ដំបូងឃាតករថាខ្លួនធ្វើសកម្មភាពសម្លាប់នារីរងគ្រោះតែម្នាក់ឯងទេ ចំណែកប្តីខ្លួនមិនមានពាក់ព័ន្ធ ប៉ុន្តែប្តីបានគេចខ្លួនបាត់ទៅមិនដឹងទៅណា?

0
210

ដំបូងឃាតករថាខ្លួនធ្វើសកម្មភាពសម្លាប់នារីរងគ្រោះតែម្នាក់ឯងទេ ចំណែកប្តីខ្លួនមិនមានពាក់ព័ន្ធ ប៉ុន្តែប្តីបានគេចខ្លួនបាត់ទៅមិនដឹងទៅណា?

ភ្នំពេញ៖ ពាក់ព័ន្ធ​ឃាតកម្ម​មិត្តភក្តិ​សម្លាប់​មិត្តភក្តិ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា​នេះ កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំ​ខ្លួន​ស្ត្រីជន​សង្ស័យ​ទៅ​ផ្ទះ​ដើម្បី​ឆេ​ក​ឆេរ​រក​វត្ថុ​តាងបន្ថែម​ ទៅ​ធ្វើ​ត្រាប់ និង​មើល​ទីតាំង​ដែល​ខ្លួន​បាន​សម្លាប់ រួម​និង​ទីតាំង​ដែល​បោះ​បំណែក​សព​ចោល ដែល​ឃាតករ​ត្រូវជា​មិត្តភក្តិ​របស់​ស្ត្រី​រង​គ្រោះ​ដែរ ។

មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រាប់​អោយ​ដឹង​ថា ស្ត្រី​ជា​ឃាតករ​ឈ្មោះ ទឹម សុផល អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០ ផ្លូវ​លេខ​១៥៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។ ចំណែកឯ សព​ស្ដ្រី​រង​គ្រោះ​មានឈ្មោះ គឹ​ម យ៉ា​ទាង អាយុ​៤០​ឆ្នាំ មុខរបរ​អ៊ុតសក់​នៅ​ផ្សារ​កណ្តាល ជា​ស្ត្រី​មេម៉ាយ​(​កូន​មួយ​) បាន​បាត់​ខ្លួន​ចេញពីផ្ទះ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​៤០ ផ្លូវ​លេខ​១៥៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ដ៏​រន្ធត់​នេះ ប្រភព​ព័ត៌មាន​មួយគួរ​អោយ​ទុកចិត្ត​ បាន​ប្រាប់​អោយដឹងថា ជនសង្ស័យ​ជា​ឃាតករ​ឈ្មោះ ទឹម សុផល (​មាន​ប្តី​៥​នាក់ ហើយ​ប្តី​ក្រោយ​បំផុត​ជា​ជនបរទេស​) ឃាតករ​បាន​សម្លាប់​ជន​រង​គ្រោះ ដោយ​យក​កាំបិត កាត់​, កាប់​, ចៀរ​, ច្រៀក​, សាកសព​ជា​បំណែក​ៗ, កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនី ព្រលះ​យក​សាច់ដុំ​ៗ រួច​ច្រក​ដាក់​ស្បោង​ខ្មៅ​ក្លា​ស្សេ​ក្នុង​ធុង រួច​ហើយ​យក​ម្តង​បន្តិច​ៗ​ យក​ទៅ​បោះចោល​នៅ​មាត់ទន្លេ ផ្លូវ​ស៊ី​សុវត្ថិ ។

ប្រភព​ព័ត៌មានដដែល ​បាន​អោយដឹងទៀត​​ថា ជនសង្ស័យ​ជា​ឃាតករ​ស្រី បាន​សារភាពជាបឋម​​ថា ខ្លួន​សម្លាប់​ជន​រង​គ្រោះ ដោយសារតែខ្លួន ជំពាក់លុយជនរងគ្រោះច្រើនពេកហើយគ្មានលុយសង ក៏បែកគំនិតដាក់ផែនការ សម្លាប់បំបិទដានតែម្តង ។

ស្ត្រី​សង្ស័យ​សារភាព​ទៀត​ថា មុន​នឹង​សម្លាប់​ជន​រង​គ្រោះ ខ្លួន​និង​ស្វាមី រៀប​គម្រោង​ផែនការ​ឲ្យ​ស្ត្រី​រង​គ្រោះ​ទៅ​ផ្ទះ​របស់​ខ្លួន ហើយ​ពេល​ទៅ​ដល់ ខ្លួន​បាន​ដាក់​ថ្នាំ​សណ្តំ​ក្នុង​ទឹក​មួយ​កែវ ឲ្យ​ជន​រង​គ្រោះ​ផឹក ។ នៅ​ពេល​ផឹក​រួច ជន​រង​គ្រោះ​សន្លប់ ទើប​ខ្លួន​គេ​និង​ស្វាមី យក​កាំបិត កាត់​ក្បាល ដៃ ជើង វះ​ពោះ ពុះ​ឆ្អឹងជំនី ពន្លះ​យក​សាច់​ជា​ដុំ​ៗ រួច​ច្រក​ដាក់​ថង់​ប្លា​ស្ទិ​ក​ពណ៌​ខ្មៅ តូច​ៗ​ជា​ច្រើន​ថង់ រួច​យក​ទៅ​ក្លា​ស្សេ​ក្នុង​ធុង​ទឹកកក​មួយ ទំហំ ជិត​១​ម៉ែត្រ​៤​ជ្រុង ពណ៌​ក្រហម​ទុក​នៅផ្ទះ​បាយ ដើម្បី​កុំ​ឲ្យ​ស្អុយ ងាយស្រួល​រូបគេ​យក​ទៅ​បោះចោល ធ្វើ​ដូច​សំរាម និង​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​ផង ។

ជនសង្ស័យ​សារភាព​បន្ថែម​ថា ចាប់ពី​ថ្ងៃ​សម្លាប់​មិត្តភក្តិ នៅ​ថ្ងៃ​ទី​៣​ខែមិថុនា ឆ្នាំ​២០១៩ នោះ​មក ខ្លួន​គេ​និង​ស្វាមី​បាន​យក​បំណែក​សព ដែល​ក្លា​ស្សេ​ក្នុង​ធុង​ទឹក​ក​មិន​ឲ្យ​ស្អុយ យក​ទៅ​បោះចោល​នៅ​មាត់ទន្លេ មុខ​ព្រះ​បរមរាជវាំង បន្តិច​ម្តង​ៗ ហើយ​មិន​ទាន់​បោះចោល​អស់​ផង នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ២០១៩ ក៏​ត្រូវ​បែកធ្លាយ​ដោយ​បំណែក​កញ្ចប់​សព អណ្តែត​មក​ទើរ​លើ​ច្រាំង​ទន្លេ បង្ក​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច តាម​ស្រាវជ្រាវ​ចាប់ខ្លួន​គេ​បាន​តែ​ម្តង ។ ចំណែក​ប្តី​ជា​ជនជាតិ​បរទេស​ដែល​រួមដៃគ្នា​សម្លាប់​ជន​រង​គ្រោះ​នោះ​បាន​គេចខ្លួន​បាត់ ។

ទោះជា​យ៉ាងណា​ក្នុង​អំពើ​ឃាតកម្ម​យ៉ាង​សាហាវឃោរឃៅ​បំផុត​នេះ ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធ​អះអាង​ថា សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​បុរស​ជា​ប្តី​ជនជាតិ​បរទេស​នោះ​យក​មក ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន ។ សំណុំរឿងឃាតកម្មនេះ មន្ត្រី​ជំនាញ​កំពុង​ស៊ើបសួរ​បន្ត​នៅឡើយ ។

សូម​រម្លឹក​ថា ស្ត្រី​វ័យក្មេង​ម្នាក់​ឈ្មោះ ពេជ្រ ស៊ា​វ​ម៉ី អាយុ​១៧​ឆ្នាំ ជា​សិស្ស រស់នៅ​ម្តុំ​ទួល​សង្កែ បាន​ដើរ​ស្វែងរក​ម្តាយ​គ្រប់​ច្រកល្ហក តែ​មិនឃើញ បន្ទាប់ពី​ម្តាយ​​បាត់​ខ្លួន​តាំងពី​ព្រឹក​ម៉ោង​ប្រហែល​១០​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ ​មក ។

តាម​ការ​រៀបរាប់​របស់​កូនស្រី ថា កាលពី​ស​ប្តា​ហ៍​មុន​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៩ ម្តាយ​របស់​នាង​បាន​ទៅ​ផ្ទះ​មិត្តភក្តិ (​ម្តុំ​ផ្សារ​កណ្តាល​) ជា​ផ្ទះ​ដែល​ជំពាក់​លុយ​គាត់ និង​មានការ​រាប់អាន​គ្នា​ផង ក៏​បាន​នាំ​កូន​តូច​របស់​ម្ចាស់ផ្ទះ​នោះ អាយុ​ប្រហែល​៧​ឆ្នាំ ទៅ​ដេក​ផ្ទះ​របស់​គាត់​នៅ​ទួល​សង្កែ​១​យប់ ។ បើ​តាម​សម្តី​ក្មេង​តូច​អាយុ​៧​ឆ្នាំ​នោះ​វិញ និយាយ​ថា ពេល​ស្ត្រី​ឈ្មោះ គឹ​ម យ៉ា​ទាង (​ក្មេង​នោះ​ហៅ​អ៊ុំ​ស្រី ដែល​ជា​ស្ត្រី​បាត់​ខ្លួន​) ដាក់​រូបគេ​ចុះ ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​ទិស​ខាងត្បូង បាត់​ទៅ ។

រហូត​ដល់​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ ម្តាយ​របស់​នាង​យក​ម៉ូតូ​ធូ​ដេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​១៩០៥ (​មិន​ចាំ​ពីមុខ​អក្សរ​) ដឹក​កូន​តូច​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ ហើយ​ក៏​បាត់​រហូត​តែ​ម្តង ដោយ​អំឡុង​ពេល​បាត់​ខ្លួន​ទៅ​នោះ ម្តាយ​នាង​មាន​លុយ​មួយ​ចំនួន និង​គ្រឿងអលង្ការ​ជាប់​ខ្លួន​ផង​ដែរ​។

ក្រោយមក កូនស្រី​របស់​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តាម​រក​ម្តាយ​របស់​នាង ត្រឡប់​មក​វិញ​ផង ។ រហូត​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឈាន​ដល់​បំបែក​រឿង​ក្តី​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here