ធនាគារABA ចេញបកស្រាយពីចំនួនទឹកប្រាក់របស់គណនីមួយដែលអះអាងថាប្រាក់រាប់មុឺនដុល្លាចូលក្នុងគណនីខ្លួនមិនដឹងមកពីណា

0
163

ធនាគារABA ចេញបកស្រាយពីចំនួនទឹកប្រាក់របស់គណនីមួយដែលអះអាងថាប្រាក់រាប់មុឺនដុល្លាចូលក្នុងគណនីខ្លួនមិនដឹងមកពីណា

ការបកស្រាយរបស់ធនាគារ ABA ៖ កាលពីសប្តាហ៍មុន យើងខ្ញុំបានឃើញសារក្នុង Facebook មួយបង្ហោះដោយឈ្មោះ Deetorn Tep ដែលអះអាងថា គាត់ទទួលបានប្រាក់ផ្ញើចូលក្នុងគណនីធនាគាររបស់គាត់ចំនួនពីរដង ដោយមិនមានប្រភពច្បាស់លាស់។ បន្ទាប់ពីទទួលបានសារជូនដំណឹងនៅលើ ABA Mobile របស់គាត់ពីការទទួលបានប្រាក់ផ្ទេរចូលគណនី គាត់មិនបានសាកសួរសាច់ញាតិ ឬទាក់ទងមកធនាគារដើម្បីធ្វើការសួរបញ្ជាក់នោះឡើយ។ ផ្ទុយមកវិញ គាត់បានផុស្ត៍នៅលើហ្វេសបុកជាមួយនឹងរូបភាពសមតុល្យសាច់ប្រាក់នៅលើ ABA Mobile របស់គាត់ (ដូចបង្ហាញនៅក្នុងរូបភាពខាងក្រោម) ដោយចោទសួរអ្នកប្រើ Facebook ថា តើវាជាអំពើឆបោក ឬជារឿងលេងសើចពីធនាគារ ABA?

បន្ទាប់ពីបានឃើញផុស្ត៍ ក្រុមការងាររបស់យើងបានចាប់ផ្តើមធ្វើការស៊ើបអង្កេត។ ដោយពិនិត្យមើលឯកសារដើមរបស់ប្រតិបត្តិការតម្កល់ប្រាក់ទាំងពីរ យើងរកឃើញថាប្រតិបត្តិការទាំងពីរគឺត្រឹមត្រូវ 100% (បុគ្គលិកយើងមិនបានធ្វើឲ្យមានកំហុសអ្វីឡើយ)។ ក្រុមការងាររបស់យើងក៏បានទាក់ទងទៅកាន់អ្នកដាក់តម្កល់សាច់ប្រាក់ និងម្ចាស់គណនីដើម្បីធ្វើការបញ្ជាក់បន្ថែមផងដែរ ហើយពួកគេទាំងពីរបានអះអាងថា ទឹកប្រាក់ដែលពួកគេបានធ្វើការតម្កល់នៅសាខារបស់ធនាគារ ABA គឺពិតជាត្រឹមត្រូវ។

បន្ទាប់មក យើងបានអញ្ជើញម្ចាស់គណនី Facebook មកជួបប្រជុំ ដើម្បីបង្ហាញពីលទ្ធផលនៃការរកឃើញរបស់យើង។ Deetorn Tep មិនបានបង្ហាញខ្លួននោះទេ ប៉ុន្តែអាណាព្យាបាលរបស់គាត់បានមកជំនួស។

អំឡុងពេលនៃការជួបប្រជុំ យើងបានរកឃើញថា Deetorn Tep បានប្រើប្រាស់គណនីសន្សំធនាគារ ABA និង ABA Mobile ក្រោមឈ្មោះរបស់ឪពុកគាត់។ ឪពុករបស់គាត់បានបើកគណនីសន្សំមួយជាមួយធនាគារ ABA រួចបានប្រគល់គណនីនោះទៅឲ្យកូនស្រីរបស់គាត់សម្រាប់ប្រើប្រាស់។ យើងក៏រកឃើញផងដែរថា ឈ្មោះឪពុករបស់គាត់ក៏ត្រូវបានចុះឈ្មោះជាមួយគណនីចរន្តរួមមួយជាមួយនឹងមនុស្ស 4នាក់ ផ្សេងទៀត នៅកន្លែងការងាររបស់គាត់។ ដោយសារតែឈ្មោះរបស់ឪពុកគាត់ត្រូវបានភ្ជាប់ជាមួយគណនីចរន្តរួមនោះហើយ ទើប Deetorn Tep អាចមើលឃើញសមតុល្យប្រាក់របស់គណនីទាំងពីរនៅលើ ABA Mobile របស់គាត់។ ដោយហេតុនេះហើយ នៅពេលដែលមានប្រាក់ផ្ញើចូលគណនីចរន្តរួមនោះ Deetorn Tep ក៏បានទទួលសារអំពីសមតុល្យប្រាក់នោះ។ ក្នុងនាមជាសមាជិកម្នាក់ក្នុងចំណោមម្ចាស់គណនីចរន្តរួម Deetorn Tep អាចមើលឃើញសមតុល្យនៅក្នុងគណនី ប៉ុន្តែមិនអាចប្រើប្រាស់សាច់ប្រាក់នោះបានទេ។ ហេតុដូច្នេះហើយ បានជាធ្វើឲ្យគាត់គិតថា វាគឺជាការបោកប្រាស់ ឬជារឿងកំប្លែង ឬជាកំហុសរបស់បុគ្គលិកធនាគារ។

នៅពេលប្រជុំ អាណាព្យាបាលរបស់គាត់បានទទួលស្គាល់ថា វាជាកំហុសរបស់កូនស្រីគាត់ ដែលផុស្ត៍នៅលើហ្វេសបុកដោយគ្មានការសាកសួរព័ត៌មានពីពួកគាត់ ឬពីធនាគារ។ នៅថ្ងៃបន្ទាប់ Deetorn Tep ក៏ព្រមទទួលនូវកំហុស ហើយបានផុស្ត៍សុំទោសធនាគារនៅលើហ្វេសបុករបស់គាត់៖

“ខ្ញុំបានរាយការណ៍បញ្ហានេះទៅកាន់ធនាគារ ហើយវាគឺជាការយល់ខុសរបស់ខ្ញុំ។ ទឹកប្រាក់នេះការពិតជាកម្មសិទ្ធិរបស់សមាជិកនៅក្នុងគ្រួសាររបស់នាងខ្ញុំ ហើយនាងខ្ញុំមិនបានដឹងអំពីរឿងនេះ ហេតុដូច្នេះហើយទើបនាងខ្ញុំមានការភ្ញាក់ផ្អើល នូវពេលបានឃើញសារពីការទទួលសាច់ប្រាក់ ហើយឈានដល់ការសន្និដ្ឋានខុស។ នាងខ្ញុំមិនមានចេតនាបង្កហានិភ័យដល់នរណាម្នាក់ឡើយ។ ជាថ្មីម្តងទៀត នាងខ្ញុំសូមបញ្ជាក់ដល់អ្នកគ្រប់គ្នា ដែលបានឃើញផុស្ត៍របស់ខ្ញុំពីមុនថា ប្រព័ន្ធរបស់ធនាគារមិនមានបញ្ហា និងធនាគារមិនបានរៀបចំការឆបោកដូចដែលនាងខ្ញុំសរសេរនៅក្នុងផុស្ត៍មុនឡើយ។
នាងខ្ញុំសូមអភ័យទោសចំពោះការផុស្ត៍ផ្សព្វផ្សាយអំពីអ្វី ដែលនាងខ្ញុំមិនបានយល់ច្បាស់។ ហើយនាងខ្ញុំនឹងទទួលខុសទាំងអស់ ចំពោះសកម្មភាពរបស់នាងខ្ញុំ ដើម្បីចៀសវាងរាល់បញ្ហានាពេលខាងមុខ។”

ពាក់ព័ន្ធនឹងករណីនេះ យើងខ្ញុំសូមរំលឹកដល់អតិថិជនទាំងអស់ សូមទាក់ទងមកធនាគារជាមុន មុននឹងធ្វើការសម្រេចចិត្តផុស្ត៍អ្វីមួយនៅលើអនឡាញ។ នៅធនាគារ ABA យើងមានក្រុមការងារ ដែលតែងតែរង់ចាំជួយដោះស្រាយរាល់បញ្ហាជូនដល់អតិថិជន ដែលប្រើប្រាស់សេវាធនាគាររបស់យើង។ សូមអរគុណ!

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here