មិនតិចទេ ជាងកន្លះតោន គ្រឿងក្នុងជ្រូកនាំចូលពីថៃតាមច្រកព្រំដែន

0
171

មិនតិចទេ ជាងកន្លះតោន គ្រឿងក្នុងជ្រូកនាំចូលពីថៃតាមច្រកព្រំដែន

ខេត្តបន្ទាយមានជ័យ​ ៖​​គ្រឿងក្នុង​ជ្រូក​ជាង​កន្លះ​តោន​ ដឹក​តាម​រថយន្ត​ទួ​រី​ស​១​គ្រឿង​ នាំ​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ខូចគុណភាព​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ បង្ក្រាប​ និង​ឃាត់ខ្លួន​អ្នក​បើករថយន្ត​១​នាក់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​គ​របាល​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ត្រួតពិនិត្យ​ និង​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​

​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៩​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​នៅ​ក្នុងភូមិ​ណា​កា​ឆាយ​ ឃុំ​កូប​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ក្រោម​ការ​ដឹកនាំ​កម្លាំង​បង្ក្រាប​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ចាប​ សុ​ផា​ប្ញ​ទ្ធិ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​សាលា​ ដំបូង​ខេត្តបន្ទាយមានជ័យ​ ។​

លោក​ឧត្តមសេនីយ៍ត្រី​ ចាប​ សុ​ផា​ប្ញ​ទ្ធិ​ ប្រាប់​ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​រថយន្ត​ម៉ាក​ Toyota​ alphard​ ពណ៌​ស​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 2B-6779​ អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ទប់ស្កាត់​នៃ​ការ​នាំ​ចូល​ម្ហូបអាហារ​ខូចគុណភាព​ខុសច្បាប់​បង្ក​គ្រោះថ្នាក់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​។​ ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​ប្តឹង​រាយការណ៍​មក​ថា​រថយន្ត​ខាងលើ​នោះ​បាន​លួច​ដឹក​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​។​

លោកស្នងការ​រង​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ការ​ត្រួតពិនិត្យ​ជាក់ស្តែង​ ការ​នាំ​ចូល​គ្រឿងក្នុង​ជ្រូក​ទាំងនោះ​គ្មាន​លិខិតអនុញ្ញាត​នាំ​ចូល​ និង​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​នោះ​ឡើយ​ ។​ គ្រឿងក្នុង​ជ្រូក​សរុប​១២​កេស​ស្មើនឹង​៥៧២​គីឡូក្រាម​ ក្នុង​នោះ​មាន​ពោះជ្រូក​២០០​គីឡូក្រាម​,​ ត្រចៀកជ្រូក​១៨០​គីឡូក្រាម​ បេះដូង​ជ្រូក​១៥០​គីឡូក្រាម​ ឆ្អឹងជំនី​ជ្រូក​២២​គីឡូក្រាម​ និង​ពោះវៀនធំ​២០​គីឡូក្រាម​ ។​

លោក​ឧត្តមសេនីយ៍ត្រី​ ចាប​ សុ​ផា​ប្ញ​ទ្ធិ​ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ បើ​តាម​ចម្លើយ​សារភាព​ពី​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ គូ​ លាង​ចិន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​២​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ប្រាប់​សមត្ថកិច្ច​ថា​ រូបគេ​ប្រកប​មុខរបរ​អ្នក​រត់​តាក់ស៊ី​ ទើបតែ​ស៊ីឈ្នួល​ដឹក​គ្រឿ​ក្នុង​ជ្រូក​លើក​ទី​១​ ឱ្យ​ថៅកែ​នៅ​ភ្នំពេញ​ ស៊ីឈ្នួល​ដឹក​១​កេស​២៥.០០០​រៀល​ ដោយ​មិនដឹង​ថា​ជា​គ្រឿងក្នុង​ជ្រូក​មានច្បាប់​ ឬ​អត់​ច្បាប់​នោះ​ទេ​ ។​

លោកស្នងការ​រង​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ គ្រឿងក្នុង​ជ្រូក​ជាង​កន្លះ​តោន​នេះ​ រង់ចាំ​ឱ្យ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ ក្រែង​មានការ​លាយ​ផ្សំ​នូវ​សារ​ធាតុគីមី​ និង​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​យក​ទៅ​ដុត​កំទេច​ចោល​ ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here