូមប្រយ័ត្ន!ជាពិសេសក្មេងៗ ផ្ទុះជំងឺគ្រុនឈាមស្ទើគ្រប់ខេត្តក្រុងឡើងវិញ

ខេត្តប៉ៃលិន ៖ រហូតមកដល់ដើមខែមិថុនា ឆ្នាំ២០១៩នេះគេសង្កេតឃើញកុមារតូចធំជាច្រើននាក់បានផ្ទុះការកើត និងឆ្លងជម្ងឺគ្រុនឈាមពីម្នាក់ទៅម្នាក់ក្នុងមួយផ្ទះៗ ស្ទើរតែអស់រលីង ដោយអ្នកភូមិខ្លះកំពុងតែបញ្ជូនកូនចៅរបស់ខ្លួនឱ្យទៅដេកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកអ្នកខ្លះទៀតយកទៅដាក់ព្យួរសេរ៉ូមនៅតាមគ្លីនិកឯកជន ក្នុងភូមិ រួចនាំយកទៅសម្រាកនៅផ្ទះវិញ ដោយគ្មានការតាមដានជម្ងឺពីលោកគ្រូពេទ្យឱ្យបានដិតដល់នោះឡើយ ជាហេតុធ្វើឱ្យគេមានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ។

ប្រភពព័ត៌មានពីស្ត្រីម្នាក់ឈ្មោះ ឆឺយ សុខឿន អាយុ២៨ឆ្នាំ មានប្តីឈ្មោះពៅ ទូច អាយុ៤២ឆ្នាំ រស់នៅភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានរៀបរាប់ទាំងមានក្តីព្រួយបារម្ភចំពោះសុខភាពរបស់កួនឱ្យដឹង កាលពីវេលារសៀលថ្ងៃទី៩ ខែមិថុនា កន្លងទៅនេះថា គាត់មានកូនចំនួន៣នាក់ ដោយកូនទី១-ឈ្មោះ ពៅ ចាន់ណា ភេទប្រុស អាយុ១២ឆ្នាំ កើតជម្ងឺគ្រុនឈាម កូនទី២-ឈ្មោះ ពៅ ចាន់នី ភេទប្រុស អាយុ១១ឆ្នាំ កើតជម្ងឺគ្រុនឈាម និងកូនទី៣-ឈ្មោះ ពៅ ស្រីពិន ភេទស្រី អាយុ៦ឆ្នាំ ក៏កើតជម្ងឺគ្រុនឈាម ព្រមទាំងក្មួយម្នាក់ទៀត រស់នៅជាមួយគាត់ក៏កើតជម្ងឺគ្រុនឈាមផងដែរ ។

គាត់បន្តទៀតថា កូនៗរបស់គាត់ឈឺ និងឆ្លងជម្ងឺគ្រុនឈាមនេះអស់រយៈពេលជាង១ខែមកហើយ ដោយកូនមួយចាប់ផ្តើមឈឺយកទៅដាក់សេរ៉ូមនៅគ្លីនិកឯកជន បានជាសះស្បើ យបន្តិច ស្រាប់តែបន្តដល់កូនមួយផ្សេងទៀតរហូតដល់ឈឺពេញផ្ទះតែម្តង ។ គាត់បញ្ជាក់ថា មិនបានយកកូនរបស់ខ្លួនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនោះទេ ព្រោះត្រូវដេករយៈពេលយូរ គឺយកទៅព្យួរសេរ៉ូម និងចាក់ថ្នាំនៅពេទ្យគ្លីនិកឯកជនតាមភូមិ ព្រោះកូនច្រើនមានការលំបាក គ្មានអ្នកមើលថែ បើព្យួរសេរ៉ូមនៅពេទ្យឯកជនអាចយកទៅមើលនៅផ្ទះដោយខ្លួនឯង ។

ចំពោះការព្យាបាលនៅពេទ្យឯកជនការដាក់សេរ៉ូមចំនួន២កំប្លោកទាំងចាក់ថ្នាំ និងផ្សំថ្នាំលេប អស់ថ្លៃចំនួន៦ម៉ឺនរៀល ដោយកូនគាត់ម្នាក់អាចដាក់សេរ៉ូមចាប់ពី៥ទៅ៦កំប្លោកទើបជាសះស្បើយ ហើយត្រូវផ្សំថ្នាំលេបរយៈពេល៣ទៅ៤ថ្ងៃបន្ថែមទៀត គិតទៅអស់លុយជាច្រើន ។ ម្យ៉ាងវិញទៀតផ្ទះគាត់នៅតំបន់ដាច់ស្រយាលទៅដេកសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកមិនកើតនោះទេ ដោយគ្មានអ្នកចាំផ្ទះ តែគាត់ក៏ព្រួយបារម្ភពីសុវត្ថិភាពកូនៗរបស់ខ្លួន នៅពេលយប់ព្រលប់ផងដែរ ។

បើតាមប្រភពព័ត៌មានពីលោក ស៊ុន សុផល មេភូមិអណ្តូងថ្មបានឱ្យដឹងថា កូនរបស់គាត់ក៏ កើតជម្ងឺគ្រុនឈាមដែរ ហើយកូនចៅអ្នកភូមិបានចាប់ផ្តើមកើតជម្ងឺគ្រុនឈាមឆ្លងគ្នាជាបន្តបន្ទាប់អស់រយៈពេលជាង១ខែមកហើយ ដោយរហូតមកដល់ពេលនេះនៅក្នុងភូមិរបស់លោកមានក្មេងតូចៗកើតជម្ងឺគ្រុនឈាមរហូតដល់៣៦នាក់ ដោយបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។ លោកបន្តទៀតថា ក្មេងៗមានការឈឺ និងឆ្លងជម្ងឺគ្រុនឈាមជាបន្តបន្ទាប់ ហើយមានការព្រួយបារម្ភខ្លាំង ខណៈឪពុកម្តាយយកកូនៗរបស់ខ្លួនទៅដាក់សេរ៉ូម និងចាក់ថ្នាំនៅពេទ្យឯកជន រួចយកត្រឡប់ទៅផ្ទះវិញ ដោយគ្មានការតាមដានឱ្យបានដិតដល់ពីលោកគ្រូពេទ្យ ព្រោះពួកគេមួយចំនួននិយាយថា គ្មានលុយ ហើយគ្មានអ្នកមើលផ្ទះ លុះត្រាតែទៅគ្លីនិកឯកជនរហូតដល់មើលលែងជាទើបបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។ លោកតែងតែណែនាំឱ្យពួកគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដែរ តែពួកគេមិនព្រមស្តាប់តាមនោះទេ ។ លើសពីនេះក្នុងឆ្នាំ២០១៩ មានការកើតជម្ងឺគ្រុនឈាមច្រើនជាងឆ្នាំមុនៗ ។បើតាមលោកគ្រូពេទ្យជំនាញផ្នែកកុមារបានអះអាថា ប្រភពចម្លងជម្ងឺដ៏សំខាន់បំផុត គឺកើតចេញពីសត្វមូសខ្លាខាំនាពេលថ្ងៃ លុះមានក្មេងតូចណាម្នាក់កើតជម្ងឺគ្រុនឈាមនេះដោយត្រូវមូសខាំ រួចមូសទៅខាំក្មេងដទៃទៀតទើបបណ្តាលឱ្យកើតជម្ងឺឆ្លងតៗគ្នាតែម្តង ។ ប្រភពបន្តទៀតថា ប៉ុន្តែការផ្ទុះឆ្លងជម្ងឺគ្រុនឈាមនេះក៏មកពីអាកាសធាតុប្រែប្រួលជួនក្តៅ ជួនភ្លៀងធ្លាក់ ជាហេតុនាំឱ្យទាំងកុមារតូចៗកើតជម្ងឺនេះតែម្តង ។

ពាក់ព័ន្ធនឹងបញ្ហានេះលោកវេជ្ជបណ្ឌិត អាង នាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បាន ឱ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះថា រហូតមកដល់ដើមខែមិថុនានេះ កុមារតូចៗជាច្រើនបានកើតជម្ងឺគ្រុនឈាម ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។ លោកបន្តទៀតថា នៅឆ្នាំថ្មីនេះការផ្ទុះកើតជម្ងឺគ្រុនឈាមស្ទើរគ្រប់ភូមិ ហើយមានការកើតឡើងខ្លាំងជាងឆ្នាំមុនៗ ដែលជាហេតុនាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ។ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រញាប់បញ្ជូនកូនៗទៅពិនិត្យ និងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឱ្យបានទាន់ពេលវេលា ជៀសវាងទុកយូរថ្ងៃនាំឱ្យហួសពេល ។

សូមបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ដដែល មានកុមារតូចម្នាក់ ក្តៅខ្លាំងរហូតដល់ប្រកាច់ ទើបឪពុកម្តាយប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលជាហេតុនាំឱ្យគ្រូពេទ្យមានការលំបាកក្នុងការជួយសង្គ្រោះយ៉ាងខ្លាំង ។ តែសំណាងល្អ បានយកទៅទាន់ពេលវេលា ហើយគ្រូពេទ្យប្រញាប់ជួយសង្គ្រោះទាំងមានការហួសចិត្ត ខណៈពេលក្តៅល្មមៗ មិនព្រមយកក្មេងនោះទៅពេទ្យនោះឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here